(ក្រចេះ)៖ អ្នកឯកទេសធ្មេញ លោក ហ៊ុយ ប៉ូលីន ទន្ដណ្ឌិតប្រចាំមន្ទីរព្យាបាលធ្មេញឯកទេស បានបង្ហាញពីបញ្ហា និងការប្រឈមនានា ដែលបង្កឡើងពីសុខភាពមាត់ធ្មេញមិនល្អ ដែលបណ្ដាលឲ្យមនុស្សជាច្រើនជួបប្រទះនូវជំងឺជាច្រើនមុខ ដែលគ្រប់គ្នាមិនបានចាប់អារម្មណ៍ថា ជំងឺទាំងនោះបណ្ដាលមកពីសុខភាពមាត់ធ្មេញនោះឡើយ។
ការបង្ហាញពីបញ្ហាប្រឈមសុខភាពមាត់ធ្មេញនេះ ត្រូវបានធ្វើឡើងនាឱកាស ដែលលោកទន្ដបណ្ឌិត អញ្ជើញចូលរួមក្នុងពិធីសម្ពោធឲ្យ ប្រើប្រាស់នៅប្រព័ន្ធបច្ចេកវិទ្យាទំនើបម៉ាក Brain Scan Kratie ដែលទើបនាំចូលមកកាន់កម្ពុជា និងបើកដំណើរការជាផ្លូវការ នៅក្នុងខេត្តក្រចេះ រួមទាំងអបអរសារទរខួប៦ឆ្នាំ នៃការបង្កើតមន្ទីរព្យាបាលឯកទេសនេះផងដែរ។
លោកទន្ដបណ្ឌិតបានថ្លែងឲ្យដឹងថា បញ្ហាសុខភាពមាត់ធ្មេញ គឺជារឿងសំខាន់មួយចំណែក ដែលយើងទាំងអស់គ្នាមិនគួរមើលរំលង នៅពេលដែលយើងមានជំងឺពុកធ្មេញច្រើន អាចបណ្ដាលឲ្យកើតជំងឺបេះដូង ហើយរោគពុកធ្មេញ ឬឈឺអញ្ចាញក៏បណ្ដាលឲ្យមានជំងឺក្រពះផងដែរ។
លោកបានថ្លែងបន្ដទៀតថា សុខភាពមាត់ធ្មេញនេះ ប៉ះពាល់ដល់រោគផ្លូវដង្ហើម ការពុកធ្មេញបណ្ដាលឲ្យកើតជំងឺរលាកសួត កាលណាយើងរលាកអញ្ចាញធ្មេញច្រើនយូរឆ្នាំយូរខែ វាធ្វើឲ្យរលាកសួត ប៉ះពាល់ផ្លូវដង្ហើម។ រីឯជំងឺមួយទៀត ដែលបណ្ដាលមកពីរោគពុកធ្មេញនោះគឺ ជំងឺឈឺសន្លាក់ កាលណាជំងឺសន្លាក់នេះមានហើយ បូករួមនឹងជំងឺមាត់ធ្មេញកាន់តែច្រើន នោះកាន់តែបណ្ដាលឲ្យជំងឺសន្លាក់នេះ កាន់តែធ្ងន់ធ្ងរថែមទៀត និងកាន់តែពិបាកព្យាបាល។
លោកបញ្ជាក់ទៀតថា ជំងឺប្រឈមមួយទៀតនោះ គឺជំងឺទឹកនោមផ្អែម អ្នកដែលមានជំងឺនេះ ត្រូវប្រុងប្រយ័ត្នបំផុត ចំពោះបញ្ហាសុខភាពមាត់ធ្មេញ ព្រោះវាអាចធ្វើឲ្យមានការហូរឈាមតាមអញ្ចាញ កាលណាយើងមានជំងឺទឹកនោមផ្អែម បូករួមនិងជំងឺមាត់ធ្មេញទៀតនោះ គឺកាន់តែបណ្ដាលឲ្យយើងពិបាកគ្រប់គ្រងជាតិស្ករ និងធ្វើឲ្យជំងឺទឹកនោមផ្អែម កាន់តែធ្ងន់ធ្ងរបន្ថែមទៀត។
រីឯជំងឺមួយទៀតនោះ គឺកើតឡើងជាមួយនឹងស្រ្ដី, ស្រ្ដីគួរតែប្រុងប្រយ័ត្នបំផុតនៅពេលដែលមានផ្ទៃពោះ នៅពេលដែលចាប់ផ្ដើមមានផ្ទៃពោះ ចំណីអាហារដែលញាំទៅត្រូវបែងចែកជាពីរដល់កូនខ្លះ និងដល់ខ្លួនឯងខ្លះ ដែលធ្វើឲ្យអាហារូបត្ថម្ភមិនគ្រប់គ្រាន់ និងធ្វើឲ្យធ្មេញខ្វះកាស្យូម នេះជាហេតុផលដែកបណ្ដាលឲ្យ កំឡុងពេលមានផ្ទៃពោះស្រ្ដីមានជំងឺពុកធ្មេញច្រើន។
លោកបញ្ជាក់ទៀតថា ក្នុងនោះផងដែរ មន្ទីរព្យាបាលធ្មេញឯកទេស ក៏បាននាំចូលនៅម៉ាស៊ីនបច្ចេកទេសទំនើប ដែលមានឈ្មោះថា Brain Scan Kratie ដែលជាប្រព័ន្ធបច្ចេកទេសមួយ ដែលអាជួយផ្ដល់ភាពងាយស្រួល ក្នុងការស្វែងរកទេពកោសល្យខួរក្បាលពីកំណើត, ជួយអ្នកឲ្យក្លាយជាជើងឯកលើទេពកោសល្យជោគជ័យ ពីកំណើតរបស់អ្នក, ស្គាល់ខ្លួនឯង និងបង្កើតគោលដៅជីវិតបានច្បាស់លាស់, ចំណេញពេលវេលាសម្រាប់ជីវិត, ជួយអ្នកឲ្យយល់ពីភាពខុសប្លែកគ្នារបស់មនុស្ស និងទំនាក់ទំនងស៊ីចង្វាក់គ្នា នៅក្នុងគ្រួសារ ស្ថាប័ន និងសង្គមជាតិប្រកបដោយសេចក្តីសុខ ព្រមទាំងមានវិធីសាស្រ្ដចិញ្ចឹមបីបាច់បុត្រធីតា របស់លោកអ្នក ឲ្យត្រូវនឹងអត្តចរឹករបស់ពួកគេ ក្នុងការជំរុញសក្ដានុពលភាព ពីកំណើតរបស់កូនៗឲ្យកាន់តែប្រសើរឡើង។
សូមបញ្ជាក់ថា សកម្មភាពពិនិត្យ និងព្យាបាលធ្មេញជូនអតិថជន នៃមន្ទីព្យាបាលធ្មេញឯកទេស សាខាខេត្តក្រចេះនេះ មន្ទីរព្យាបាលបានផ្ដល់ជូននូវសេវាកម្មថែទាំមាត់ធ្មេញ តាមតម្រូវការរបស់អតិថិជន និងបំពាក់ដោយឧបករណ៍ទំនើបៗ ទាន់សម័យនាំចូលពីបរទេស ដោយបំពាក់ដោយបន្ទប់ព្យាបាលប្រកបដោយអនាម័យ និងផាសុខភាពជាមួយទន្ដបណ្ឌិត ដែលមានបទពិសោធន៍ច្រើនឆ្នាំ។
ក្នុងឱកាសគម្រប់ខួប៦ឆ្នាំ នៃការបង្កើតមន្ទីរព្យាបាលធ្មេញឯកទេស មន្ទីរព្យាបាលធ្មេញបានបញ្ចុះតម្លៃ៥០ភាគរយ ដល់អតិថិជនស្ថិតនៅក្នុងខេត្តក្រចេះ ទៅលើសេវាសំអាតមាត់ធ្មេញ និងតំហែលទាំមាត់ធ្មេញចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧៕