(ភ្នំពេញ)៖ ក្រុមហ៊ុន ​មាតុភូមិ​យើង​អចលនទ្រព្យ ​ដែល​កំពុង​រកស៊ី​ពុះ​ដី​ឡូ​តិ៍​លក់ ​នៅ​ភូមិ​អង្គ​ស្រែ​ពោធិ៍ ​ឃុំ​ទួ​លព្រេ​ជ ​ស្រុក​អង្គស្នួល ​ខេត្តកណ្តាល ​បាន​រង​នូវ​ការចោទប្រកាន់​ថា ​បាន​ទិញ​ដី​ពី​ម្ចាស់​ដើម​បង់​តែ​លុយ​កក់ ​គ្មាន​លុយ​បង់​បង្គ្រប់ ​ទុក​រហូត​ទាល់​តែ​ហូ​សកិ​ច្ច​សន្យា ​ហើយ​បែរជា​យក​ដី​នោះ​ទៅ​ពុះ​ឡូ​តិ៍ ​លក់​បន្ត​ឲ្យ​អតិថិជន​ដោយ​ខុសច្បាប់ ​គ្មាន​ការ​ដឹងឮ​ពី​អាជ្ញាធរ​ភូមិ​-​ឃុំ ​និង​ពី​ម្ចាស់ដី​អ្វី​ឡើយ ​បើ​ទោះបី​ម្ចាស់ដី​បាន​ប្ដឹង​សុំ​មោឃភាព​កិច្ចសន្យា​ទិញ ​លក់​រួចហើយ​ក៏ដោយ​។

លោកស្រី ​អ៊ឹ​ង ​សៀក​ទៀង ​និង ​ឈ្មោះ ​សិ​ក ​មិត្ត​ផេង ​ដែល​ជា​ម្ចាស់ដី​ទំ​ហ៊ំ៥៤,៤០០ម៉ែត្រការ៉េ ​មាន​ទីតាំង ​នៅក្នុង​ភូមិ ​អង្គ​ស្រែ​ពោធិ៍ ​ឃុំ​ទួ​លព្រេ​ជ ​ស្រុក​អង្គស្នួល ​ខេត្តកណ្តាល ​បាន​ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា ​កាលពី​ថ្ងៃទី១០ ​ខែកុម្ភៈ ​ឆ្នាំ២០១៧ ​ឈ្មោះ ​ធិប ​ចន្ទ្រា ​ភេទប្រុស ​អាយុ ​២៩ឆ្នាំ ​មុខរបរ ​ប្រធាន​ក្រុមហ៊ុន ​មាតុភូមិ​យើង​អចលនទ្រព្យ ​មាន​ទីលំនៅ​ផ្ទះលេខ៧៨ ​ផ្លូវ​លេខ១០៨៩ ​សង្កាត់​ភ្នំពេញថ្មី ​ខណ្ឌ​សែនសុខ ​រាជធានី​ភ្នំពេញ ​បាន​មក​ទិញ​ដី​ពី​ពួកគាត់ ​ក្នុង​តម្លៃ ​៥,៥០ដុល្លារ ​ដោយ​ភាគី​អ្នកទិញ ​បាន​ព្រម​ប្រគល់​ប្រាក់កក់​ចំនួន ​១៥,០០០ដុល្លារ​។ ​នៅក្នុង​កិច្ចសន្យា​ទិញ​លក់​នោះ ​ភាគី​អ្នកទិញ​ឈ្មោះ ​ធិប ​ចន្ទ្រា ​បាន​សន្យា​ថា ​និង​ប្រគល់​លុយ​ថ្លៃ​ដី​ឱ្យ​គ្រប់​ចំនួន ​នៅ​ថ្ងៃទី១០ ​ខែមិថុនា ​ឆ្នាំ២០១៧​។ ​ប៉ុន្តែ​ពេល​ដល់​ថ្ងៃកំណត់​ប្រគល់​លុយ​បង្គ្រប់ ​បែរជា​ឈ្មោះ ​ធិប ​ចន្ទ្រា ​គ្មាន​ប្រាក់​ប្រគល់​ឱ្យ​ភាគី ​អ្នកលក់​នោះ​ទៅវិញ ​ដោយ​បាន​សុំ​ពន្យារពេល​ម្តង​ហើយ​ម្តង​ទៀត​។

បើ​ទោះជា​គ្មាន​លុយ​ប្រគល់​ឱ្យ​ម្ចាស់ដី​តាម​កិច្ចសន្យា​ក៏ដោយ ​ក៍​ឈ្មោះ ​ធិប ​ចន្ទ្រា ​បាន​យក​គ្រឿងចក្រ​ទៅ​ឈូស​ឆាយដី​នោះ​រៀបចំ​ពុះ​ជា​ឡូ​តិ៍​លក់​ជាបន្តបន្ទាប់​ឲ្យ ​អតិថិជន​រហូតដល់​អស់៧០​% ​ដោយ​មិន​គោរព​តាម​កិច្ចសន្យា​នោះ​ទេ​។ ​ដោយសារតែ​ឈ្មោះ ​ធិប ​ចន្ទ្រា ​បាន​យក​ដី​ដែល​ខ្លួន​ទិញ​បង់លុយ​កិន​គ្រប់​ទៅ​លក់​បន្ត​បែបនេះ ​ទើប​ភាគី​ម្ចាស់ដី​ឈ្មោះ ​អ៊ឹ​ង ​សៀក​ទៀង ​និង ​សិ​ក ​មិត្ត​ផេង ​បាន​ប្តឹង​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ឱ្យ​មោឃភាព​កិច្ចសន្យា​ទិញ ​លក់​នោះ​ចោល​វិញ ​ដោយមាន​ការយល់ព្រម​ពី​គូភាគី​ទាំងសងខាង​ទៀតផង​។

ប៉ុន្តែ​ឈ្មោះ​ធិប ​ចន្ទ្រា ​មិនបាន​បញ្ឈប់​សកម្មភាព​នោះ​ទេ ​ពោល​គឺ​នៅតែ​បន្ត​យក​ដី​របស់​ឈ្មោះ ​អ៊ឹ​ង ​សៀក​ទៀង ​ទៅ​ពុះ​ឡូ​តិ៍​លក់ ​ដោយ​ខុសច្បាប់​ដដែល​។ ​ជាង​នេះ​ទៅទៀត​នៅ​ថ្ងៃទី២៩ ​ខែមិថុនា ​ឆ្នាំ២០១៧ ​លោក ​ផូង ​វណ្ណ ​ចៅក្រម​នៃ​សាលាដំបូង​ខេត្តកណ្តាល ​បាន​ចេញដីកា​រក្សា​ការពារ​អនុ​វត្ត​ភ្លាម​ៗ​ផ្ដល់​ប្រយោជន៏​ឱ្យឈ្មោះ ​ធិប ​ចន្ទ្រា ​ដើម្បី​កុំឱ្យ​ម្ចាស់ដី​ឈ្មោះ ​អ៊ឹ​ង ​សៀក​ទៀង ​និង ​ឈ្មោះ ​សិ​ក ​មិត្ត​ផេង ​មាន​សិទ្ធិ​ចាត់ចែង​អ្វី​ទាំងអស់​នៅ​លើ​ដី​របស់​ពួកគេ ​តែ​អាច​ទុក​ឱ្យឈ្មោះ ​ធិប ​ចន្ទ្រា ​បន្ត​ពុះ​ឡូ​តិ៍​លក់​ជា​ធម្មតា​ទាំង​មិន​ឱ្យ​លុយ​ម្ចាស់ ​ដី​គ្រប់​ចំនួន​ផង​។ ​ក្រោយមក​នៅ​ថ្ងៃទី២៨ ​ខែកក្កដា ​ឆ្នាំ២០១៧ ​លោក ​ផូង ​វណ្ណ ​ចៅក្រម​នៃ​សាលាដំបូង​ខេត្ត​កណ្ដាល​ដដែល ​បានសម្រេច ​លុប​ដីកា​រក្សា​ការពារ​ចុះ​ថ្ងៃទី២៩ ​ខែមិថុនា ​ឆ្នាំ២០១៧នោះ​ចោល​វិញ​។

ទាក់ទង​ករណីនេះ ​លោក ​ជឹម ​ជួន ​មេឃុំ​ស្តីទី ​និង​លោក ​មឿន ​រុ​ណ ​ជា​ក្រុមប្រឹក្សា​ឃុំ​ទួ​លព្រេ​ជ ​បាន​ថ្លែង​អះអាង​ថា ​ពួកគាត់​ពិតជា​បានដឹង​រឿង ​ឈ្មោះ ​អ៊ឹ​ង ​សៀក​ទៀង ​និង​ឈ្មោះ ​សិ​ក ​មិត្ត​ផេង ​លក់​ដី​ខាងលើ ​ឱ្យទៅ​ឈ្មោះ ​ធិប ​ចន្ទ្រា ​មែន​ដោយមាន​អាជ្ញាធរ​ខាង​លោក ​ជា​អ្នក​បោះត្រា​ដឹងឮ​។ ​ក្រោយមក​ដោយសារ​ភាគី​អ្នកទិញ​ឈ្មោះ ​ធិប ​ចន្ទ្រា ​គ្មាន​លុយ​ឱ្យ​ភាគី​អ្នកលក់​តាម ​កាលកំណត់ ​ទើប​ភាគី​អ្នកលក់​បាន​ហៅ​ភាគី​អ្នកទិញ​មក​ធ្វើ​មោឃភាព ​លើ​កិច្ចសន្យា​ទិញ ​លក់​នោះ​វិញ ​នៅចំពោះមុខ ​អាជ្ញាធរ​លោក​ដែរ​។ ​ពួកគាត់​បន្ត​ថា ​ករណី​ដែល​ឈ្មោះ ​ធិប ​ចន្ទ្រា ​នៅតែ​បន្ត​យក​គ្រឿងចក្រ​ទៅ​ឈូស​ឆាយ ​និង​បោះបង្គោល ​ពុះ​ឡូ​តិ៍​លើ​ដី​របស់​ឈ្មោះ ​អ៊ឹ​ង ​សៀក​ទៀង ​និង​ឈ្មោះ​សិ​ក ​មិត្ត​ផេង ​លក់​នោះ ​គឺ​គ្មាន​សុំ​ការអនុញ្ញាត​ពី​អាជ្ញាធរ​ឃុំ​ទេ ​ហើយ ​ការលក់ដូរ​ដី​ឡូ​តិ៍​នោះ​ទៀត​សោ​ធ​ក៏​អាជ្ញាធរ​ឃុំ​មិនបាន​ដឹងឮ​ដែរ ​ព្រោះ​ឃុំ​មិនដែល​បាន​ទទួលស្គាល់​លើ​លិខិត​ទិញ ​លក់​រវាង ​ឈ្មោះ ​ធិប ​ចន្ទ្រា ​ជាមួយ​អ្នកទិញ​ដី​ឡូ​តិ៍​នោះ​ទេ​។​ទោះជាយ៉ាងណា ​តំណាង​ក្រុមហ៊ុន​មាតុភូមិ​យើង​អចលនទ្រព្យ ​លោក ​សាទ ​សេង​ហុង ​បាន​អះអាង​ប្រាប់​អ្នកកាសែត​ថា ​ចំពោះ​ដំណើរការ​លក់​ដី​ឡូ​តិ៍​នេះ ​គឺ​ក្រុមហ៊ុន​បាន​ធ្វើ​កិច្ចសន្យា​ទិញ ​លក់ ​បង់​រំ​លួស​តែ​ជាមួយ​អតិថិជន​ប៉ុណ្ណោះ ​ដោយ​គ្មាន​ឱ្យ​អាជ្ញាធរ​ណា​ដឹងឮ​ទេ ​ចាំ​ទាល់តែ​អតិថិជន​បង់លុយ​គ្រប់​ចំនួន ​បាន​រត់ការ ​ធ្វើ​ប្លង់​ទន់​ដែល​ទទួលស្គាល់​ដោយ​អាជ្ញាធរ​ឃុំ ​និង​ស្រុក​ជូន​អតិថិជន​តែម្ដង​។

ប្រជា​ពល​រដ្ឋ​រដ្ឋ​ម្ចាស​ដី​បាន​ចោទ​ជា​សំនួរ​ថា ​តើ​ឈ្មោះ ​ធិប ​ចន្ទ្រា ​ឬ​ក្រុមហ៊ុន​មាតុភូមិ​យើង​អចលនទ្រព្យ ​ពិតជា​បាន​ទទួល ​អាជ្ញាប័ណ្ណ​ពីសា​លា​ស្រុក​អង្គស្នួល ​ក្នុង​ខណៈ​ដែល​បុគ្គល​នេះ ​មិនទាន់​បាន​ប្រគល់​លុយ​គ្រប់​ចំនួន​ដល់​ម្ចាស់ដី​ឈ្មោះ ​អ៊ឹ​ង​សៀក​ទៀង ​និង​ឈ្មោះ​សិ​ក ​មិត្ត​ផេង ​ប្រាកដ​មែនទេ​? ​បើសិនជា​ដូច្នេះ​មែន​នោះ ​អាជ្ញាធរ​ស្រុក​អង្គស្នួល ​កំពុងតែ​បង្ក​ឲ្យ​មាន​បញ្ហា​វិវាទ​ដីធ្លី ​បន្ថែម​លើ​បញ្ហា​វិវាទ​ដីធ្លី ​ដែល​រាជរដ្ឋាភិបាល ​បាន​នឹង​កំពុង​ព្យាយាម​ដោះស្រាយ​យ៉ាង​យកចិត្ត​ទុកដាក់​នេះ​បន្ថែម​ទៀតហើយ​។

តើហេតុអ្វីបានជាតុលាការមិនចាត់វិធានការបន្ទាន់ដើម្បីទប់ស្កាត់កុំឲ្យបញ្ហាវិវាទដីធ្លីនេះរីករាលដាលកាន់តែធំឡើងៗនោះ៕