(ភ្នំពេញ)៖ ម្ចាស់ហាងបញ្ចាំម្នាក់ ត្រូវបាននគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជូនមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧នេះ ដើម្បីចាត់ការតាមច្បាប់។ បច្ចុប្បន្នជនសង្ស័យកំពុងស្ថិតក្រោមការសាកសួររបស់លោក ស៊ិន វីរៈ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
មន្ត្រីតុលាការថ្លែងថា ម្ចាស់បញ្ចាំរូបនេះមានឈ្មោះ សុត ពិសិដ្ឋ ភេទប្រុស។ ការបញ្ជូនម្ចាស់ហាងបញ្ចាំមកកាន់តុលាការខាងលើនេះ បានធ្វើឡើង បន្ទាប់ពីកម្លាំងប្រតិបត្តិការ បានចុះទៅឆែកឆេរឃ្លាំងបញ្ចាំមួយនេះ ដោយរកឃើញម៉ូតូ និងរថយន្តអត់បង់ពន្ធជាង៥០គ្រឿង។
សមត្ថកិច្ចខណ្ឌសែនសុខបានទម្លាយប្រាប់ភ្នាក់ងារ Fresh News ថា មានមន្ត្រី និងអ្នកជំនួញមួយចំនួនបានព្យាយាមអន្តរាគមន៍ឲ្យមានការដោះលែង បុរសម្នាក់ជាម្ចាស់ទីតាំង ឃ្លាំងស្តុកម៉ូតូ និងរថយន្តរបស់ហាងបញ្ចាំនេះ។ សមត្ថកិច្ចបានបន្តថា «ទោះជាមានអន្តរាគមន៍ពីមជ្ឈដ្ឋានថ្នាក់ណាក៏ដោយ អាជ្ញាធរគ្រប់ជំនាញ នៅខណ្ឌសែនសុខ មិនហ៊ានលែងឈ្មោះ សុត ពិសិដ្ឋ ដែលជាម្ចាស់ទីតាំងនោះបានទេ ដោយបានបញ្ជាក់ថា នេះជាបទបញ្ជារបស់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាការសារទរពីមហាជនគ្រប់ស្រទាប់វណ្ណៈដើម្បីការពារ ប្រឆាំងនឹងអំពើរ លួច ឆក់ ប្លន់ និងបញ្ហាសង្គមផ្សេងៗ»។
នៅពេលនេះលោក ស៊ិន វីរៈ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កំពុងមានចំណាត់ការលើសំណុំរឿងនេះ តាមផ្លូវច្បាប់។
ប្រតិបត្តិការក្តៅនៃការឆែកឆេរ ត្រួតពិនិត្យ ហាងបញ្ចាំខុសច្បាប់ទូទាំងរាជធានីភ្នំពេញនេះគឺបទបញ្ជារបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ បង្ការនូវបទល្មើសទាំងឡាយ។ ព្រោះជនល្មើសប្រព្រឹត្តបទល្មើសរួចហើយ គ្មានកន្លែងទទួលបញ្ចាំខុសច្បាប់នោះសកម្មភាពប្រព្រឹត្តបទល្មើស ក៏អាចកាត់បន្ថយដែរ។ លោកអភិបាលរាជធានីភ្នំពេញ ធ្លាប់ព្រមានហើយថា ត្រូវតែអនុវត្តតាមច្បាប់។
សូមជំរាបថា កម្លាំងចម្រុះរបស់ខណ្ឌសែនសុខ មានការចូលរួមពីលោក ប៉ិល កុសល អភិបាលខណ្ឌសែនសុខ សហការជាមួយកម្លាំងនគរបាល ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោក ស៊ិន វីរៈ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះធ្វើការត្រួតពិនិត្យឃ្លាំងស្តុកម៉ូតូ និងរថយន្តរបស់ហាងបញ្ចាំមួយកន្លែង ក្នុងភូមិចុងថ្នល់លិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាលពីព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧។
អភិបាលខណ្ឌសែនសុខ លោក ប៉ិល កុសល បានប្រាប់ភ្នាក់ងារ Fresh News ថា ជាលទ្ធផលសម្រេចបានក្នុងការងារជាតួរលេខឃើញថា ម៉ូតូអត់មានឯកសារ ចំនួន៥៤គ្រឿង ក្នុងចំណោមម៉ូតូចម្រុះ៧៤គ្រឿង រថយន្តអត់មានឯកសារចំនួន២គ្រឿង ក្នុងចំណោមរថយន្តចំនួន១០គ្រឿង។ សមត្ថកិច្ចបន្តទៀតថា ទាំងម៉ូតូ នឹងរថយន្តអត់មានឯកសារគ្រប់គ្រាន់នោះ ត្រូវបានសមត្ថកិច្ចដកហូត យកទៅរក្សាទុកជាបណ្តោះអាសន្ន៕