(ភ្នំពេញ)៖ ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្តាំផ្ញើមិនឱ្យកីឡាករ កីឡាការិនីកម្ពុជាទាំងអស់ប្រើប្រាស់ សារធាតុជំនួយកម្លាំង ឬសារធាតុញៀននោះទេ ដោយសារតែការប្រើប្រាស់សារធាតុបែបនេះ ធ្វើឱ្យខុសនឹងលក្ខខន្តិកៈក្នុងការប្រកួត ហើយធ្វើឱ្យអាប់អោនដល់កិត្តិយសរបស់ជាតិ។ (សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន)
ការប្រកាសជាថ្មីរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានធ្វើឡើងនៅក្នុងពិធីបំពាក់មេដាយ និងជូនរង្វាន់ដល់កីឡាករ ជ័យលាភី ក្នុងការប្រកួតកីឡាប៉ារ៉ាឡាំពិកយុវជនជនពិការរដូវក្ដៅ នៅសាធារណរដ្ឋកូរ៉េ និងជួបសំណេះសំណាលជាមួយប្រតិភូកីឡាប៉ារ៉ាឡាំពិកកម្ពុជា ទៅចូលរួលរួម ប្រកួតកីឡាជនពិការអាស៊ាន លើកទី៩ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា៖ «បម្រាមធំបំផុតដែលសុំផ្តាំផ្ញើ គឺហាមដាច់ខាតក្នុងការប្រើប្រាស់សារធាតុ ដែលមានកម្រិតលើកម្លាំង ដែលផ្ទុយនឹងលក្ខខន្តិកៈ នៃការប្រកួតក្នុងក្របខណ្ឌកីឡាគ្រប់ប្រភេទ។ រឿងនេះមិនត្រឹមតែ ខូចកិត្តិយសផ្ទាល់ខ្លួនទេ ប៉ុន្តែវាបានខូចដល់កិត្តិយសជាតិ»។
សម្តេចតេជោ ហ៊ុន សែន បានបន្តទៀតថា «ខ្ញុំសូមផ្តាំផ្ញើក្មួយ ត្រូវយកចិត្តទុកដាក់ទៅលើបញ្ហានេះ។ ប្រយ័ត្នគេធ្វើតេស្តទឹកនោមឬធ្វើតេស្តឈាមឃើញសារធាតុ បែបនោះ រាប់ទាំងសារធាតុគ្រឿងញៀន ដែលយើងត្រូវប្រើ។ និយាយរួមធាតុ ទាំងអស់ហ្នឹង មិនត្រូវប្រើទេ ទោះប្រកួតឬមិនប្រកួត គឺមិនត្រូវប្រើទេ»។
ជាមួយនឹងការទទូចឱ្យកីឡាករខ្មែរមានការប្រយ័ត្នប្រយែងចំពោះការប្រើប្រាស់សារធាតុបែបនេះ សម្តេចតេជោ ហ៊ុន សែនក៏បានអំពាវនាវឱ្យ កីឡាករខ្មែរទាំងអស់ មានសិលធម៌ គោរពវិន័យក្នុងការប្រកួត និងមិនអាចបំពានលក្ខខន្តិកៈជាដើម៕