(ភ្នំពេញ)៖ នេះអាចចាត់ទុកថា ជាទឹកព្រះទ័យដ៏ជ្រះថ្លា និងបរិសុទ្ធគួរឲ្យសរសើរ ហើយក៏ជាកម្លាំងចិត្តមួយយ៉ាងធំធេង ដល់ប្អូនៗដែលកំពុងត្រៀមខ្លួន ចូលនៅក្នុងសមរភូមិប្រឡង យកសញ្ញាបត្រមមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅថ្ងៃទី២១ និង២២ ខែសីហា ឆ្នាំ២០១៧នេះ ខណៈដែលព្រះតេជគុណ ព្រះព្រហ្មវិជ្ជា នី សុវណ្ណមុនីរ៉េត គង់នៅវត្តនាគវ័ន្ត នៃរាជធានីភ្នំពេញ បានប្រកាសជាសាធារណៈថា នឹងផ្ដល់រង្វាន់លើកទឹកចិត្ត ម៉ូតូចំនួន៥គ្រឿង ដល់សិស្សណាដែលបានប្រឡងជាប់ និងទទួលបានលទ្ធផលនិទ្ទេស A នៅក្នុងតាមវិទ្យាល័យនានា នៃស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។
ព្រះតេជគុណព្រះព្រហ្មវិជ្ជា នី សុវណ្ណមុនីរ៉េត មានសង្ឃដីកាថា ការលើកយករង្វាន់ជាមធ្យោបាយធ្វើដំណើរ ជូនសិស្សជាប់និទ្ទេស A ក្នុងស្រុកស្វាយជ្រុំ គឺដើម្បីបន្តលើកទឹកចិត្ត និងជាការឆ្លើយតបចំពោះការប្រឹងប្រែង របស់ប្អូនៗរលកក្រោយ ដែលខិតខំរៀនសូត្រទទួលបានចំណាត់ថ្នាក់ល្អ ដើម្បីភូមិស្រុកនោះ ដែលជាទឹកដីកំណើតរបស់ព្រះអង្គផ្ទាល់តែម្ដង។ រង្វាន់លើកទឹកចិត្ត នៅតែចែកជូនដល់ប្អូនៗ នៅឆ្នាំក្រោយៗទៀត សំដៅយកអ្នកចេះពិតប្រាដក គឺអ្នកជាប់ត្រូវតែផ្តល់ការលើកទឹកចិត្ត ដោយមិនអាចមើលរំលងបាន។ ការចែករង្វាន់ម៉ូតូ៥គ្រឿង និងរៀបចំធ្វើពិធី នៅទីតាំងកុដិលេខ២៤ នៃវត្តនាគវ័នរាជធានីភ្នំពេញ ផ្ទាល់តែម្តង។
ព្រះគ្រូនី សុវណ្ណមុនីរ៉េត ដែលបច្ចុប្បន្ន គង់នៅកុដិលេខ២៤ នៃវត្តនាគវ័ន រាជធានីភ្នំពេញ នៅតែបន្តលើកទឹកចិត្ត ដល់សិស្សប្រឡងបាក់ឌុបក្នុងឆ្នាំនេះ និងឆ្នាំក្រោយទៀត ដោយមានជារង្វាន់លើកទឹកចិត្ត ដូចជាម៉ូតូ កំព្យូទ័រឡេបថប និងផ្ដល់ជូនអាហារូបករណ៍ជាដើម ដែលនេះជាលើកទី២ហើយ ដែលព្រះអង្គ នី សុវណ្ណមុនីរ៉េត បានសន្យា និងចែកនូវរង្វាន់លើកទឹកចិត្តដល់ប្អូនៗ ប្រឡងជាប់បាក់ឌុបនិទ្ទេស A ។
សូមរំឭកថា កាលពីឆ្នាំទៅ២០១៦ ព្រះអង្គបានចុះចែករង្វាន់លេបថបជាច្រើនគ្រឿង ដល់អ្នកជាប់បាក់ឌុបបានពិន្ទុខ្ពស់ជាងគេ នាស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ជាទីកំណើតរបស់ព្រះអង្គ។ ប្លែកពីឆ្នាំកន្លងទៅ ព្រះអង្គផ្ទាល់បានប្រកាសជូនរង្វាន់សារជាថ្មី ដល់សិក្សានុសិស្សប្រឡងសញ្ញាបត្របាក់ឌុបឆ្នាំនេះ នូវម៉ូតូចំនួន៥គ្រឿង សម្រាប់ប្អូនៗជាប់និទ្ទេស A ហើយរៀនតាមវិទ្យាល័យនានា ក្នុងស្រុកស្វាយជ្រុំ៕