(ភ្នំពេញ)៖ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានបកស្រាយថា តាមការទម្លាក់ផែនទី ភូមិកំណើតរបស់សម្តេច ហេង សំរិន ប្រធានរដ្ឋសភា មិនមែន ស្ថិតនៅក្នុងទឹកដីរបស់កម្ពុជាទេ គឺស្ថិតនៅក្នុងទឹកដីរបស់វៀតណាម។ (សូមស្តាប់ការថ្លែងរបស់លោក សុខ ទូច)
ការអះអាងរបស់លោក សុខ ទូច បានធ្វើឡើងបន្ទាប់ពីអ្នកព័ត៌មានបានចោទសួរលោក នៅក្នុងសន្និសីទកាសែត ស្ដីពីស្ថានភាពព្រំដែនកម្ពុជា នៅចំណុចអូរអាឡៃ និង តំបន់អូរតាង៉ាវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ក្រោយការដកកងទ័ពឡាវ នៅរាជបណ្ឌិត្យសភាកម្ពុជា នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧នេះ។
លោកបណ្ឌិត សុខ ទូច បានថ្លែងថា អ្នកដែលនិយាយថា ភូមិកំណើតសម្តេច ហេង សំរិន ថាជារបស់កម្ពុជានោះ គឺយល់ខុស មិនមានមូលដ្ឋានច្បាស់លាស់ ដោយសារតែជំនាន់នោះប្រជាពលរដ្ឋកម្ពុជា-វៀតណាម នៅតាមបណ្តោយព្រំដែនទៅវិញទៅមក។
លោកបណ្ឌិត បានបញ្ជាក់យ៉ាងដូច្នេះថា៖ «អ្នកនិយាយហ្នឹងខុសហើយ សម្ដេច ហេង សំរិន ទេ ដែលជាអ្នកយកដីវៀតណាម នៅនោះ...ពីព្រោះ ទម្លាក់ផែនទីទៅ ដីរបស់សម្ដេច ហេង សំរិន បានទៅលើវៀតណាម ប៉ុន្ដែគាត់នៅយូរហើយ»។
រាជរដ្ឋាភិបាលកម្ពុជា-វៀតណាម នាពេលកន្លងទៅបានព្រមព្រៀងធ្វើការដោះដូរដីមួយចំនួននៅតាមបណ្តោយព្រំដែន ដើម្បីងាយស្រួល នៅក្នុងការរៀបចំ និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរ។ តាមការអះអាងរបស់មន្រ្តីគណៈកម្មាធិការព្រំដែនកម្ពុជាកន្លងមក បានឱ្យដឹងថា ក្នុងការដោះដូរនេះដីមួយចំនួន របស់វៀតណាមក៏បានកាត់ចូលមកកម្ពុជា ហើយដីមួយចំនួនរបស់កម្ពុជា ក៏ត្រូវបានកាត់ទៅវៀតណាមផងដែរ។
កម្ពុជា-វៀតណាម មានព្រំដែនគោកជាប់គ្នាប្រវែង១២៧០គីឡូម៉ែត្រ ដែលត្រូវការបោះបង្គោលព្រំដែន សរុបចំនួន ៣១៤បង្គោល។ បើតាមការបញ្ជាក់ របស់គណៈកម្មាធិការព្រំដែន បានឱ្យដឹងថា រហូតដល់ពេលនេះ ការរៀបចំបោះបង្គោលព្រំដែនរវៀងកម្ពុជា-វៀតណាម បានរួចរាល់ចំនួនជាង ៨៣ភាគរយហើយក្នុងចំណោមព្រំដែនសរុប៕