(ក្រចេះ)៖ មន្រ្តីកាំកុងត្រូលខេត្តក្រចេះ សហការជាមួយមន្ទីរពាណិជកម្មខេត្ត រួមនិងអាជ្ញាធរស្រុក ដឹកនាំដោយលោក យាង បាក់ អនុប្រធានសាខាកាំកុងត្រួលខេត្ត នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧នេះ បានចុះត្រួតពិនិត្យមុខទំនិញនៅផ្សារចំនួន២ គឺផ្សារសណ្ដាន់ និងផ្សារសំបូរ ដែលស្ថិតនៅស្រុកសំបូរ ខេត្តក្រចេះ។
លោក យាង បាក់ អនុប្រធានសាខាកាំកុងត្រូលបានឲ្យដឹងថា ការចុះត្រួតពិនិត្យនេះ មើលទៅលើផលិតផលជាច្រើន ដែលប្រើប្រាស់ប្រចាំថ្ងៃនិងចំណីអាហារ ដែលអាជីវករដាក់លក់ឲ្យពលរដ្ឋប្រើប្រាស់ប្រចាំថ្ងៃ ដែលជំនាញធ្លាប់ចុះណែនាំជាលើកទី៣ហើយ នៅស្រុកសំបូរនេះ។
លោកបានបញ្ជាក់ថា ការចុះពិនិត្យលើកនេះ ពិនិត្យទៅលើចំណីអាហារ និងគ្រឿងកំប៉ុងជាច្រើនមុខ និងចែកបដាដែលនែនាំឲ្យអាជីវករ យល់ដឹងអំពីរបៀបយកផលិតផល ដាក់លក់ដែលត្រូវហាមឃាត់ដូចជា៖ កំប៉ុងច្រេះស៊ី, កំប៉ុងប៉ោង, កំពិត, ហួសការបរិច្ឆេទប្រើប្រាស់, គ្មានស្លាកសញ្ញាត្រឹមត្រូវ, ស្លាកសញ្ញាមិនត្រូវ, ក្លែងបន្លំគុណភាពមានគ្រោះ, ការដាក់តាំងលក់គ្មានអនាម័យ (រុយរោម ហុយធូលីដី និងកាកសំនល់ផ្សេងៗ...), ការដាក់តាំងលក់ជិតផលិតផលគីមី (សាប៊ូ ជីកសិកម្ម ថ្នាំសំលាប់សត្វល្អិត...)-ល-។
លោក យាង បាក់ បន្ដទៀតថា កម្លាំងរបស់លោកចុះត្រួតពិនិត្យនៅព្រឹកថ្ងៃនេះ ដកហូតទំនិញខូចគុណភាព និងផលិតផលគ្មានស្លាកសញ្ញាបានមួយចំនួនរួមមាន៖ ទឹកក្រូច (King Cola)១ដប៣លីត្រ, ទឹកសណ្ដែក១ដប, ទឹកស៊ីអ៊ីវ៥ដប, ម្សៅសុបខ្នុរ៤៣កញ្ចប់, ទឹកត្រី៥ដប, ទឹកខ្មេះ១ដប សរុបទាំងអស់ចំនួន១១.៣៦គីឡូក្រាម យកទៅដុតបំផ្លាញចោល និងអប់រំពួកគាត់មិនឲ្យយករបស់មកដាក់តាំងលក់ ដែលខូតគុណភាពហួសការបរិច្ឆេទ និងផលិតផល គ្មានស្លាកសញ្ញាព្រោះវាជាកត្ដាដែលបណ្ដាល ឲ្យប៉ះពាល់សុខភាពអ្នកប្រើប្រាស់យ៉ាងខ្លាំង។
លោកអនុប្រធានបានបញ្ជាក់ទៀតថា ក្នុងចុះត្រួតពិនិត្យនៅផ្សារសំបូរ និងផ្សារសណ្ដាន់លើកនេះ គឺបានរកឃើញទំនិញលើសការបរិច្ឆេទ ប្រើប្រាស់ទំនិញគ្មានស្លាកសញ្ញា និងទំនិញខូចគុណភាពតិចតួចបំផុតដោយសារបងប្អូនអាជីវករនៅផ្សារទាំងនេះ មានការយល់ដឹងច្រើនអំពីបញ្ហាទំនិញខូចគុណភាព និងទំនិញហួសការបរិច្ឆេត ក្រោយមន្ទីរជំនាញបានអប់រំ ពួកគាត់ជាច្រើនដងរួចមក។
ពលរដ្ឋមានការត្រេកអរយ៉ាងខ្លាំង និងសប្បាយចិត្ត ចំពោះមន្រ្តីកាំកុងត្រួលសាខាខេត្តក្រចេះ ដែលតែងតែចុះពិនិត្យមើលលើមុខទំនិញ និងម្ហូបអាហារ ដើម្បីកុំឲ្យប៉ះពាល់សុខភាពព្រោះថាសុខភាពសំខាន់ណាស់៕