(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ឈុំ សុជាតិ បានថ្លែងបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មាន Fresh News ថា គិតចាប់ពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ រហូតដល់ព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧នេះ ស្ថានភាពនៅព្រំដែនកម្ពុជា-ឡាវ ត្រង់តំបន់អូរតាង៉ាវ និងអូរអាឡៃ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង មានសភាពស្ងប់ស្ងាត់ធម្មតាមិនមានអ្វីប្រែប្រួលទេ បន្ទាប់ពីទាហានកម្ពុជា ចូលទៅកាន់កាប់ នៅត្រង់ចំណុចព្រំដែន ដែលកងទ័ពឡាវដកចេញពីទឹកដីកម្ពុជានោះ។
ការប្រកាសរបស់ នាយឧត្តមសេនីយ៍ ដែលអ្នកនាំពាក្យក្រសួងការពារជាតិ បានធ្វើឡើងបន្ទាប់ពីមានការលើកឡើងថា តំបន់ព្រំដែនកម្ពុជា-ឡាវ ហាក់មានភាពតានតឹងឡើងវិញម្តងទៀត បន្ទាប់ពីកងទ័ពកម្ពុជា បានចូលទៅកាន់ចំណុចព្រំដែនកម្ពុជា-ឡាវ។
នាយឧត្តមសេនីយ៍ ឈុំ សុជាតិ បានបានច្រានចោលនូវការលើកឡើងបែបនោះ។ លោកថ្លែងថា៖ «តំបន់អូរតាង៉ាវ និងអូរអាឡៃ គឺកម្លាំងយើង គ្រប់គ្រងអស់ហើយ អត់មានកម្លាំងឡាវមកទេ ក្រៅពីនោះយើងបានពង្រឹងទីតាំងរបស់យើងរឹងមាំអស់ហើយ អត់មានសភាពការណ៍កើតឡើងទេ នៅព្រំដែនកម្ពុជា-ឡាវ»។
កងទ័ពឡាវធ្លាប់បានចូលមកក្នុងទឹកដីកម្ពុជា ត្រង់ចំណុចអូរតាង៉ាវ និងអូរអាឡៃ នាស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង កាលពីខែកុម្ភៈ ឆ្នាំ២០១៧ ដោយទប់ស្កាត់មិនឱ្យកម្ពុជាឈូសឆាយធ្វើផ្លូវតាមខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា-ឡាវ។ ស្ថានភាពប្រឈមមុខដាក់គ្នារវាងកងទ័ពកម្ពុជា-ឡាវ បានអូសអន្លាយ អស់ជាច្រើនខែទម្រាំបានបញ្ចប់ ក្រោមកិច្ចចរចារវាងនាយករដ្ឋមន្រ្តីប្រទេសទាំងពីរ។
កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ កន្លងទៅនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានទៅជួបចរចាជាមួយ លោក ថោងលន់ ស៊ីស៊ូលីត នាយករដ្ឋមន្រ្តីឡាវ នៅក្នុងប្រទេសឡាវ ដើម្បីប្រាប់អំពីករណីកងទ័ពឡាវចូលក្នុងទឹកដីកម្ពុជា ត្រង់ចំណុចអូរអាឡៃ និងអូរតាង៉ាវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ប្រទេសកម្ពុជា ដែលវត្តមានរបស់កងទ័ពឡាវ នៅលើដីកម្ពុជានេះ អាចបង្កឲ្យមានសង្រ្គាមព្រំដែន។
ក្រោយអំពីការជួបចរចាអស់រយៈពេលមួយព្រឹក នាយករដ្ឋមន្រ្តីឡាវ លោក ថោងលន់ ស៊ីសូលីត បានប្រកាសឲ្យ កងទ័ពឡាវដកខ្លួនចេញជាបន្ទាន់ ពីតំបន់ប្រឈមមុខដាក់គ្នា ហើយភាគីទាំងពីរបានណែនាំ ឱ្យក្រសួងការបរទេស និងគណៈកម្មការព្រំដែន នៃប្រទេសទាំងពីរ បន្តធ្វើការងារជាមួយគ្នា ឱ្យសកម្មបន្តទៀត ដើម្បីដោះស្រាយឱ្យរួចរាល់ នូវខ្សែព្រំដែន១៤ភាគរយទៀត ដែលនៅសេសសល់៕