(ភ្នំពេញ)៖ វេទិកាអន្តរជាតិ ស្ដីពី សុខុមាលភាពទីក្រុង ដែលប្រារព្ធធ្វើជាលើក៣ នៅប្រទេសកម្ពុជា នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧នេះ មានការអញ្ជើញចូលរួមពី បណ្ដាប្រទេសចំនួន៥ ដើម្បីអភិវឌ្ឍសង្គម-សេដ្ឋកិច្ច តាមរយៈការផ្តល់សេវាសុខាភិបាល ប្រកបដោយប្រសិទ្ធភាព គុណភាព សមធម៌ និងមានចីរភាព ជូនដល់ប្រជាពលរដ្ឋទូទៅ ពិសេសប្រជាពលរដ្ឋ ក្នុងសហគមន៍ក្រីក្រ នៅទូទាំងរាជធានី ភ្នំពេញ។
លោកស្រី កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ បានថ្លែងថា រាជធានីភ្នំពេញ បានអនុវត្តសុខុមាលភាពទីក្រុង ចាប់ពីឆ្នាំ១៩៩៧ ដោយអនុវត្តសុខុមាលភាព ទីកន្លែងដោយជ្រើសរើស មន្ទីរពេទ្យបង្អែករាជធានី ធ្វើជាសុខុមាលភាពមន្ទីរពេទ្យ វិទ្យាល័យបាក់ទូក ធ្វើជាសុខុមាលភាព សាលារៀន និងផ្សារអូរឬស្សីធ្វើជាសុខុមាលភាពផ្សារ ។សម្រាប់ថ្ងៃនេះវិញ យើងក៏មានការចូលរួមពី អ្នកតំណាងប្រទេសចំនួន៥ រួមមាន ទីក្រុង ហ្គាំងឌុង (Gangdong of Seoul) ម៉ារីគីណា (Marikina of Philippines) អូវ៉ារ៉ីអាសាហ៊ី (Owariasahi of Tokyo) អ៊ីឡាវ៉ារ៉ា (illawara of Australia) ម៉ារីគីណា(Marikina of Cambodia) ជីបា(Chiba of Kanagawa of Japan) គូជឈីង (Kuching of Sarawak ,Malaysia ) សាទីន ( Shatin of Hong Kong ) និង លោកស្រី ប្រធានលេខាធិការដ្ឋាននៃសម្ព័ន្ធសុខមាលភាពទីក្រុង ( The Alliance for Healthy Cities ) ដែលនឹងជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច តាមរយៈការផ្តល់សេវាសុខាភិបាលប្រកបដោយប្រសិទ្ធភាព គុណភាព សមធម៍ និងមានចីរភាពជូនដល់ប្រជាពលរដ្ឋទូទៅ ជាពិសេសប្រជាពលរដ្ឋក្នុងសហគមន៍ក្រីក្រនៅទូទាំងរាជធានី ភ្នំពេញ»។
លោកស្រី បន្ថែមថា ក្រោយពីផ្សព្វផ្សាយផែនការយុទ្ធសាស្រ្ត ២០១០-២០១៤ សងេ្កតឃើញមានកំណើនចំនួនកន្លែងលាងដៃ នៅតាមសាលារៀន និងកំណើនចំនួនបង្គន់ នៅតាមផ្សារ គួរឲ្យកត់សំគាល់ ហើយបច្ចុប្បន្នរដ្ឋបាលរាជធានី ភ្នំពេញសាងសង់បង្គន់សាធារណៈជាច្រើនកន្លែង នៅតាមសាលារៀន សួនច្បារ និងទីកន្លែងដើរកំសាន្ដផងដែរ ពិសេសរដ្ឋបាលរាជធានីភ្នំពេញ បាននឹងកំពុងរៀបចំបង្កើនផ្ទៃបៃតង ដោយសាងសង់ថ្មី និងជួសជុលសួនច្បារ ជាច្រើនកន្លែងសំរាប់ទុកអោយប្រជាជនធ្វើការហាត់ប្រាណ និងលំហែកាយ។
លោកស្រីបញ្ជាក់ទៀតថា សាលារាជធានីភ្នំពេញ បានដាំដើមឈើតាមដងផ្លូវសំខាន់ៗជាច្រើន ដើម្បីជួយកាត់បន្ថយឧស្ម័នពុលបញ្ចេញដោយយានយន្ត និងបង្កើនបរិយាកាសបរិសុទ្ធ ក៍ដូចជាសោភ័ណភាព រាជធានីភ្នំពេញ។ រដ្ឋបាលរាជធានីភ្នំពេញ បានសាងសង់ប្រឡាយមេជាច្រើនខ្សែ សម្រាប់បង្ហូរទឹកភ្លៀង និងសំណល់រាវ ដើម្បីរំដោះចេញពីទីក្រុង ព្រមទាំងស្ថានីយ៍បូមទឹកមួយយ៉ាងធំ នៅទំនប់កប់ស្រូវ ដែលដាក់ឲ្យដំណើរការកាលពីចុង ឆ្នាំ២០១០ កន្លងទៅ ដែលគិតមកដល់បច្ចុប្បន្នរដ្ឋបាលរាជធានីភ្នំពេញ បានជួសជុល និងសង់បន្ថែមស្ថានីយ៍បូបទឹកស្អុយ ចំនួន១៣ទីកន្លែង ដើម្បីបូមទឹកបញ្ចេញទៅក្រៅក្រុងបញ្ចៀសការលិចលង់។
ទន្ទឹមនឹងនោះ ប្រធានមនី្ទរសុខាភិបាលរាជធានីភ្នំពេញ លោកវេជ្ជបណ្ឌិត ងី មានហេង បានលើកឡើងផងដែរថា «សុខុមាលភាពទីក្រុងនេះ គឺមនី្ទរសុខាភិបាលរាជធានីភ្នំពេញ បានផ្សព្វផ្សាយថ្នាក់ជាច្រើនលើករួចមកហើយ ហើយពេលនេះយើងនឹងកំពុងយកចិត្តទុកដាក់ខ្ពស់ទៅលើ សុវត្ថិភាពភូមិ-ឃុំ ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច តាមរយៈការផ្តល់សេវាសុខាភិបាលប្រកបដោយប្រសិទ្ធភាព គុណភាព សមធម៍ និងមានចីរភាពជូនដល់ប្រជាពលរដ្ឋទូទៅ ជាពិសេសប្រជាពលរដ្ឋក្នុងសហគមន៍ក្រីក្រនៅទូទាំងរាជធានី ភ្នំពេញ។លើសពីនេះ យើងកំពុងចាត់វិធានការណ៍ក្ដៅ ទៅលើកាកសំណល់ ឬសំរាម ដែលគ្មានសណ្ដាប់ធ្នាប់ ថាតើមកពីមូលហេតុអ្វីនោះ និងវិធានការណ៍ផ្សេងៗទៀតដែលបាននឹងកំពុងធ្វើជាមួយរដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការរៀបចំសណ្ដាប់ធ្នាប់តាមចិញ្ចើមមហាវិថីធំៗ កាត់បន្ថយបញ្ហាកកស្ទះចរាចរណ៍ក្នុងរាជធានី និងបង្ការគ្រោះថ្នាក់ចរាចរផ្សេងៗ បូករួមទាំងការកែសម្រួល ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ទាំងជួសជុលផ្លូវ ដែលមានសភាពខូច ភ្លើងបំភ្លឺតាមផ្លូវសាធារណៈ ការស្ដារប្រព័ន្ធ លូបង្ហូរទឹក ប្រឡាយទឹកក្នុងរាជធានីភ្នំពេញ និងកិច្ចការជាច្រើនផ្សេងទៀត ៕