(ភ្នំពេញ)៖ លោក ឡុង ជាប ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ម្សិលមិញ សម្រេចចោទប្រកាន់បុរសម្នាក់ដែលបាញ់រថយន្តក្រុង «បូព៌ាអាស៊ីដឹកអ្នកដំណើរ» ព្រោះទំនាស់រឿងគ្រោះថ្នាក់ចរាចរបន្តិចបន្តួច។
មន្ត្រីតុលាការថ្លែងឲ្យដឹងថា បុរសរូបនេះត្រូវបានចោទប្រកាន់ពីបទ «កាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត និងបទធ្វើឲ្យខូចខាតដោយចេតនា» តាមមាត្រា៤១០ និងមាត្រា៤៩០នៃក្រមព្រហ្មទណ្ឌ។
មន្ត្រីតុលាការបន្តថា នៅព្រឹកថ្ងៃទី១៩ ខែសីហានេះ បច្ចុប្បន្នជនត្រូវចោទនិងសំណុំរឿង កំពុងស្ថិតក្រោមការសាកសួររបស់លោក សេង រិទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កំពុងបន្តនីតិវិធី ។ នៅដំណាក់កាលនេះ ចៅក្រមស៊ើបសួរនឹងសម្រេចឃុំខ្លួនឬមិនឃុំខ្លួន ជនត្រូវចោទ។
គួរបញ្ជាក់ថា មានករណីផ្ទុះអាវុធប្រមាណជិត១០គ្រាប់ នៅវេលាម៉ោងប្រមាណជិត៩យប់ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ តាមបណ្ដាយផ្លូវ៥៩៨ មុខដីឧកញ៉ា លី ហួរ ស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ បណ្ដាលមកពីគ្រោះថ្នាក់ចរាចររវាងរថយន្ដក្រុង និងរថយន្ដព្រូស។ បន្ទាប់ពីកើតហេតុជនបង្កត្រូវបានកម្លាំង សមត្ថកិច្ចចាប់បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
បើតាមជនដែលបានបាញ់ប្រហារ ទៅលើរថយន្ដក្រុងនោះ ប្រាប់ក្រុមអ្នកសារព័ត៌មានថា នៅពេលកើតហេតុរថយន្ដក្រុងរបស់ក្រុមហ៊ុន បូព៌ាអាស៊ីដឹកអ្នកដំណើរ បានបុករថយន្ដរបស់ខ្លួនហើយ មិនឈប់នោះទេ ទើបខ្លួនដេញតាមពីក្រោយហើយដកកាំភ្លើងបាញ់តែម្ដង ហើយបើគាត់ឈប់ដោះស្រាយមិនអីទេ តែគាត់ឈ្លើយ ពេកបុកហើយបើករត់ បើកយ៉ាងលឿនទៀតផង ចុះបើទៅបុកគេផ្សេងច្បាស់ជាគ្រោះថ្នាក់យ៉ាងខ្លាំងហើយ។
មួយវិញទៀត បើតាមប្រភពព័ត៌មាន នៅមុនពេលកើតហេតុ មានរថយន្ដក្រុងមួយ បានបើកទៅគៀររថយន្ដព្រូស ក្រោយមករថយន្ដក្រុងនោះមិនបានឈប់ ដោះស្រាយទេ គឺបន្ដដំណើរទៅមុខទៀត ទើបធ្វើឲ្យម្ចាស់រថយន្ដព្រូស ទាញកាំភ្លើងបាញ់ប្រហារពីក្រោយតែម្ដង ប៉ុន្ដែក្នុងករណីនេះ មិនមានអ្នកណាម្នាក់រងរបួស នោះទេ។ នៅកន្លែងកើតហេតុសមត្ថកិច្ច បានដកហូតអាវុធខ្លីទំនើប របស់ជនដែលបាញ់ផងដែរ ទុកបណ្ដោះអាសន្នសិនផងដែរ៕