(ភ្នំពេញ)៖ បន្ទាប់ពីបញ្ហាទំនាស់ព្រំដែនកម្ពុជា-ឡាវ នៅខេត្តស្ទឹងត្រែង ត្រូវបានដោះស្រាយរួចរាល់ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ទៅចរចា ជាមួយនាយករដ្ឋមន្រ្តីឡាវ ដោយកងទ័ពរបស់ឡាវបានដកចេញពីទឹកដីរបស់កម្ពុជារួចហើយនាពេលថ្មីៗនេះ, នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ ព្រះតេជគុណ ធឹង ច័ន្ទត្រា បានជួបពិភាក្សាជាមួយលោក ផៃ ស៊ីផាន រដ្ឋលេខាធិការគណៈរដ្ឋមន្រ្តី និងលោកបណ្ឌិតសភាចារ្យ រស់ ចន្រ្តាបុត្រ ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ស្តីពីគំរោងសាងសង់វត្តមួយនៅតំបន់អូរអាឡៃ ព្រំដែនឡាវ ជាតំបន់មានជម្លោះជាមួយភាគីឡាវ ស្ថិតក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ដែលបានប្រសិទ្ឋនាមថា «វត្តពុទ្ធិតេជោរាម»។ ការកសាងវត្តនេះដើម្បីជាភាពរឹងមាំ និងជាការការពារបន្ថែមទៀតនៅតំបន់ព្រំដែនខ្មែរយើង។
ព្រះតេជគុណ ធឹង ច័ន្ទត្រា មានសង្ឃដីកាប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងនៅល្ងាចថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧នេះថា ការកសាងវត្តខ្មែរនេះ ក្នុងគោលបំណងដើម្បីជាភាពរឹងមាំ និងជាការការពារទឹកដីនៅតំបន់ព្រំដែនកម្ពុជា-ឡាវ ឲ្យកាន់តែខ្លាំង ព្រោះបច្ចុប្បន្នភាគីឡាវ គេមានវត្តមួយនៅក្នុងទឹកដីរបស់គេ ជាប់ព្រំដែនតែម្តង។ ដូច្នេះយើងត្រូវកសាងវត្តមួយដែរ ស្ថិតនៅទល់មុខដោយបែរមុខទៅព្រំដែនតែម្តង។
ព្រះតេជគុណ ធឹង ច័ន្ទត្រា មានសង្ឃដីកាបន្ថែមថា ព្រះតេជគុណមានឆន្ទះក្នុងកសាងឲ្យបានវត្តមួយ, ដោយមានបំណងកសាងវត្តនៅលើដីទំហំប្រមាណ១០ហិចតា នៅតំបន់ព្រំដែន ព្រមទាំងចង់ប្រែក្លាយទៅជាមណ្ឌលកំសាន្តបែបព្រះពុទ្ធសាសនា ងាយស្រួលបងប្អូនប្រជាពលរដ្ឋមកកំសាន្តនៅតំបន់ព្រំដែន, ក្រៅពីនោះមានទាំងសាលារៀនសម្រាប់កូនសិស្សរៀនសូត្រទៀតផង។
ព្រះតេជគុណ សូមអំពាវនាវដល់បងប្អូនកូនខ្មែរទាំងអស់ ទាំងក្នុងនិងក្រៅប្រទេស ជួយចូលរួមតាមសទ្ធាដើម្បីជួយកសាងវត្ត «ពុទ្ធិតេជោរាម» នៅតំបន់ ព្រំដែនខ្មែរ-ឡាវ។ ទូរស័ព្ទរបស់ព្រះតេជគុណលេខ៖ 015 66 88 17 ៕