(ភ្នំពេញ)៖ ប្រជាពលរដ្ឋដែលមានជម្លោះដីធ្លីមកពីសហគមន៍កោះកុង និងសហគមន៍ព្រលានយន្តហោះ SOS នៅរាជធានីភ្នំពេញជិត១០០នាក់ នៅរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧នេះបាននាំគ្នាមកកាន់ការិយាល័យអង្គភាពព័ត៌មាន Fresh News ដោយសូមឲ្យជួយផ្សព្វផ្សាយធ្វើការបដិសេធថា ការតវ៉ាបញ្ហាដីធ្លីដែលកំពុងមានជំលោះសព្វថ្ងៃនេះ គឺពុំមានអ្នកណានៅពីក្រោយខ្នងនោះទេ។
តំណាងប្រជាពលរដ្ឋ, ស្ត្រីឈ្មោះ ផើង ញើង អាយុ៤១ឆ្នាំ មានទីលំនៅភូមិព្រែកជីក ឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង ដែលមកដល់ការិយាល័យព័ត៌មាន Fresh News បានអះអាងថា ការតវ៉ារបស់ពួកគាត់គឺមិនមានអ្នកណានៅពីក្រោយខ្នងនោះទេ ហើយដោយសារតែពួកគាត់រងគ្រោះត្រូវគេរំលោភយកដីធ្លី ទើបនាំគ្នា ឡើងមកប្ដឹង មកតវ៉ាដើម្បីទាមទាររកយុត្តិធម៌ សូមឲ្យសម្ដេចតេជោ ហ៊ុន សែន ជួយពួកគាត់ មិនដូចមិត្តអ្នកអានខ្លះចោទថា ការតវ៉ារបស់ពួកគាត់ដោយសារមានអ្នក នៅពីក្រោយខ្នងនោះទេ។លោកចាន់ វណ្ណា មកពីសហគមន៍កោះកុង ក៏ដូចស្ត្រីចាយ នីន មកពីសហគមន៍ព្រលានយន្តហោះ SOS សុទ្ធតែអះអាងដូចៗគ្នា។
ពួកគាត់បានលើកឡើងថា ការមកតវ៉ាទាមទាររកយុត្តិធម៌ក្នុងជំលោះដីធ្លីដែលត្រូវគេរំលោភបំពាននេះ គឺពួកគាត់មកដោយខ្លួនឯង មិនមានអ្នកនៅពីក្រោយខ្នង ញុះញង់ឡើយ ដោយបច្ចុប្បន្នពួកគាត់ស្នាក់នៅក្នុងវត្តសាមគ្គីរង្សី នៅស្ទឹងមានជ័យ ហើយកំពុងមានការខ្វះខាតយ៉ាងខ្លាំង ជាពិសេសលើការហូបចុកតែម្ដង។ ចុងក្រោយពួកគាត់សំណូមពរសូមឲ្យ Fresh News ជួយផ្សព្វផ្សាយព័ត៌មាននេះ ដើម្បីបានដឹងឮទៅដល់សម្ដេចតេជោ ហ៊ុន សែន ជួយអន្តរាគមន៏ រកយុត្តិធម៌ជូនពួកគាត់។
សូមបញ្ជាក់ថា កាលពីម្សិលមិញ មានលិខិតមិត្តអ្នកអានមួយច្បាប់បានផ្ញើចូលមកកាន់ការិយាល័យនិពន្ធ Fresh News ហើយបានធ្វើការផ្សាយ ដោយខ្លឹមសារ នៅក្នុងលិខិតមិត្តអ្នកអាននោះ អ្នកសរសេរបានចាត់ទុកថា ការតវ៉ាបញ្ហាជំលោះដីធ្លីមួយចំនួនសុទ្ធតែមានអង្គការមួយចំនួននៅពី ក្រោយខ្នងធ្វើការរៀបចំឲ្យមាន សកម្មភាពនេះឡើងដើម្បីទំលាក់កំហុសមកលើរាជរដ្ឋាភិបាល៕
ខាងក្រោមនេះជាលិខិតមិត្តអ្នកអាន ដែលផ្ញើមកកាន់អង្គភាពព័ត៌មាន ចេញផ្សាយកាលពីម្សិលមិញមានចំណងជើងថា៖ «ការតវ៉ារឿងជម្លោះដីធ្លី និងបញ្ហាសង្គមមួយចំនួន ត្រូវបានរៀបចំឡើងដោយមានការចាត់តាំង យ៉ាងច្បាស់លាស់ពីអង្គការសង្គមស៊ីវិល និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួន តូចយ៉ាងពិតប្រាកដ»
(ភ្នំពេញ)៖ សកម្មភាពតវ៉ាដែលភាគច្រើនបំផុតនៅលើជម្លោះដីធ្លីតាមបណ្ដារាជធានី-ខេត្ត ដែលបានកើតឡើងស្ទើរជារៀងរាល់ថ្ងៃតាមរយៈ លើកគ្នាយកញ្ញតិទៅ ដាក់នៅតាមស្ថានទូត នៅតាមក្រសួងពាក់ព័ន្ធ ក៏ដូចជានៅខុទ្ទកាល័យនាយករដ្ឋមន្ដ្រីនោះ ត្រូវបានគេមើលឃើញថា ត្រូវបានរៀបចំឡើងដោយមានការអ្នកចាត់តាំងយ៉ាងច្បាស់លាស់ ដែលអ្នករៀបចំទាំងនោះគឺជា អង្គការសង្គមស៊ីវិល និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួន ដែលបានទទួលជំនួយពីបរទេស មកធ្វើសកម្មភាពនៅក្នុងប្រទេសកម្ពុជា។
ប៉ុន្ដែបញ្ហាដីធ្លីខ្លះក៏ដូចជា៖ បញ្ហាសង្គមមួយចំនួន គឺកើតមានឡើងយ៉ាងពិតប្រាកដដោយប្រជាពលរដ្ឋ អ្នករៀបចំខ្លូនឯងដោយមានតំណាងរបស់ខ្លួន ដើម្បីចង់ឲ្យថ្នាក់ដឹកនាំ នៃរាជរដ្ឋាភិបាល ក៏ដូចជាតាមក្រសួង ស្ថាប័នពាក់ព័ន្ធ ដោះស្រាយជូនពួកគាត់យ៉ាងពិតប្រាកដ។
នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧នេះ អង្គភាពព័ត៌មាន Fresh News បានទទួលលិខិតមិត្តអ្នកអានមួយច្បាប់ ដែលបានលើកឡើង និងបញ្ចេញទស្សនៈ មួយចំនួន ពាក់ព័ន្ធសកម្មភាពតវ៉ាលើរឿងជម្លោះដីធ្លី ក៏ដូចជា បញ្ហាសង្គមមួយចំនួន ដែលបានត្រូវគេមើលឃើញថា កើតឡើងស្ទើរជារៀងរាល់ថ្ងៃជាពិសេស នៅក្នុងរាជធានីភ្នំពេញតែម្ដង។
នៅក្នុងលិខិតមិត្តអ្នកអាន ដែលអ្នកសរសេរអាចជាបុគ្គលស្វែងយល់បានច្រើនពីបញ្ហាសង្គមទាំងនេះ បានបញ្ចេញទស្សនៈរបស់ខ្លួនថា ការតវ៉ាក៏ដូចជា ការដង្ហែញ្ញតិ យកទៅដាក់នៅតាមស្ថានទូតនានា នៅខុទ្ទកាល័យនាយករដ្ឋមន្ដ្រី ក៏ដូចជា ក្រសួងស្ថាប័នពាក់ព័ន្ធនានានោះ គឺមានអង្គការសង្គមស៊ីវិល ក៏ដូចជាអង្គការក្រៅ រដ្ឋាភិបាលមួយចំនួន បានរៀបចំជាសេនារីយ៉ូយ៉ាងជាក់ស្ដែងដូចជា ការរៀបចំសេចក្ដីប្រកាសជូនព័ត៌មាន ដល់មជ្ឈមដ្ឋាននានា ក៏ដូចជាអ្នកសារព័ត៌មាន ដើម្បីឲ្យទៅយកព័ត៌មានពីបញ្ហាមួយនេះ។ ជាមួយគ្នានេះ ការតវ៉ាកន្លងទៅគេតែងតែសង្កេតឃើញជនបរទេសមួយក្ដាប់តូច បង្ហាញវត្តមានជាប្រចាំដើម្បីឃ្លាំមើល និងតាមដានពីសកម្មភាពទាំងនេះ ហើយវត្តមានរបស់ពួកគេ តែងតែកើតឡើងនៅក្នុងអំឡុងការតវ៉ានានា៕