(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧នេះ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញលោក ប៊ុន ធី បានសម្រេចេញដីកាបង្គាប់ឲ្យឃុំខ្លួនឈ្មោះ ឆាយ ស៊ិនហូ ហៅ ទូ អាយុ២៣ឆ្នាំ ដាក់ពន្ធនាគារព្រៃសរ ដែលការសម្រេចនេះបានធ្វើឡើងបន្ទាប់ពីលោក ហោ លីណា ព្រះរាជអាជ្ញារង បានចោទប្រកាន់ជនសង្ស័យពីបទឃាតកម្ម គិតទុកជា ពោលជននេះបានសម្លាប់ជីដូនរបស់ខ្លួន។
សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យត្រូវបានចាប់ខ្លួនជាក់ស្ដែងករណីឃាតកម្មគិតទុជាមុន (យកឈើជ្រុងវាយក្បាលពីក្រោយបណ្ដាលឲ្យស្លាប់) នៅក្នុងមូលដ្ឋាន សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧។
លោក ខាត់ ខុនទិត្យ នាយនគរបាលប៉ុស្តិ៍សង្កាត៎បឹងកក់ទី២ បានបញ្ជាក់ថា នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោងប្រហែល២០៖០០នាទី កម្លាំងរបស់លោក បានឃាត់ខ្លួនជនសង្ស័យម្នាក់ ជាក់ស្ដែងពីបទ «ឃាតកម្មគិតទុកជាមុន» យកឈើជ្រុងវាយក្បាលយាយពីក្រោយបណ្ដាលឲ្យស្លាប់ ប្រព្រឹត្តនៅចំណុចក្នុងផ្ទះលេខ២៤ ផ្លូវ៥៨២ ហ្សេត ក្រុមទី៥៩ ភូមិ១៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជនដៃដល់មានឈ្មោះ ឆាយ ស៊ិនហូ ហៅ ទូ អាយុ២៣ឆ្នាំ មុខរបរពុំពិតប្រាកដស្នាក់នៅផ្ទះលេខ២៤ ផ្លូវ៥៨២ ហ្សេត ក្រុមទី៥៩ ភូមិ១៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ចំណែកជនរងគ្រោះឈ្មោះ ក្រួច សុខា អាយុ៧៥ឆ្នាំ មុខរបរដើររើសអេតចាយ៕