(សៀមរាប)៖ នាទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧នេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់អំណោយមនុស្សធម៌ជាលើកទី២ រួមមានគ្រឿងឧបភោគ-បរិភោគ សម្ភារៈប្រើប្រាស់ និងថវិកា ជូនដល់គ្រួសារជនពិការចំនួន ២៧០គ្រួសារ នៃសមាគមជនពិការអង្គរ ដែលមានទីតាំងស្ថិតនៅ ភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។
ក្នុងពិធីសំណេះសំណាលនោះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតស្រឡាញ់ និងកោតសរសើរចំពោះទឹកចិត្តដ៏ថ្លៃថ្លារបស់ជនពិការទាំងអស់ នៃសមាគមជនពិការអង្គរ ដែល "ពិការតែកាយ តែមិនពិការចិត្ត" បានខិតខំអភិវឌ្ឍសមត្ថភាព ជំនាញវិជ្ជាជីវៈ កសាងមុខរបរដោយសុច្ចរិត ដើម្បីរកប្រាក់ចំណូលចិញ្ចឹមជីវភាពរស់នៅ ឱ្យបានស្មើមុខស្មើមាត់ដូចមនុស្សដទៃទៀតដែរ។
សមាគមជាតិកាកបាទក្រហមកម្ពុជា គឺជាជំនួយការឱ្យអាជ្ញាធរសាធារណៈលើវិស័យមនុស្សធម៌ ជាពិសេសរាជរដ្ឋាភិបាលកម្ពុជា ដែលជានិច្ចកាលតែងគិតគូរ យកចិត្តទុកដាក់អនុវត្ត នូវគោលនយោបាយលើកកម្ពស់ជនពិការ ធ្វើយ៉ាងណាផ្តល់ភាពកក់ក្តៅ និងផ្តល់ឱកាសដល់ជនពិការឲ្យមានលទ្ធភាពចូលរួមក្នុងកិច្ចការសង្គម ដើម្បីអភិវឌ្ឍប្រទេសជាតិដែលមានសុខសន្តិភាព ស្ថិរភាពមួយនេះ ឱ្យបានកាន់តែរីកចម្រើនឥតឈប់ឈរ។
ដើម្បីឆ្លើយតបទៅនឹងអំណោយមនុស្សធម៌ដ៏ថ្លៃថ្លានេះ លោក សេម សុវន្ថា ប្រធានសមាគមជនពិការអង្គរ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលសម្ដេចតែងតែគិតគូរយកចិត្តទុកដាក់ជាប្រចាំជួយដល់ជនពិការទាំងអស់ ដែលជាជនងាយរងគ្រោះបំផុត ដែលត្រូវការអំណោយមនុស្សធម៌ទាំងនេះជាចាំបាច់ក្នុងការជួយសម្រាលការលំបាកក្នុងជីវភាពប្រចាំថ្ងៃបានមួយរយៈពេលដែរ។
សូមបញ្ជាក់ថា អំណោយមនុស្សធម៌ដែលបានផ្តល់ជូនសមាគមជនពិការអង្គរ រួមមាន ៖ អង្ករ ៥០០គីឡូក្រាម មីយើង ១០កេស ត្រីខ ១កេស ទឹកក្រូច ១០កេស ទឹកសុទ្ធ ១០កេស ទឹកត្រី ៣៦ដប ទឹកស៊ីអ៊ីវ ៣៦ដប ប្រេងឆា ១២ដប រទេះជនពិការ ១០គ្រឿង និងថវិកា ៤លានរៀល។ ដោយឡែក សម្រាប់ ជនពិការទាំង ២៧០នាក់ ក្នុងម្នាក់ៗទទួលបាន អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង មុង១ ភួយ១ សារុង១ ក្រមា១ និងថវិកា ៥ម៉ឺនរៀល។
បន្ទាប់មក លោកស្រី អគ្គលេខាធិការរងទី ១ រួមជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានបន្តដំណើរចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជូនដល់ គ្រួសារចាស់ជរា ជនពិការក្រីក្រ ចំនួន ៩គ្រួសារ ទៀត រស់នៅភូមិមណ្ឌល៣ សង្កាត់ស្លរក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ផងដែរ៕