(ភ្នំពេញ)៖ ការប្រកួតកីឡាស៊ីហ្គេម លើកទី២៩ នៅម៉ាឡេស៊ី បានចាប់ផ្ដើមយុទ្ធនាការប្រកួតដណ្ដើមមេដាយជាបណ្ដើរៗលើប្រភេទកីឡាមួយចំនួនហើយ បើទោះបីពិធីបើកផ្លូវការពុំទាន់ឈានមកដល់ក៏ដោយ ។ ជាក់ស្ដែងគិតត្រឹមយប់ថ្ងៃទី១៧ ខែសីហានេះ ក្រុមអត្តពលិកម្ចាស់ផ្ទះម៉ាឡេស៊ី បាននឹងកំពុងឈរកំពូលតារាងមេដាយបណ្ដោះអាសន្ន បន្ទាប់ពីពួកគេដណ្ដើមបានមេដាយច្រើនជាងគេ ខណៈកម្ពុជាឈរលេខរៀងទី១០ លើក្រុមអត្តពលិកទីម័រខាងកើត ។
សម្រាប់លទ្ធផលបណ្ដោះអាសន្នថ្ងៃនេះ ក្រុមអត្តពលិកម៉ាឡេស៊ី ដណ្ដើមបានមេដាយសរុប ១០វិញ្ញាសា រួមមានមេដាយមាស៤ ប្រាក់៣ និងសំរឹទ្ធ៣ តាមពីក្រោយដោយក្រុមអត្តពលិកឥណ្ឌូនេស៊ី ដែលដណ្ដើមបានមេដាយសរុប ៣វិញ្ញាសា គឺមានមេដាយមាស២ និងសំរឹទ្ធ១ ។ ចំណែកក្រុមអត្តពលិកថៃ ដែលជាប្រទេសដណ្ដើមបានមេដាយច្រើនជាងគេ កាលពីស៊ីហ្គេម លើកទី២៨ នៅសិង្ហបុរី បច្ចុប្បន្នពួកគេទើបដណ្ដើមមេដាយមាស១ និងប្រាក់១ ប៉ុណ្ណោះ ។
ដោយឡែកក្រុមអត្តពលិកកម្ពុជាវិញ បាននឹងកំពុងឈរលេខរៀងទី១០ ក្រោយដណ្ដើមបានមេដាយសំរឹទ្ធ ២វិញ្ញាសា ស្មើក្រុមឈរលេខរៀងទី៩ គឺក្រុមអត្តពលិកឡាវ ។ មេដាយសំរឺទ្ធទាំង ២វិញ្ញាសារបស់កម្ពុជា គឺដណ្ដើមបានដោយក្រុមកីឡាឈីនឡូនកម្ពុជា លើវិញ្ញាសាទី១ និងវិញ្ញាសាទី១ ។ តែយ៉ាងណានេះគ្រាន់តែជាការបង្ហាញខ្លួនប្រភេទកីឡាដំបូងប៉ុណ្ណោះ ស្របពេលប្រភេទកីឡាជាច្រើនផ្សេងទៀត នឹងសម្រុកចេញពីកម្ពុជា ឆ្ពោះទៅទីក្រុងកូឡាឡាំពួរ នាថ្ងៃទី១៨ និងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧នេះ ។
គួរបញ្ជាក់ថា ស៊ីហ្គេមលើកនេះ កម្ពុជាបានបញ្ជូនអត្ដពលិក ២៤ប្រភេទកីឡាទៅចូលរួម ហើយពេលនេះមានអត្តពលិក ៥ប្រភេទកីឡា បានធ្វើដំណើរទៅដល់ទីក្រុងកូឡាឡាំពួរ គឺមានក្រុមបាល់ទាត់ក្រោមអាយុ ២២ឆ្នាំ, ក្រុមកីឡាសីប៉ាក់តាក្រ, ក្រុមកីឡាបាល់អោប, ជិះសេះ និងក្រុមកីឡាអត្តពលកម្ម ។ ប៉ុន្ដែក្នុងនោះក្រុមកីឡាបាល់ទាត់ និងសីប៉ាក់តាក្រ ឬឈីនឡូន បានធ្វើការប្រកួតហើយ ។ ចំណែកថ្ងៃទី១៨ ខែសីហាស្អែកនេះ នឹងមានកីឡា ៥ប្រភេទទៀត ត្រូវចេញដំណើរទៅទីនោះ រួមមានបាល់បោះ, ប្រដាល់, កាយសម្ព័ន្ធ, វាយកូនឃ្លីលើតុ និងក្រុមកីឡាវ៉ូស៊ូ ៕