(ភ្នំពេញ)៖ ក្រសួងទេសចរណ៍, គណៈកម្មការជាតិវាយតម្លៃទីក្រុងស្អាត សហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នាថ្មីៗនេះ បានរៀបចំការជ្រើសរើសជម្រុះជ័យលាភី នៃការប្រកួតប្រជែង គម្រោងប្លង់ស្ថាបត្យកម្មផ្នែកខាងក្នុង និងផ្នែកខាងក្រៅ នៃបង្គន់សាធារណៈកម្ពុជា (Public Toilet) ដែលបានប្រកាសដល់សាធារណជន ពិសេសនិស្សិតនៅតាមសាកលវិទ្យាល័យ វិទ្យាស្ថានដែលមានជំនាញស្ថាបត្យកម្មចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០១៧។
លោក ណេប សាមុត អគ្គលេខាធិការគណៈកម្មការជាតិវាយតម្លៃទីក្រុងស្អាត បានថ្លែងថា ការដាក់ចេញនូវការប្រកួតប្រជែង រចនាស្ថាបត្យកម្ម បង្គន់សាធារណៈកម្ពុជា ក្នុងគោលបំណងបំផុសការយល់ដឹងជាសាធារណៈ អំពីការអនុវត្តស្តង់ដាបង្គន់សាធារណៈកម្ពុជា និងស្តង់ដាបង្គន់ សាធារណៈអាស៊ាន ដល់មូលដ្ឋានអាជីវកម្មទេសចរណ៍ ក៏ដូចជាក្រុង/ខណ្ឌត្រៀមខ្លួនចូលរួមចលនាប្រឡងប្រណាំង «ទីក្រុងស្អាត» និងចលនាប្រលងប្រណាំងទីក្រុងទេសចរណ៍ស្អាតអាស៊ាន។
ដោយឡែក លោក ជួន ជ័យសត្យា អគ្គលេខាធិការរង គ.ជ.វ.ទ និងជាប្រធានគណៈកម្មការវាយតម្លៃ បានឱ្យដឹងថា កម្មវិធីនេះបេក្ខភាព បានសុំចុះឈ្មោះ ដាក់ពាក្យចូលរួម និងត្រូវបានជ្រើសរើស ដោយគណៈកម្មការបច្ចេកទេសជ្រើសរើស និងវាយតម្លៃចំនួន ៨ក្រុម (មួយក្រុមៗ មានសមាជិក០៣នាក់) ក្នុងនោះមានមកពីសាកលវិទ្យាល័យន័រតុន វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ហើយក្រុមទាំង០៨(ប្រាំបី) បានទទួលយោបល់ប្រឹក្សាពី គណៈកម្មការបច្ចេកទេសជាច្រើនដង (ដោយផ្អែកលើស្តង់ដាបង្គន់សាធារណៈកម្ពុជា និងអាស៊ាន) មុននឹងទទួលបាន គម្រោងប្លង់ស្ថាបត្យកម្មបង្គន់សាធារណៈរួម ជាមួយម៉ាកែតដែល និងត្រូវធ្វើបទបង្ហាញចុងក្រោយជូន គណៈកម្មការសម្រេច និងជ្រើសរើសជ័យលាភី។
សូមបញ្ជាក់ថា គណៈកម្មការវាយតម្លៃការប្រកួតប្រជែងស្ថាបត្យកម្មស្តង់ដារបង្គន់សាធារណៈកម្ពុជា បានជ្រើសរើសស្នាដៃឆ្នើម០៣ (Top 3) និងដាក់ផ្សព្វផ្សាយលើប្រព័ន្ធហ្វេសបុក (Facebook) ផ្លូវការរបស់ក្រសួងទេសចរណ៍ ដើម្បីអនុញ្ញាតឱ្យសាធារណជនចូលរួម ផ្តល់ចំណាត់ថ្នាក់ (Rating)បន្ថែមតាមរយៈការ like ដើម្បីឈានដល់កំណត់ ពិន្ទុជ្រើសរើសចុងក្រោយ យកលេខ១ លេខ២ និងលេខ៣ ចាប់ពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧ ត្រឹមម៉ោង ៥:០០នាទីល្ងាច៕