(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧នេះ បានអញ្ជើញចូលរួមផ្សព្វផ្សាយ សភាពការណ៍ថ្មីៗ និងការងារអប់រំចិត្តសាស្ដ្រសម្រាប់ឆ្នាំ២០១៧ ដល់កម្លាំងយោធានៅកងពលតូចទ័ពពិសេសឆ័ត្រយោង៩១១។
នៅក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ឯក ចាប ភក្ដី នាយរងសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងពលតូចទ័ព ពិសេសឆ័ត្រយោង៩១១ បានថ្លែងអបអរសាទរចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលទទួលបានជោគជ័យដ៏ធំធេង ជូនជាតិក្នុងការចរចារជាមួយនាយករដ្ឋមន្ដ្រីឡាវ ធ្វើឲ្យភាគីឡាវព្រមដកទ័ពចេញអស់ពីទឹកដីកម្ពុជា ដោយគ្មានលក្ខខណ្ឌ។ ទាំងនេះបញ្ជាក់ពីភាពវ័យឆ្លាត ទាំងផ្នែកនយោបាយកាទូត និងយោធា បញ្ជៀសពីការប្រឈមមុខដោយអាវុធ មកជាការចរចារដោយសន្ដិវិធី គ្មានអ្នកនយោបាយណាអាចមកប្រកួតប្រជែងបានឡើយ។
លោកឧត្តមសេនីយ៍ផ្កាយ៣ ចាប ភក្ដី បានប្រកាសនៅចំពោះមុខកងកម្លាំងយោធារបស់ខ្លួនថា «យើងខ្ញុំទាំងអស់គ្នាសូមប្ដេជ្ញាគាំទ្រ នូវគោលនយោបាយជាយុទ្ធសាស្ដ្រ របស់រាជរដ្ឋាភិបាលកម្ពុជា ប្ដេជ្ញាធ្វើពលីកម្មគ្រប់បែបយ៉ាងក្នុងបុព្វហេតុការពារជាតិមាតុភូមិ និងប្រជាពលរដ្ឋ ជាពិសេសប្រឆាំងដាច់ខាតចំពោះការញុះញ៉ង់ របស់ពួកជនអគិតមួយចំនួនដែលគៀងគរប៉ុនប៉ុង ឲ្យមានការធ្វើបដិវត្តន៍ពណ៌ ផ្ដូលរលំរាជរដ្ឋាភិបាលស្របច្បាប់ និងគាំទ្របេក្ខភាពសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ដ្រីគ្រប់អាណត្តិជារៀងរហូត»៕