(ភ្នំពេញ)៖ រយៈពេលជិត៤០ឆ្នាំ ក្រោយការដួលរលំនៃរបខ្មែរក្រហម ប្រជាពលរដ្ឋខ្មែរបានទទួលសិទ្ធិសេរីភាពកាន់តែទូលំទូលាយជាលំដាប់។ ដោយផ្តើមចេញពីសិទ្ធិ រស់រានមានជីវិតដែលជាសិទ្ធិមូលដ្ឋានសំខាន់ជាងគេ កម្ពុជាក៏មានការរីកលូតលាស់យ៉ាងខ្លាំងនូវសេរីភាពសារព័ត៌មាន សេរីភាពក្នុងការដើរហើរ ការប្រកបមុខរបរ រហូតដល់សេរីភាពបញ្ចេញមតិតាមគ្រប់lមធ្យោបាយ។
សេរីភាពទាំងនេះមានលក្ខណៈទូលំទូលាយជាងបណ្តាប្រទេសក្នុងតំបន់ដែលស្គាល់សុខសន្តិភាពមុនកម្ពុជាទៅទៀត។ ទាំងនេះជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល របស់ប្រជាជនកម្ពុជាគ្រប់រូប និងភាគីពាក់ព័ន្ធនានា រាប់ទាំងអង្គការសង្គមស៊ីវិលផងដែរ។
ប៉ុន្តែវាជារឿងអកុសលណាស់សម្រាប់កម្ពុជានៅពេលដែលអង្គការសិទ្ធិមនុស្សមួយចំនួនហាក់កំពុងក្លាយជាឧបករណ៍លើកទឹកចិត្តឲ្យមនុស្សបំពានសិទ្ធិមនុស្ស ទៅវិញតាមរយៈការចេញមុខការពារយ៉ាងសកម្មចំពោះអ្នកប្រើសិទ្ធិបំពានលើអ្នកដទៃ។ ហេតុអ្វីបានជាដូច្នេះ?
ជាទូទៅ ក្រុមអង្គការសិទ្ធិមនុស្សតែងនាំគ្នានិយាយពីមាត្រា៣១ នៃរដ្ឋធម្មនុញ្ញដែលចែងថា ពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់ មានសិទ្ធិនិង ករណីយកិច្ចដូចគ្នាទាំងអស់ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ...ជាដើម។ ប៉ុន្តែអង្គការសិទ្ធិមនុស្សច្រើនតែមើលរំលងទាំងស្រុងនូវខ្លឹមសារបន្ត នៃមាត្រាដដែលដែលចែងថា «ការប្រើប្រាស់សិទ្ធិផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗមិនត្រូវឲ្យប៉ះពាល់សិទ្ធិអ្នកដទៃឡើយ ហើយការប្រើប្រាស់សិទ្ធិសេរីភាព នេះទៀតសោតត្រូវប្រព្រឹត្តតាមលក្ខ័ណ្ឌកំណត់ក្នុងច្បាប់...» ដែលជាផ្នែកមួយដ៏សំខាន់ក្នុងការធានាឲ្យការប្រើប្រាស់សិទ្ធិបានត្រឹមត្រូវមិនប៉ះពាល់ដល់សិទ្ធិអ្នកដទៃ។
ជាក់ស្តែង នៅពេលដែលបុគ្គលម្នាក់គំរាមសម្លាប់នាយករដ្ឋមន្ត្រី ឬបុគ្គលដែលជេរប្រមាថគេជាសាធារណៈតាមហ្វេសប៊ុក ឬអ្នកធ្វើបាតុកម្មហិង្សាខុសច្បាប់ ត្រូវគេឃាត់ខ្លួនទៅណែនាំ ឬក៏រងចំណាត់ការតាមផ្លូវច្បាប់ អង្គការសិទ្ធិមនុស្សតែងហៅព្រឹត្តិការណ៍នោះថា ជាការបំបិទសិទ្ធិសេរីភាពបញ្ចេញមតិទៅវិញ។ អង្គការសិទ្ធិមនុស្សគិតតែពីជំរុញមនុស្សឲ្យប្រើសិទ្ធិសេរីភាព ប៉ុន្តែពួកគេមិនដែលបង្រៀន ឬប្រាប់មនុស្សទូទៅអំពីដែនកំណត់ នៃសិទ្ធិសេរីភាពដូចមានចែង ក្នុងរដ្ឋធម្មនុញ្ញទេ។ ពួកគេមិនដែលថ្កោលទោសអ្នកប្រើសិទ្ធិខុសម្តងណាទេ។
បញ្ហានេះធ្វើឲ្យពលរដ្ឋខ្មែរជាច្រើនជាពិសេសយុវជនដែលកំពុងពុះកញ្ជ្រោល នឹងសិទ្ធិសេរីភាពយល់ឃើញថា សិទ្ធិសេរីភាពរបស់ពួកគេគ្មានដែនកំណត់ ចង់ប្រើយ៉ាងដូចម្តេចក៏បាន ដោយមិនបានគិតពីការប៉ះពាល់ដល់សិទ្ធិអ្នកដទៃ និងពីផ្លូវច្បាប់ឡើយ។ ជាលទ្ធផលការជេរប្រមាថគ្នា លាបពណ៌គ្នា ផ្សាយព័ត៌មានបរិហារកេរដោយគ្មានការទទួលខុសត្រូវ កំពុងក្លាយជាបញ្ហាធំធេងក្នុងសង្គមខ្មែរពីព្រោះតែពួកគេយល់ថា នោះជាសិទ្ធិសេរីភាពរបស់ពួកគេ។
មិនត្រឹមតែពលរដ្ឋសាមញ្ញប៉ុណ្ណោះទេ សូម្បីតែសមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា ដែលជាអ្នកធ្វើច្បាប់ក៏ហ៊ានបង្ហោះសារជាសំឡេងតាមហ្វេសប៊ុកដោយចោទ រដ្ឋាភិបាលបក្សកាន់អំណាចដោយបំពានថា បានចុះសន្ធិសញ្ញារំលាយព្រំដែនគោកជាមួយវៀតណាម ឬចោទថា រដ្ឋាភិបាលប្រើប្រាស់ផែនទីក្លែងក្លាយក្នុងបំណង បង្ខូចកេរ៍ឈ្មោះរដ្ឋាភិបាល។ ទោះជាពួកគេយករឿងធំប៉ុនមេឃមកលេងសើចដើម្បីកេងចំណេញនយោបាយ ក៏ក្រុមអង្គការសង្គមស៊ីវិល ជាពិសេសអង្គការ សិទ្ធិមនុស្ស មិនដែលហ៊ានស្តីបន្ទោសអ្នកទាំងនោះទេ ផ្ទុយទៅវិញអង្គការសិទ្ធិមនុស្សបែរជាខិតខំការពារពួកប្រើសេរីភាពខុសទាំងនោះថែមទៀត ដោយបានកាឡៃឲ្យទៅជារឿងនយោបាយ និងចាត់ទុកថានោះជាការប្រើប្រាស់សេរីភាពបញ្ចេញមតិតែប៉ុណ្ណោះ។ ករណី ទណ្ឌិត សម រង្ស៊ី, លោកស្រី ថាក់ ឡានី និងលោក កឹម សុខ ដែលចោទនាយករដ្ឋមន្ត្រីថា នៅពីក្រោយការសម្លាប់លោក កែម ឡី ដែលជាការចោទដ៏ធ្ងន់ធ្ងរ និងដោយគ្មានភស្តុតាងអ្វីទាំងអស់នោះ ក៏ក្រុមអង្គការសិទ្ធិមនុស្ស និងសង្គមស៊ីវិលខ្លះនៅតែចាត់ទុកថា ជាការប្រើប្រាស់សេរីភាពហើយខិតខំការពារអ្នកទាំងនោះដដែល។
តើអ្វីទៅជាសេរីភាពបញ្ចេញមតិ? តើសេរីភាពមានដែនកំណត់ត្រឹមណា? អង្គការសិទ្ធិមនុស្សទាំងឡាយមិនដែលបានប្រាប់ប្រជាពលរដ្ឋឲ្យបានដឹងទេ។ ក្រោមលេសការពារសិទ្ធិមនុស្ស ពួកគេដឹងតែពីជំរុញឲ្យមនុស្សប្រើសិទ្ធិ និងចេញមុខការពារអ្នកប្រើសិទ្ធិខុសថែមទៀត។ ជាលទ្ធផលប្រជាពលរដ្ឋខ្មែរមួយចំនួន ជាពិសេសអ្នកគាំទ្របក្សប្រឆាំងតែងតែប្រើប្រាស់សេរីភាពដោយបំពានហើយអាងអីរត់រកអង្គការសិទ្ធិមនុស្សឲ្យជួយស្រែកដោយមានសារព័ត៌មានបរទេសមួយចំនួនចាំជួយបំពងសំឡេង។តើទាំងនេះមិនមែនជាការជំរុញលើកទឹកចិត្តឲ្យមនុស្សបំពានសិទ្ធិអ្នកដទៃទេឬ? តើពួកគេធ្វើបែបនេះដើម្បីអ្វី?
ចម្លើយដ៏ឡូហ្ស៊ិកបំផុតគឺ៖
ទី១៖ ធ្វើឲ្យមានព្រឹត្តិការណ៍កើតឡើងដើម្បីបង្ហាញម្ចាស់ជំនួយថា កម្ពុជាមានបញ្ហារំលោភសិទ្ធិមនុស្សច្រើន ដែលទាមទារឲ្យមានវត្តមានអង្គការសិទ្ធិមនុស្ស នៅក្នុងប្រទេសនេះជាចាំបាច់។ ទីបំផុតម្ចាស់ជំនួយដែលជឿតែលើរបាយការណ៍ខ្វះតុល្យភាពទាំងនោះ ក៏ទម្លាក់លុយឲ្យអង្គការសិទ្ធិមនុស្សធ្វើសកម្មភាពបន្តទៀត។
ទី២៖ ដោយហេតុថា អ្នកបម្រើការឲ្យអង្គការសិទ្ធិមនុស្សទាំងនោះភាគច្រើនមានមហិច្ឆតានយោបាយបង្កប់ពីក្រោយខ្នង។ ពួកគេប្រើប្រាស់អង្គការសិទ្ធិមនុស្ស ដើម្បីបង្កើតប្រជាប្រិយភាពផ្ទាល់ខ្លួនមុននឹងហក់ចូលក្នុងឆាកនយោបាយ។ ករណីលោក កឹម សុខា ជាឧទាហរណ៍ជាក់ស្តែង។
ទី៣៖ អង្គការសង្គមស៊ីវិលមួយចំនួនត្រូវបានបរទេសម្ចាស់ជំនួយប្រើប្រាស់ដើម្បីផ្គុំកម្លាំង ជាមួយបក្សប្រឆាំងក្នុងការផ្តួលរំលំរដ្ឋាភិបាលបក្សកាន់អំណាច តាមរូបភាពបំផុសកំហឹងរបស់ពលរដ្ឋឲ្យខឹងសម្បារជាមួយរដ្ឋាភិបាល ជាមួយមេដឹកនាំប្រទេស។
ករណីបែបនេះធ្លាប់បានកើតឡើងក្នុងបណ្តាប្រទេសជាច្រើនរួចមកហើយ។ ហើយនេះក៏ជាប្រភពនៃបដិវត្តន៍ពណ៌ដែលធ្វើឲ្យប្រទេសជាច្រើនរងគ្រោះខ្ទេចខ្ទាំ ពលរដ្ឋស្លាប់គរជើង និងបង្កឲ្យមានជនភៀសខ្លួនកាន់តែច្រើន តែគ្មានអ្នកណាទទួលខុសត្រូវចំពោះសោកនាដកម្មទាំងនេះឡើយ។
ដើម្បីបញ្ចៀសសោកនាដកម្មបែបនេះកុំឲ្យកើតមានលើទឹកដីកម្ពុជា អង្គការសង្គមស៊ីវិល ជាពិសេសអង្គការសិទ្ធិមនុស្សត្រូវបង្កើនការទទួលខុសត្រូវ ហើយហ៊ាននិយាយការពិតទាំងសងខាងដោយការពារតែអ្នករងគ្រោះពិតប្រាកដបានហើយ។ កុំការពារអ្នកខុស ហើយចាំតែបន្ទោស ទម្លាក់កំហុសមកលើរដ្ឋាភិបាល ចំណែកបក្សប្រឆាំង និងពួកសង្គមស៊ីវិលគ្នាឯងធ្វើអ្វីក៏ត្រូវគ្រប់យ៉ាងនោះ។ ម្យ៉ាងទៀត ក្នុងនាមជាអង្គការសិទ្ធិមនុស្សត្រូវបង្រៀនមនុស្សឲ្យស្គាល់សិទ្ធិ និងចេះប្រើសិទ្ធិ ដើម្បីកុំឲ្យបំពានលើសិទ្ធិអ្នកដទៃ។ បើមានចំណាត់ការផ្លូវច្បាប់កើតឡើង សូមឈប់កាឡៃឲ្យទៅជារឿងនយោបាយទៀត ពីព្រោះវាពិតជាគ្រោះថ្នាក់ណាស់បើអង្គការសិទ្ធិមនុស្សក្លាយជាឧបករណ៍ការពារអ្នកប្រើសិទ្ធិខុសបំពានលើសិទ្ធិអ្នកដទៃ។ បើដូច្នេះ មានន័យថា អង្គការសិទ្ធិមនុស្សកំពុងតែលើកទឹកចិត្តមនុស្សឲ្យបំពានសិទ្ធិមនុស្សហើយ៕
ដោយ៖ សូរ គងជ័យ