(ភ្នំពេញ)៖ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧នេះ គឺជាថ្ងៃទី១៨ នៃយុទ្ធនាការរយៈពេល៣០ថ្ងៃ ដើម្បីរៃអង្គាសថវិកាចូលរួមសាងសង់ចេតិយជូន លោកបណ្ឌិត កែម ឡី ដែលបង្កើតឡើងដោយ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា នៅផ្សារព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ មានអ្នកចូលរួមបរិច្ចាគ ជិត២០០នាក់។
លោក ពេជ្រ ស្រស់ អះអាងប្រាប់អង្គភាព Fresh News យ៉ាងដូច្នេះថា «សូមអ្នកកែម ឡី និយម គួរចេញធ្វើសកម្មភាពជួយសាងសង់ចេតិយជូន លោកបណ្ឌិតផង កុំបានតែមាត់ហើយផ្អើលតាមគ្នានោះ គឺផ្អើលតាមបក្សប្រឆាំង»។
ប្រធានគណបក្សយុវជនកម្ពុជាដដែលរូបនោះ បានបញ្ជាក់យ៉ាងដូច្នេះថា «បើអស់លោក លោកស្រី តាំងខ្លួនជាអ្នកគោរពស្រលាញ់លោកបណ្ឌិត កែម ឡី ពិតប្រាកដ មែននោះអស់លោកគួរតែចេញធ្វើសកម្មភាពជ្រោមជ្រែង ក្នុងការសាងសង់ចេតិយជូនលោកបណ្ឌិតឲ្យឆាប់រួចរាល់ ឬក៏អស់លោកគ្រាន់តែជាតួអង្គ សម្រាប់តែផ្អើល តាមក្រុមបក្សសង្រ្គោះជាតិមែនទេ? បើគ្រាន់តែជាអ្នកផ្អើលតាមបក្សសង្រ្គោះជាតិមែននោះ គឺថាវាមិនគប្បីចំពោះវិញ្ញាណក្ខន្ធលោកបណ្ឌិត កែម ឡី នោះឡើយ ពីព្រោះកាលពីលោកបណ្ឌិត កែម ឡី នៅរស់ គឺលោកជាបុគ្គលប្រាកដ និយមមិនមែនជាប្រភេទមនុស្សផ្អើលៗតាមគ្នានោះទេ»។
សូមជំរាបថា យុទ្ធនាការរៃអង្គាសថវិកានេះ គឺចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ ដោយចាប់ផ្តើមចេញពីខេត្តត្បូងឃ្មុំ និងបន្តតាមបណ្តាខេត្តនានា ដើម្បីឆ្ពោះមកកាន់រាជធានីភ្នំពេញ៕