(ភ្នំពេញ)៖ ស្ថានទូតជប៉ុននៅកម្ពុជា ចេញសេចក្ដីជូនដំណឹង ប្រកាសជ្រើសរើសបេក្ខជនចូលរួម កម្មវិធីផ្លាស់ប្តូរយុវជន JENESYS 2017 ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ នៅប្រទេសជប៉ុន។ ស្ថានទូតបានបញ្ជាក់ថា ស្ថានទូតសហការជាមួយក្រសួងអប់រំយុវជន និងកីឡា និងមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន(CJCC) ជ្រើសរើសនិស្សិត២៤រូប ដែលជានិសិ្សតឆ្នាំទី៣ គ្រប់ផ្នែក នៃសាកលវិទ្យាល័យទាំងអស់នៅកម្ពុជា ក្នុងឆ្នាំសិក្សា២០១៧-២០១៨ ដែលដាក់ពាក្យដើម្បីប្រកួតធ្វើបទបង្ហាញ។
និសិ្សតឆ្នាំទី៣ទាំងអស់ ដែលមានបំណងចូលរួមកម្មវិធីនេះ ត្រូវដាក់ពាក្យមកជាក្រុមដែលមានចំនួនសមាជិក៤នាក់ ត្រឹមថ្ងៃទី៧ ខែកញ្ញានេះ។ ថ្ងៃទី២៨ ខែកញ្ញា ស្ថានទូតនឹងប្រកាសអ្នកជាប់វគ្គជម្រុះ នៃការដាក់ពាក្យចំនួន៤៨នាក់ ត្រូវនឹង១២ក្រុម ដើម្បីចូលរួមប្រកួតវគ្គ ផ្តាច់ព្រ័ត្រនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧ នៅ CJCC។
សូមជម្រាបថា កម្មវិធី JENESYS គឺជាកម្មវិធីផ្លាស់ប្តូរយុវជន ដែលបង្កើតឡើងដោយក្រសួងការបរទេសជប៉ុន ដើម្បីជម្រុញការយល់ដឹង និងការកសាងទំនុកចិត្តទៅវិញទៅមកក្នុងចំណោមប្រជាជនជប៉ុន និងបណ្តាប្រទេសចូលរួម និងដើម្បីកសាងមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការ និងចំណងមិត្តភាពនាពេលអនាគត។ តាមរយៈកម្មវិធីនេះ ក្រសួងការបរទេសជប៉ុន បានអញ្ជើញយុវជនកម្ពុជាចំនួនជាង២,០០០នាក់ ហើយតាំងពីឆ្នាំ២០០៧មក។
សម្រាប់ព័ត៌មានបន្ថែម អំពីការជ្រើសរើស សូមចូមទៅកាន់គេហទំព័ររបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា ដែលមានអាស័យដ្ឋាន៖ http://www.kh.emb-japan.go.jp/index-e.htm ឬក៏ទាក់ទងទៅកាន់ផ្នែកវប្បធម៌ និងព័ត៌មាន នៃស្ថានទូតជប៉ុនប្រចាំកម្ពុជា ដែលមានលេខទូរស័ព្ទ ០២៣ ២១៧ ១៦១ (#១១២២) ឬផ្ញើអ៊ីម៉េលទៅកាន់ៈ [email protected]៕