(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសជាមុនថា នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានគណៈកម្មាធិការប៉ារ៉ាឡាំពិក អន្តរជាតិ នៅខែក្រោយនេះ កម្ពុជានឹងបោះឆ្នោតជូនដល់បេក្ខជនចិន ដោយសារតែប្រទេសចិន គឺជាមិត្តដ៏សំខាន់របស់កម្ពុជា ដែលបានជួយឧបត្ថម្ភ យ៉ាងច្រើនកន្លងមក។ (សូមស្តាប់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន)
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «ចំណុចនេះ គឺជាចំណុចដែលយើងត្រូវមើលឃើញ កុំថាឡើងសិទ្ធិបោះឆ្នោត នៅក្នុងប្រទេសសិទ្ធិបោះឆ្នោត នៅក្នុងក្របខណ្ឌអន្តរជាតិ ក៏យើងមានដែរ។ គេត្រូវការពឹងពាក់មកលើយើង យើងបោះឆ្នោតគាំទ្រគេ ហើយក្នុងនោះ វាធម្មតាទេ មានផលប្រយោជន៍ទៅវិញទៅមក។ មិត្តចិនបានផ្តល់ជំនួយឱ្យយើងច្រើន យើងក៏ផ្តល់ការគាំទ្រចំពោះគាត់វិញ ជាការធម្មតា»។
ការប្រកាសជំហរកម្ពុជារបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងពិធីបំពាក់មេដាយ និងជូនរង្វាន់ដល់កីឡាករ ជ័យលាភីក្នុងការប្រកួត កីឡាប៉ារ៉ាឡាំពិក យុវជនជនពិការរដូវក្ដៅនៅសាធារណរដ្ឋកូរ៉េ និងជួបសំណេះសំណាលជាមួយប្រតិភូកីឡាប៉ារ៉ាឡាំពិកកម្ពុជា ទៅចូលរួលរួមប្រកួតកីឡាជនពិការអាស៊ាន លើកទី៩ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧នេះ នៅវិមានសន្តិភាព។
សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសប្រធានគណៈកម្មាធិការប៉ារ៉ាឡាំពិកអន្តរជាតិ ឆ្នាំ២០១៧ នឹងធ្វើឡើងនៅប្រទេសអារ៉ាប់រួម នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៧។ ក្នុងនោះមានបេក្ខជន៤រូប ដែលត្រូវឈរឈ្មោះឱ្យគេបោះឆ្នោត ហើយក្នុងនោះក៏មានបេក្ខជនមកពីប្រទេសចិនផងដែរ៕