(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ទោ ពេជ្រ វណ្ណា នាយករងទីចាត់ការ ការងារព្រំដែនអគ្គបញ្ជាការដ្ឋាន និងជាប្រធានការិយាល័យ ទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ប្រាប់ឲ្យមន្ត្រីនៃការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ទាំងអស់ថា ត្រូវបន្តខិតខំបន្ថែមទៀត ក្នុងការរឹតចំណងទំនាក់ទំនងល្អ ជាមួយប្រទេសជិតខាងជាប់ព្រំដែន ដើម្បីបង្កើនភាពងាយស្រួល ក្នុងការជួយអន្តរាគមន៍ដល់ប្រជាពលខ្មែរ ដែលមានបញ្ហាក្នុងទឹកដីប្រទេសគេ ជាពិសេសនោះ គ្រប់មន្ត្រីដែលឈរជើងតាមច្រកព្រំដែន ត្រូវគ្រប់គ្រងឲ្យបាននូវរាល់ការចេញចូល របស់ប្រជាពលរដ្ឋខ្មែរ ទៅក្នុងទឹកដីថៃ និងពលរដ្ឋថៃ ចូលមកកម្ពុជា។
លោកឧត្តមសេនីយ៍ទោ ពេជ្រ វណ្ណា បញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរ ដែលធ្វើចំណាកស្រុកទៅប្រទេសថៃ ទាំងស្របច្បាប់ និងមិនស្របច្បាប់ តែងជួបគ្រោះថ្នាក់ជាយថាហេតុញឹកញ៉ាប់ ខ្លះត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារ ខ្លះបញ្ជូន ឲ្យត្រឡប់មកវិញហើយខ្លះទៀត ត្រូវបានសមត្ថកិច្ចបាញ់សម្លាប់។
ថ្លែងដូចនេះ ក្នុងឱកាសបូកសរុបលទ្ធផលការងារឆមាសទី១ និងទិសដៅបន្តឆមាសទី២ ឆ្នាំ២០១៧ របស់ការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧នេះ ដោយមានការចូលរួមពី លោកប្រធានច្រកតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃទាំង២៤។
លោកឧត្តមសេនីយ៍ទោ ពេជ្រ វណ្ណា លើកឡើងថា តាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្រុមការងារចម្រុះតាមបណ្តាលច្រកទ្វារព្រំដែន បានបំពេញការងារ សម្របឆ្លងដែនជូនមន្ត្រីរាជការ ពលរដ្ឋទៅប្រទេសថៃ ចំនួន៨,៩៤១លើក, សម្របឆ្លងដែនជូនមន្ត្រីរាជការ ពលរដ្ឋទៅប្រទេសកម្ពុជា ចំនួន៩១១លើក, ចូលរួមប្រជុំជាមួយស្ថាប័នពាក់ព័ន្ធ និងពិធីផ្សេងៗចំនួន២៨១លើក, រួមសហការប្រតិបត្តិការណ៍ជាមួយភាគីថៃ ចំនួន៨៩លើក, សហការល្បាតព្រំដែនក្នុងភូមិសាស្ត្រចំនួន១១៦លើក។
ដោយឡែក សភាពការសន្តិសុខ ក្នុងឆ្នាំ២០១៦-២០១៧ ពលរដ្ឋកម្ពុជាចូលលួចកាប់ឈើខុសច្បាប់ ត្រូវបានសមត្ថកិច្ចថៃចាប់ចំនួន២៨លើក, ការបង្ក្រាបគ្រឿងញៀន ត្រូវបានសមត្ថកិច្ចថៃចាប់ចំនួន៨លើក, ពលរដ្ឋខ្មែរធ្វើអត្តឃាតខ្លួនឯងចំនួន៥លើក ស្លាប់៨នាក់, ចាប់ជនសង្ស័យ៥នាក់ ពលរដ្ឋកម្ពុជាជួបគ្រោះថ្នាក់ចរាចរណ៍ចំនួន៣៦លើក ស្លាប់២៤នាក់ រងរបួស២៥នាក់ ពលរដ្ឋបានស្លាប់ដោយសារជំងឺក្នុងទឹកដីថៃចំនួន៧៩នាក់៕