(សៀមរាប)៖ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧នេះ អញ្ជើញប្រកាសឲ្យចូលកាន់តំណែងជាផ្លូវការ របស់លោកស្រី ម៉ននី រង្សី ជាអភិបាលស្រុកក្រឡាញ់។
នេះគឺជាប្រវត្តិសាស្រ្តថ្មីមួយសម្រាប់ស្រុកក្រឡាញ់ នៃខេត្តសៀមរាប ដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានតែងតាំងមន្រ្តីរាជការ ជាស្រ្តីមួយរូបជាអភិបាលស្រុក ដែលការតែងតាំងមុខតំណែងនេះសក្ដិសមនឹងមនសិការវិជ្ជាជីវៈ ស្មារតីស្នេហាជាតិពិតៗ ព្រមទាំងការខិតខំប្រឹងប្រែង យ៉ាងស្វិតស្វាញក្នុងការបម្រើប្រជាពលររដ្ឋ និងជាតិមាតុភូមិ នាពេលកន្លងមក។
លោក ឃឹម ប៊ុនសុង ក៏បានណែនាំដល់ លោកស្រីអភិបាលស្រុកក្រឡាញ់ដែលទើប តែងតាំងថ្មី រួមទាំងក្រុមប្រឹក្សា គណៈអភិបាលស្រុក មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ នៃស្រុកក្រឡាញ់ ត្រូវរួមសហការគ្នាអនុវត្តការងារសំខាន់ៗ ជាអាទិភាព រួមមាន៖
*ត្រូវបន្តរួមគ្នាថែរក្សាការពារសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពសង្គម ឲ្យបានល្អប្រសើរ។
*បន្តខិតខំលើកកម្ពស់ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈទូទាំងស្រុកក្រឡាញ់ ដោយជម្រុញការផ្សព្វផ្សាយនូវ លក្ខណៈសម្បត្តិទាំង០៩ នៃគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ឲ្យបានសស្រាក់សស្រាំទូទាំងស្រុកក្រឡាញ់។
*មន្រ្តីអនុវត្តច្បាប់ទាំងអស់ ត្រូវខិតខំលើកកម្ពស់សមត្ថភាពជំនាញ និងសីលធម៌វិជ្ជាជីវៈ ត្រូវមានភាពស្អាតស្អំ និងខិតខំបម្រើប្រជាពលរដ្ឋដោយ ស្មោះត្រង់ និងស្មើភាព។
*ត្រូវបន្តជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមលើគ្រប់វិស័យ និងខិតខំលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន តាមរយៈការផ្តល់សេវាសាធារណៈ និងជំរុញកិច្ចអភិវឌ្ឍមូលដ្ឋាន ព្រមទាំងខិតខំសម្របសម្រួលដោះស្រាយបញ្ហាប្រឈមនានា ដែលនៅសេសសល់ សំដៅរួមគ្នាធានាឲ្យបាននូវប្រក្រតីភាព នៃការងារគ្រប់វិស័យទូទាំងស្រុក។
*បន្តជំរុញអនុវត្តកម្មវិធីកំណែទម្រង់នានា របស់រាជរដ្ឋាភិបាលឲ្យ ដោយឡែកចំពោះកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ក្រុមប្រឹក្សា គណៈអភិបាលស្រុកក្រឡាញ់ មន្រ្តីជំនាញនានា មន្រ្តីសាលាស្រុក ក្រុមប្រឹក្សាឃុំ ទីប្រឹក្សា និងមន្រ្តីជំនួយការនានា ត្រូវចូលរួមអនុវត្តឲ្យបានសម្រេចនូវផែនការសកម្មភាព និងថវិការបស់ ផ.អ.៣ នៃខេត្តសៀមរាប។
*ត្រូវបន្តចូលរួមអនុវត្តបទបញ្ជានានា របស់រាជរដ្ឋាភិបាល ពិសេសបទល្មើសព្រៃឈើ និងបទល្មើសក្នុងដែនឡូត៍នេសាទ ដកហូតការទទ្រ្ទានយកដែនព្រៃលិចទឹក៕