(ភ្នំពេញ)៖ ដោយមានការស្នើសុំពីសំណាក់អាជ្ញាធរមូលដ្ឋានខណ្ឌដង្កោ នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧នេះ លោក តាំង សុនឡាយ ប្រធានសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ និងអនុញ្ញាតឲ្យតំណាងអយ្យការដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះ ចុះឆែកឆេរឃ្លាំងទទួលបញ្ចាំរថយន្ត និងម៉ូតូដ៏ធំមួយកន្លែង ស្ថិតក្នុងភូមិកំរៀង សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ សង្ស័យជាប់ពាក់ព័ន្ធនឹងបទល្មើស។
ជុំវិញប្រតិបត្តិការចុះឆែកឆេរឃ្លាំងខាងលើ ដឹកនាំដោយផ្ទាល់ពីសំណាក់លោក កុល បុន ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ និងលោក នុត ពុធដារ៉ា ប្រធានគណៈបញ្ជាការឯកភាពខណ្ឌដង្កោ ដោយមានការចូលរួមពី ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អធិការខណ្ឌ មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ រួមនឹងកម្លាំងសមត្ថកិច្ចជាច្រើនទៀត ហើយចំពោះប្រតិបត្តិការនេះ សមត្ថកិច្ចបានរកឃើញរថយន្តសរុបចំនួន៣៣គ្រឿង។
យ៉ាងណាក៏ដោយមន្រ្តីនគរបាលខណ្ឌដង្កោ បានបញ្ជាក់ថា នៅក្នុងឃ្លាំងមួយនេះ សមត្ថកិច្ចបានពិនិត្យទៅលើឯកសារទទួលបញ្ចាំយាន្តយន្តទាំង៣៣គ្រឿងនោះ គឺពុំមានពាក់ព័ន្ធនឹងបទល្មើសអ្វីទេ ដោយមានឯកសារទទួលបញ្ចាំត្រឹមត្រូវ។
គួរបញ្ជាក់ថា ក្រោយពីលោក ឃួង ស្រេង អភិបាល នៃអភិបាលរាជធានីភ្នំពេញ បានដាក់បញ្ជាឲ្យកម្លាំងអាជ្ញាធរ សមត្ថកិច្ចគ្រប់បណ្តាខណ្ឌទាំងអស់ ក្នុងរាជធានីភ្នំពេញ ចេញប្រតិបត្តិការត្រួតពិនិត្យមើលច្បាប់ទម្លាប់គ្រប់ទីតាំងឃ្លាំងទទួលបញ្ចាំ ទើបអាជ្ញាធរ និងសមត្ថកិច្ចខណ្ឌដង្កោ បានចុះត្រួតពិនិត្យតាមមូលដ្ឋាន ហើយសង្កេតឃើញឃ្លាំងខាងលើដែលមានម្ចាស់ឈ្មោះ ឃឹម យោល ភេទប្រុស អាយុ៥៦ឆ្នាំ មានទទួលបញ្ចាំរថយន្ត និងម៉ូតូ ដូច្នេះសមត្ថកិច្ច មានការសង្ស័យទីតាំងនេះ អាចជាប់ពាក់ព័ន្ធនឹងបទល្មើសផ្សេងៗ ទើបសមត្ថកិច្ចក៏បានធ្វើលិខិតស្នើសុំទៅ ប្រធានសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសុំដីកាចុះឆែកឆេរទីតាំងឃ្លាំងតែម្តងទៅ។
ប៉ុន្តែក្រោយទទួលបានដីកាអនុញ្ញាតពីប្រធានសាលាដំបូងរាជធានីភ្នំពេញហើយនោះ ទើបនៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧នេះ សមត្ថកិច្ចចម្រុះ ក៏ចុះឆែកឃ្លាំង រកឃើញរថយន្ត ដែលយកមកបញ្ចាំចំនួន៣៣គ្រឿង ដែលឯកសារទទួលបញ្ចាំត្រឹមត្រូវ ហើយមិនមានរកឃើញអ្វីដែលពាក់ព័ន្ធនឹងបទល្មើសឡើយណាមួយទីតាំងក៏មានច្បាប់ដែរ ដូច្នេះតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចដកកម្លាំងចេញពីទីតាំងឃ្លាំងខាងលើ និងប្រគល់រថន្តទាំង៣៣គ្រឿងនោះ ទៅម្ចាស់ឃ្លាំងប្រកបអាជីវកម្ម ធម្មតាវិញ។
សូមបញ្ជាក់បន្ថែមថា ប៉ុន្មានថ្ងៃនេះគេសង្កេតអាជ្ញាធរទាំង១២ខណ្ឌ ក្នុងរាជធានីភ្នំពេញ បានចេញសកម្មភាពយ៉ាងសកម្ម ក្នុងប្រតិបត្តិការបង្ក្រាបទីតាំងេតបង្កប់ល្បែងស៊ីសងគ្រប់ប្រភេទ និងឆែកឃ្លាំងបញ្ចាំជាច្រើនកន្លែងផងដែរ៕