(ភ្នំពេញ)៖ គ្រោះអគ្គិភ័យឆេះឃ្លាំងស្តុកអេតចាយមួយ បានកើតឡើង នៅម៉ោង២៖២០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយរហូតមកដល់ម៉ោង៧៖០០នាទីព្រឹកថ្ងៃដដែលនេះទើបរលត់។
លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃនេះថា គ្រោះអគ្គិភ័យនេះ សមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់ អគ្គិភ័យជាង៣០គ្រឿង ដែលមកពីស្នងការនគរបាលរាជធានីភ្នំពេញ អាវុធហត្ថរាជធានីភ្នំពេញ និងរថយន្តពន្លត់អគ្គិភ័យក្រុមហ៊ុន OCIC របស់អ្នកឧកញ៉ា ពង់ ឃាវសែ ផងដែរ ដោយប្រើប្រាស់អស់ទឹកជាង១០០ជើង ទើបអាចគ្រប់គ្រងស្ថានការណ៍បាន។
លោកអភិបាលខណ្ឌបញ្ជាក់ថា គ្រោះអគ្គិភ័យឆេះឃ្លាំងស្តុកអាចចាយនេះ គឺបំផ្លាញទ្រព្យសម្បត្តិខ្ទង់ម៉ឺនដុល្លារ ហើយសំណាងដែរ ដែលអគ្គិភ័យមិនបានរាលដាល ដល់ឃ្លាំងស្តុកអេតចាយមួយកន្លែងទៀតនៅជិតនោះ បើមិនដូច្នេះអាចនឹងកើតគ្រោះធ្ងន់ធ្ងរជាងនេះ។
លោកអធិការខណ្ឌដង្កោ ជឹម ស៉ីថា បានបញ្ជាក់ឲ្យដឹងថា អគ្គីភ័យឆេះឃ្លាំងទិញ-លក់អេតចាយ ដែស្ថិតតាមបណ្តោយផ្លូវលំ 35D ក្រុមទី១៤ ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញនេះ មានម្ចាស់ឃ្លាំងឈ្មោះ គង់ ចាន់ ភេទប្រុស អាយុ៥៧ឆ្នាំ ដោយមូលហេតុមកពីឆ្លងចរន្តអគ្គិសនី។
លោកបន្តថា ឃ្លាំងនេះសង់ពីដែកប្រក់ស័ង្កសី ទំហំ៤៥ម៉ែត្រគុណ២៥ម៉ែត្រ ហើយគ្រោះអគ្គិភ័យនេះ មិនបណ្តាលឲ្យមនុស្សស្លាប់ ឬរបួសនោះទេ៕