(ភ្នំពេញ)៖ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ថា(GMAC) និងក្រសួងការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ បាននិងកំពុងពិភាក្សាគ្នាយ៉ាងល្អិតល្អន់ អំពីសុវត្ថិភាពរបស់ កម្មការនិងកម្មការនី លើការធ្វើដំណើរលើផ្លូវគោក ដោយមានគម្រោងថានឹងផ្លាស់ប្តូររថយន្តធម្មតា(ប្រភេទឡានទ្រុង) ទៅជាប្រភេទរថយន្តក្រុងវិញ ហើយការធ្វើបែបនេះ ក្នុងន័យដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរជូនដល់ពួកគាត់ លើសពីនេះ GMAC ក៏បានរៀបចំផែនការផ្សេងទៀតផងដែរ ដើម្បីជួយសម្រួលបញ្ហានិងបន្ទុក ដល់កម្មករនិងកម្មការនីទាំងអស់។
លោក កាំង ម៉ូនីកា អគ្គលេខាធិការរង នៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានថ្លែងបញ្ជាក់ថា សព្វថ្ងៃនេះ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កំពុងពិភាក្សាគ្នាលើបញ្ហាដឹកជញ្ជូន ហើយនេះជាបញ្ហាអាទិភាពដែល GMAC ត្រូវតែគិតមុនគេ គឺការផ្លាស់ប្តូររថយន្តបែបធម្មតាទៅរថយន្តក្រុង ដោយសារតែការធ្វើដំណើរតាមបែបរថយន្តដូចសព្វថ្ងៃ មើលទៅដូចជាគ្មានផាកសុខភាពសម្រាប់ អ្នកធ្វើការទាំងអស់នោះឡើយ ហើយមួយវិញទៀតក៏មានករណីផ្សេងៗ កើតឡើងជាបន្តបន្ទាប់ ក៏ព្រោះតែសេវាដឹកជញ្ជូននេះ។ ក្រៅពីបញ្ហាចម្បងមួយនេះ GMAC ក៏សម្លឹងមើលបញ្ហាផ្សេងទៀតផងដែរ គឺផ្នែកចំណីអាហាររបស់កម្មករ និងកម្មការនីទាំងអស់ដែលមកធ្វើការនៅតាមបណ្តាររោងចក្រនានា នៅកម្ពុជា។ លោកថ្លែងបែបនេះ នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ ក្នុងកិច្ចប្រជុំជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា ស្តីពី «ការស្វែងយល់អំពីរចនាសម្ព័ន្ធប្រាក់ឈ្នួល ក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង»។
លោកបានគូសបញ្ជាក់ថា «ឥឡូវនឹងពួកយើងកំពុងតែគិតនឹងគឺរឿងដឹកជញ្ជូន ពីព្រោះឃើញបងប្អូនយើងនឹងជិះតាមឡាន Truck នឹង មើលទៅវាពិតជាមិនល្អមើលមែន ហើយនូវពេលដែលយើងបានដោះស្រាយបញ្ហានេះហើយមួយ គឺយើងនឹងឈានទៅដោះស្រាយបញ្ហាអីមួយផ្សេងទៀតហើយ ដូចជាបញ្ហាចំណីអាហារទាំងអស់នេះ ជាចំណុចបន្តបន្ទាប់ដែលយើងត្រូវគិត ហើយយើងកំពុងពិភ្សាគ្នាជាមួយនឹងក្រសួងការងារ ជាពិសេសគឺបេឡាសន្តិសុខសង្គម(ប.ស.ស)»។
ក្រៅពីនោះ លោក កាំង ម៉ូនីកា ក៏បានបដិសេធថា កត្តាសុខភាពរបស់កម្មករ និងកម្មការនីដែលធ្វើការនៅតាមបណ្តាលរោងចក្រនានានៅកម្ពុជា ដែលបានសហការជាមួយនឹង GMAC មិនមែនមានបញ្ហាសុខភាពដោយសារតែប្រាក់ឈ្មួលអប្បរមានានោះទេ ក៏ប៉ុន្តែលោកបានសន្និដ្ឋានថា វាអាចមកពីកត្តាអប់រំ កត្តាចំណេះដឹងរបស់ខ្លួនពួកគាត់ផ្ទាល់ នោះគឺរបៀបរបបនៃការបរិភោគចំណីអាហារ ទម្លាប់នៃការរស់នៅ ក៏ដូចជាការគេងបានគ្រប់គ្រាន់ឬទេ? ហើយទាំងអស់នេះ គឺពួកគាត់គួរតែមានការយល់ពីបញ្ហានេះ។ ការលើកឡើងបែបនេះ ក៏ដោយសារតែនៅរោងចក្រមួយចំនួននៅកម្ពុជា មានកម្មករ និងកម្មការនីមួយចំនួនត្រូវបានដួលសន្លប់ផងដែរ។
សូមបញ្ជាក់ថា ប្រាក់ឈ្នួលគោលក្នុងឆ្នាំ២០១៧នេះ មានចំនួន១៥៣ដុល្លារ ហើយសម្រាប់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ថា(GMAC) មានសមាជិកទាំងអស់ប្រមាណ៥១២រោងចក្រ ជាប្រភេទរោងចក្រកាត់ដេរ និង ៥៩រោងចក្រផ្សេងទៀតជាប្រភេទរោងចក្រស្បែកជើង និងបានស្រូបទាញយកកម្លាំងពលកម្មប្រមាណជាជាង៧០នាក់៕