(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ លោក ជួន សុខរាសី ប្រធានក្រុមប្រឹក្សារជំនុំជំរះ សាលាដំបូងរាជធានូភ្នំពេញ បានប្រកាសសាលក្រម ផ្តន្ទាទោសក្រុមចោរប្លន់៣នាក់ (ម្នាក់កំពុងរត់គេចខ្លួន)ដាក់ពន្ធនាគារអស់មួយជីវិត នឹងពិន័យជាប្រាក់ចំនួនប្រាំលានរៀល។ ក្នុងនោះសាលក្រមក៏បានប្រកាសចេញ ដីការស្វែងចាប់ខ្លួន បក្ខពួកម្នាក់ដែលកំពុងរត់គេចខ្លួនផងដែរ។ នេះបើតាមមន្រ្តីតុលាការ បានប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃនេះ។
សូមបញ្ជាក់ថា អំពើប្លន់បាញ់ប្រហារប្លន់យកទ្រព្យសម្បត្តិមួយនេះ បានកើតឡើងនៅវេលាម៉ោង១៖១៨នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧ តាមបណ្ដោយផ្លូវលេខ២០៧ នៅចំណុចផ្ទះលេខ១៤៨ស្ទួន ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំកាមន រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១-ឈ្មោះចាន់ សុវណ្ណ ហៅ អាប៉ែត ទី២-ឈ្មោះ អ៊ុំ សួស្តី ហៅអាពៅក្បាលធំ និងជនសង្ស័យទី៣-ឈ្មោះ ប៉ែន រ៉ាម៉េត អាយុ២៥ឆ្នាំ ស្នាក់នៅភូមិថ្មី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ (កំពុងរត់គេចខ្លួន)។ ប្រតិបត្តិការបង្ក្រាបនេះ កម្លាំងសមត្ថកិច្ចបានដកហូតបានកាំភ្លើងវែងមួយដើម, កាំភ្លើងខ្លី២ដើម, អាយកូមអាយឌី៣គ្រឿង, ម៉ូតូជិះធ្វើសកម្មភាព, ស្លាកលេខម៉ូតូ២ និងវត្ថុតាមមួយចំនួនទៀត។ ជនរងគ្រោះមានគ្នាបីនាក់ទី១-ឈ្មោះ ចាន់ សុខជា ភេទប្រុសអាយុ២៤ឆ្នាំ មុខរបរជានិស្សិត ស្នាក់នៅផ្ទះកើតហេតុ រងរបួសចំសៀតផ្កា១គ្រាប់, ថ្ពាល់ស្តាំមួយគ្រាប់ និងដៃស្តាំមួយគ្រាប់ (ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ) ទី២-ឈ្មោះ ចាន់ ស្រីប៉ ភេទស្រីអាយុ១៨ឆ្នាំ មុខរបរជាសិស្ស ត្រូវជាបងប្អូនបង្កើតជាមួយជនរងគ្រោះ (រងរបួសស្រាល)និងទី៣-ឈ្មោះ នេត សុធារ័ត្ន ភេទស្រីអាយុ២២ឆ្នាំ មុខរបរនិស្សិត ស្នាក់នៅសង្កាត់-ខណ្ឌដង្កោ រាជធានីភ្នំពេញ (រងរបួសជើង) ត្រូវជាគូដណ្ដឹងជាមួយឈ្មោះ ចាន់ សុខជា។
នៅមុនពេលកើតហេតុ ពួកគេទាំងបីនាក់ ទើបតែមកពីកម្មវិធីមិត្តភ័ក្រនៅកោះពេជ្រ ដោយជិះរថយន្ដម៉ាក ឡិចស៊ីស GS300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AI-8799។ ពេលដែលមកដល់ខាងមុខផ្ទះឈ្មោះ នេត សុធារ័ត្ន ដែលត្រូវជាគូដណ្ដឹងរបស់បងប្រុស បានចុះពីរថយន្ដមកបើកទ្វារផ្ទះ ស្រាប់តែមានជនសង្ស័យមានគ្នាបីនាក់ ជិះម៉ូតូពីរគ្រឿងម៉ាក ហុងដាឌ្រីម C110 (សង់ប៊ិច) ពណ៌ខ្មៅមួយគ្រឿង និងម៉ាកឃ្លីក ពណ៌សមួយគ្រឿង (មិនចាំស្លាកលេខ) បានមកឈប់ខាងក្រោយរថយន្ដ ហើយមានម្នាក់បានចុះពីម៉ូតូសំដៅមកបងស្រី ដែលកំពុងបើកទ្វារផ្ទះ។
ពេលដែលឃើញដូច្នេះ រូបគាត់ក៏ចុះទៅជួយបងស្រីទាំងដៃកាន់ទូរស័ព្ទមួយគ្រឿង ហើយក៏ត្រូវជនសង្ស័យដណ្ដើមយកបាន ចំណែកបងប្រុសពេលដែលឃើញជនសង្ស័យប្លន់យកទូរស័ព្ទដៃបាន ក៏បើករថយន្ដបំបុកជនសង្ស័យ តែមិនត្រូវបែរជាបុកត្រូវគូដណ្ដឹងរបស់ខ្លួនទៅវិញ និងបាក់ទ្វារផ្ទះថែមទៀត ហើយជនសង្ស័យបានដកកាំភ្លើងបាញ់ទម្លុះកញ្ចក់រថយន្ដ៣គ្រាប់ បណ្ដាលឱ្យត្រូវក្បាលជនរងគ្រោះចំនួនពីររងរបួសធ្ងន់ ហើយជនល្មើសជិះម៉ូតូគេចខ្លួនបាត់តែម្ដង។
ក្រោយកើតហេតុ ជនរងរគ្រោះពីរនាក់ ដែលត្រូវជាគូដណ្ដឹងនឹងគ្នា ត្រូវបានសាច់ញាតិដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត។ អកុសលបុរសរងគ្រោះបានទទួលមរណភាព៕