(ភ្នំពេញ)៖ ធនាគារពិភពលោកបានចេញសេចក្តីប្រកាសព័ត៌មានថា កម្ពុជានៅតែអាចរក្សាកំណត់ត្រាដ៏រឹងមាំរបស់ខ្លួនលើគន្លងនៃកំណើនសេដ្ឋកិច្ច និងជួយកាត់បន្ថយភាពក្រីក្រដល់ប្រជាពលរដ្ឋយ៉ាងច្រើន នេះបើយោងតាមរបាយការណ៍អំពីសេដ្ឋកិច្ចកម្ពុជារបស់ធនាគារពិភពលោកនេះ ដែលត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ នាសណ្ឋាគារឡឺរ៉ូយ៉ាល់។
ធនាគារពិភពលោក (World Bank) បានលើកឡើងថា ដោយសារប្រទេសកម្ពុជាបានរំកិនខ្លួនឡើងជាប្រទេសមួយដែលមានចំណូលមធ្យមកម្រិតទាប កម្ពុជានឹងជួបនូវការធ្លាក់ចុះនៃការអនុគ្រោះផ្នែកជំនាញ និងការហិរញ្ញប្បទានពីម្ចាស់ជំនួយ។ តម្លៃទាបនៃផលិតផកសិកម្ម ជាមួយនឹងការកើនឡើងនៃប្រាក់ខែ វានឹងតម្រូវឲ្យមានការបង្កើនផលិតភាពផលិត និងតម្លៃបន្ថែមដើម្បីបន្ដការប្រកួតប្រជែង។
របាយការណ៍របស់ធនាគារពិភពលោក បានប្រកាសថា ក្នុងរយៈពេល២ទសវត្សរ៍នេះ កម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្របានយ៉ាងល្អប្រសើរដែលរួមមាន៖
* ប្រទេសកម្ពុជាមានកំណើនក្នុងអត្រាជាមធ្យម៧.៦% ពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០១៥ ដែលកំណើននេះបានធ្វើឲ្យកម្ពុជាស្ថិតក្នុងចំណោមប្រទេសដែលមានកំណើនលំដាប់ខ្ពស់ជាងគេបំផុតក្នុងលោក គឺមានចំណាត់ថ្នាក់ទី៦ ក្នុងពិភពលោកក្នុងន័យនៃកំណើនសេដ្ឋកិច្ច ដែលវាបានជួយបន្ថយអត្រាភាពក្រីក្រយ៉ាងធំ គឺពី៤៧.៨ភាគរយក្នុងឆ្នាំ២០០៧ ដល់១៣.៥%ក្នុងឆ្នាំ២០១៤។ កំណើននេះត្រូវបានជំរុញដោយការនាំចេញទំនិញ និងសេវាកម្ម (ទេសចរណ៍ និងសម្លៀកបំពាក់) ដែលមានអត្រាកើនឡើង១៩.៦ភាគរយក្នុង១ឆ្នាំ ក្នុងរយៈពេលដូចគ្នា។
* ការងារប្រមាណ៣,៦ លានកន្លែងនៅក្នុងវិស័យឧស្សាហកម្ម និងសេវាកម្មត្រូវបានបង្កើតឡើងក្នុងរយៈពេល២ទសវត្សរ៍កន្លងមក។
* កំណើនសេដ្ឋកិច្ចរបស់កម្ពុជា បានជួយពលរដ្ឋក្រីក្រជាច្រើន។ បើតាមការប៉ានស្មានជាផ្លូវការបានឲ្យដឹងថា ភាគរយនៃប្រជាជនកម្ពុជាដែលរស់នៅក្រោមបន្ទាត់ នៃភាពក្រីក្របានធ្លាក់ចុះពី៤៧.៨% ក្នុងឆ្នាំ២០០៧ ដល់១៣.៥%ក្នុងឆ្នាំ២០១៤។
* កម្ពុជាសម្រេចបាននូវវឌ្ឍនភាព គួរឲ្យកត់សម្គាល់ក្នុងការសម្រេចគោដៅអភិវឌ្ឍន៍សហស្សវត្សរ៍។ ចាប់តាំងពីឆ្នាំ១៩៩០ មកប្រទេសកម្ពុជា បានកាត់បន្ថយភាពក្រីក្រ និងមរណភាពមាតា បានជាងពាក់កណ្ដាល ហើយសម្រេចបាននូវការចូលរៀនថ្នាក់បឋមសិក្សា ស្ទើរតែដូចអត្រាជាសកល ហើយបានធ្វើឲ្យមានការរីកចំរើនគួរឲ្យកត់សម្គាល់ ក្នុងការប្រយុទ្ធប្រឆាំង នឹងមេរោគដអេដស៍ ជំងឺអេដស៍។
ធនាគារពិភពលោក បានឲ្យដឹងទៀតថា ក្នុងការក្សាកំណើនសេដ្ឋកិច្ចដ៏រឹងមាំនេះ ប្រទេសកម្ពុជាដែលជាប្រទេសមានចំណូលកម្រិតមធ្យម និងទាបក៏កំពុងប្រឈមនឹងបញ្ហាថ្មីៗជាច្រើនចំណុចដូចជា៖
* ក្នុងដំណើរឆ្ពោះទៅមុខ កម្ពុជាទំនងជាមិនអាចពឹងផ្អែកលើកត្តាដដែលៗ ក្នុងការជំរុញឲ្យមានការរីកចំរើនខ្លាំងក្លា និងកាត់បន្ថយភាពក្រីក្រ ក្នុងរយៈពេលពីរទស្សវត្សរ៍កន្លងមកនោះទេ។
* ឧបសគ្គក្នុងការបរិយាកាសធុរកិច្ច (ធ្វើអាជីវកម្ម) បង្កជាបញ្ហាប្រឈមមួយ ចំពោះថាមភាពរឹង និងកំណើនសេដ្ឋកិច្ច។
* លទ្ធផលនៃការរៀនសូត្រមិនល្អ និងកង្វះអាហារូបត្ថម្ភ នៅតែបន្ដគំរាមកំហែងដល់អនាគតនៃប្រជាជនកម្ពុជា។ អត្រាបញ្ចប់ការសិក្សានៅអនុវិទ្យាល័យ (៤៣ភាគរយ ក្នុងឆ្នាំ២០១៣) នៅមានកម្រិតទាបជាខ្លាំងធៀបនឹងមធ្យមភាគសម្រាប់
* កម្ពុជានៅតែជួបហានិភ័យ ដែលបង្កឡើងដោយការរិចរិលធនធានធម្មជាតិ អាចប៉ះពាល់ដល់និរន្ដភាពសេដ្ឋកិច្ច៕