(ព្រះសីហនុ)៖ ប្រឈមនឹងគ្រោះទឹកជំនន់ ដែលកំពុងវាយប្រហារនៅតាមតំបន់មួយចំនួន ក្នុងខេត្តព្រះសីហនុ ដោយសារភ្លៀងធ្លាក់ខ្លាំង នៅពេលនេះ ស្នងការនគរបាល ខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានចាត់ឲ្យកម្លាំងនគរបាលតាមមូលដ្ឋាន ចុះផ្សព្វផ្សាយណែនាំ ដល់បងប្អូនប្រជាពលរដ្ឋ តាមខ្នងផ្ទះរបស់ពួកគាត់ ឲ្យមានការប្រុងប្រយ័ត្ន ចំពោះខ្យល់កន្រ្តាក់ ទឹកជំនន់ លិចផ្ទះ ដែលបណ្តាលមកពីមេឃភ្លៀងកំពុងតែធ្លាក់ខ្លាំង និងជាពិសេសណែនាំឲ្យប្រុងប្រយ័ត្នក្មេងៗ កុំឲ្យលេងទឹក វាអាចគ្រោះថ្នាក់ដោយចៃដន្យ។
លោកឧត្តមសេនីយ៍សុ្នងការ បានបញ្ជាក់ផងដែរ កម្លាំងនគរបាលរបស់លោក បានសហការជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរ ត្រៀមតាមគោលដៅគ្រប់ពេលវេលា ដើម្បីតាមដាន និងជួយអន្តរាគមន៍នៅពេលមានគ្រោះថ្នាក់កើតឡើងជាយថាហេតុ ទៅលើបងប្អូនប្រជាពលរដ្ឋ ដោយសារតែគ្រោះធម្មជាតិមួយនេះ។ ជាមួយគ្នានេះ លោកស្នងការ ក៏ចាត់ឲ្យគ្រូពេទ្យនគរបាល នៃការិយាល័យសុខាភិបាល នាំថ្នាំសង្កូវទៅចែកជូនប្រជាពលរដ្ឋផងដែរ ដែលកំពុងជួបគ្រោះទឹកជំនន់នេះ។
កាលពីព្រឹកមិញ លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក បានបញ្ជាក់យ៉ាងដូច្នេះថា «នៅថ្ងៃនេះឥទ្ធិពលសម្ពាធទាប ដែលបានកើតឡើង នៅសមុទ្រចិនខាងត្បូង បានធ្វើដំណើរមកដល់ផ្នែកខាងក្រោម នៃទីក្រុងហូជីមិញ ប្រទេសវៀតណាម ដែលធ្វើឲ្យជះឥទ្ធិពលមកដល់ប្រទេសកម្ពុជា នាំឲ្យភ្លៀងនៅបន្ដកើតមាន នៅតាមមាត់សមុទ្រក្នុងខេត្តទាំង៤ ហើយភ្លៀងធ្លាក់នៅថ្ងៃនេះ នឹងបន្ដពង្រីកឥទ្ធិពលទៅកាន់តំបន់ទំនាបកណ្ដាលភាគខាងកើត រួមមាន៖ ខេត្តព្រៃវែង ខេត្តស្វាយរៀង បូកទាំងរាជធានីភ្នំពេញ និងខេត្តកណ្ដាលផងដែរ»។
បើតាមអ្នកនាំពាក្យ ឥទ្ធិពលដដែលនេះនឹងបន្ដកើតមានឡើង នៅថ្ងៃទី១៨-១៩ នៅតំបន់ទំនាបកណ្ដាលភាគពាយព្យ រួមមាន៖ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យជាដើម បូករួមទាំងតំបន់ខ្ពស់រាបផងដែរ ហើយឥទ្ធិពលនេះនឹងថយទៅវិញ នៅថ្ងៃទី២០ ខែសីហា៕