(ភ្នំពេញ)៖ នៅក្នុងជំនួបជាមួយលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧នេះ ប្រតិភូធរុជនជប៉ុន នៃខេត្តអូសាកា ដឹកនាំដោយលោក កាហ្សូយូគិ នូអ៊ិ (Kazuyuki Nui) អនុប្រធានទី១១២ នៃសភាដើមខេត្តអូសាកា និងជាសមាជិកគណៈកម្មការអចិន្ត្រៃយ៍ ទទួលបន្ទុកបរិស្ថាន, កសិកម្ម, រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញពីចេតនានាំយកបច្ចេកវិទ្យាទំនើប និងការបណ្តាក់ទុនមកកាន់កម្ពុជា ដើម្បីជួយអភិវឌ្ឍន៍វិស័យកសិកម្ម សំដៅនាំចេញទៅកាន់ទីផ្សារក្នុងតំបន់ និងពិភពលោក។
លោក កាហ្សូយូគិ នូអ៊ិ បានជម្រាប លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្ដិថា កម្ពុជាមានភាពអំណោយផលលើវិស័យកសិកម្ម ប៉ុន្តែត្រូវការធ្វើទំនើបកម្មផ្នែកបច្ចេកវិទ្យា ដើម្បីអភិវឌ្ឍន៍ចង្វាក់តម្លៃលើផលិតផលដែលមានស្រាប់ សំដៅធ្វើពិពិធកម្មនាំចេញនៃវិស័យនេះ។ លោក កាហ្សូយូគិ នូអ៊ិ បានបន្តទៀតថា អូសាកា គឺជាខេត្តមួយរបស់ជប៉ុន ដែលមានភាពលេចធ្លោខាងផ្នែកបច្ចេកវិទ្យា និងដំណាំកសិ-ឧស្សហកម្ម ហើយវិនិយោគិននៅក្នុងខេត្តនេះ កំពុងចាប់អារម្មណ៍ខ្លាំង ចំពោះវិស័យកសិកម្មនៅកម្ពុជា។
ជាការឆ្លើយតប លោក ប៉ាន សូរស័ក្តិ បានសម្តែងការស្វាគមន៍ចំពោះគម្រោងវិនិយោគ របស់ប្រតិភូជប៉ុន ខេត្តអូសាកា ហើយបានស្នើឲ្យមានការវិនិយោគលើការអភិវឌ្ឍន៍ចង្វាក់តម្លៃ សម្រាប់ដំណាំដែលមានសក្តានុពលនាំចេញដូចជា ស្រូវ, ពោត, ដំឡូងមី, និងផលិតផលផ្សេងៗ ដូចបានកំណត់នៅក្នុងយុទ្ធសាស្ត្រសមាហរណកម្មកម្ពុជា (CTIS)។
លោករដ្ឋមន្ត្រី បានជម្រាបប្រតិភូជប៉ុន អំពីគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជា និងគោលនយោបាយលើកទឹកចិត្តផ្សេងៗ របស់រាជរដ្ឋាភិបាល ចំពោះវិនិយោគិនបរទេស ព្រមទាំងអត្ថប្រយោជន៍ នៃសហគមន៍សេដ្ឋកិច្ចអាស៊ាន ដែលជាទីផ្សារដ៏ធំលំដាប់ទី៣ លើពិភពលោក។
ដើម្បីសម្រួលដល់ការបណ្តាក់ទុន និងផ្តល់ឱកាសជូនវិស័យឯកជន នៃប្រទេសទាំងពីរ ធ្វើការស្វែងយល់ពីសក្តានុពលផ្សេងៗ លើវិស័យកសិកម្ម លោករដ្ឋមន្ត្រី បានស្នើឲ្យមានការចុះអនុស្សរណៈយោគយល់ រវាងសភាពាណិជ្ជកម្មខេត្តអូសាកា និងសភាពាណិជ្ជកម្មកម្ពុជា ព្រមទាំងបានលើកទឹកចិត្ត ប្រតិភូជប៉ុន នៃខេត្តអូសាកា បង្កើតជាសមាគមធុរកិច្ច នៅក្នុងប្រទេសកម្ពុជាថែមទៀត។
ជាចុងបញ្ចប់ លោក ប៉ាន សូរស័ក្តិ ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលជប៉ុន ដែលបានជួយកសាងហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងប្រទេសកម្ពុជា និងមហាអនុតំបន់ទន្លេមេគង្គ ដែលបានដើរតួនាទីសំខាន់ សម្រាប់ការអភិវឌ្ឍកំណើនសេដ្ឋកិច្ចរបស់ប្រទេសក្នុងតំបន់។ លើសពីនេះ រដ្ឋមន្ត្រី ក៏បានបញ្ជាក់ពីការគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះខេត្តអូសាកា ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ ពិព័រពិភពលោក ឆ្នាំ២០២៥ផងដែរ៕