(ភ្នំពេញ)៖ ក្មេងកំព្រា ជនអនាថាជាង៩០០នាក់ ត្រូវបានលោក សន សុផល ប្រធានមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ធ្វើសមាហរណកម្មប្អូនៗយុវជន និងក្មេងៗកំព្រា អនាថាដើរសុំទានតាមដងផ្លូវ តាមភ្លើងស្តុប ឬក្មេងខ្សោយសតិបញ្ញា ទៅក្នុងសង្គមតាមរយៈអង្គការជាដៃគូ ចំនួន៣៥អង្គភាព ដើម្បីឲ្យពួកគេមានចំណេះ ជំនាញខ្លះៗ ក្នុងការចិញ្ចឹមជីវិតទៅថ្ងៃអនាគត។
លោក សន សុផល បានលើកឡើងបែបនេះ ខណៈលោកបានជូនដំណើរ ជនអនាថា ក្មេងកំព្រា ក្មេងខ្សោយសតិបញ្ញា ក្មេងដើរសុំលុយតាមដងផ្លូវ តាមភ្លើងស្តុប ទៅតាមអង្គការដើម្បីបណ្តុះបណ្តាលវិជ្ជាជីវៈដល់ពួកគេ ជាង៩០០នាក់ នារសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧នេះ នៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជន រាជធានីភ្នំពេញ។
លោក សន សុផល បានបញ្ជាក់ទៀតថា នេះគឺជាឆ្លើយតបទៅសកម្មភាពមនុស្សធម៌ ជំរុញមិនឲ្យមាននរណាម្នាក់ថា ស្លាប់ដោយគ្មានបាយទទួលទាន ឬដោយសារអាជ្ញាធរ យើងមិនបានដឹងនោះទេ។ ជាមួយគ្នានេះ លោកប្រធានមន្ទីរ ក៏អរគុណដល់អង្គការជាដៃគូ ដែលបានសហការទទួលយកកុមារអនាថា ក្មេងកំព្រា ឬជនមានសតិមិនប្រក្រតីទាំងនេះ ទៅបណ្តុះបណ្តាលផ្តល់ជំនាញដល់ពួកគាត់។
ឆ្លើយតបចំពោះអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ លោកស្រី រ៉ូណាស្មីត ដែលបារម្ភអំពីការហូបចុក និងការស្នាក់នៅរបស់ជនអនាថា នោះ លោក សន សុផល បានបញ្ជាក់ថា សូមកុំបារម្ភកន្លែងស្នាក់នៅ និងការហូបចុកនោះ គឺអង្គភាពមានការយកចិត្តទុកដាក់ និងផ្គត់ផ្គង់សមរម្យហើយ ហើយបើលោកស្រីបារម្ភ សូមជួយឧបម្ភត្ថដល់ការខ្វះខាត ដូចជាការសាងសង់អគារបន្ថែម ដើម្បីសម្រួលការខ្វះខាតនេះ។
ប្រធានមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ បានថ្លែងថា ស្ទើរជារៀងរាល់ខែ មន្ទីរបានធ្វើសមាហរណកម្ម ក្រុមជនអនាថា ដែលពួកគាត់ស្នាក់នៅតាមទីសាធារណៈ តាមចិញ្ចើមថ្នល់ វត្តអារាម តាមផ្សារនានាក្នុងរាជធានី ដែលអាជ្ញាធរតាមខណ្ឌយកមកដាក់មណ្ឌលសំចតសង្គមកិច្ចនេះ។ បើតាមលោកប្រធានមន្ទីរ ក្នុងឆមាសទី១ មន្ទីរសង្គមកិច្ចបានទទួលក្រុមជនអនាថា បានចំនួនជាង៩០០នាក់ហើយ។
ដោយឡែកចំពោះក្មេងៗ ដែលមានឪពុកម្តាយបណ្តោយឲ្យកូនៗដើរសុំទានតាមផ្លូវនោះ បើចង់យកកូនៗត្រឡប់ទៅវិញ គឺខាងអង្គការ ជួយបងៀនជំនាញរយៈពេលកន្លះឆ្នាំសិន ទើបអនុញ្ញាតឲ្យត្រឡប់ទៅវិញ៕