(ភ្នំពេញ)៖ អង្គភាពប្រឆាំងអំពើពុករលួយ បានឃាត់ខ្លួនមន្ដ្រីរដ្ឋបាលព្រៃឈើផ្នែកឆ្លូង ខេត្តក្រចេះហើយ ពាក់ព័ន្ធនឹងបទល្មើសជំរិតទារប្រាក់ ពីអ្នកបើករថយន្ដតួរីសដឹកជន្លង់ម្រេច ដែលធ្វើឲ្យមានការចែកចាយតគ្នាពេញបណ្ដាញសង្គម Facebook នេះបើយោងតាមលោកទេសរដ្ឋមន្ដ្រី ឱម យ៉ិនទៀង បានប្រាប់ក្រុមអ្នកសារព័ត៌មាន នៅក្នុងគ្រូបតេលេឡាក្រាម នៅមុននេះបន្ដិច។
លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង បានបញ្ជាក់យ៉ាងដូច្នេះថា «ករណីខេត្តក្រចេះ អបព បានឃាត់ខ្លួនលោក ឃួន ជីវិន មន្ត្រីរដ្ឋបាល ព្រៃឈើផ្នែកឆ្លូង ខេត្តក្រចេះ ឆ្នាំកំណើត ១៩៧៤ នៅថ្ងៃទី១៦ ខែសីហា ម៉ោង១៧៖០០។ ព្រះរាជអាជ្ញាអនុញ្ញត្តឲ្យ អបព បន្តនីតិវិធីរបស់ខ្លួន អបព មានពេល៤៨ម៉ោង ពោលគឺរហូតដល់ម៉ោង១៧៖០០ ថ្ងៃសុក្រទី១៨ ខែសីហា ឆ្នាំ២០១៧ ដើម្បីកសាងបែបបទបញ្ជូន ទៅតុលាការ។ ប៉ុន្តែនៅម៉ោង១៤៖០០ថ្ងៃ នេះ អបព បានបញ្ចប់និតិវិធីហើយបាន បញ្ជូនជនសង្ស័យដល់ដៃ ព្រះរាជអាជ្ញាមុនពេលកំណត់»។
សូមបញ្ជាក់ថា ប្រធានមន្ទីរកសិកម្មខេត្តក្រចេះនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ បានចេញសេចក្ដីសំរេចផ្លាស់មន្ត្រីរដ្ឋបាលព្រៃឈើផ្នែកឆ្លូងម្នាក់ ឲ្យទៅបំរើការងារនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្តក្រចេះវិញ ដែលការសម្រេចដកនេះ ត្រូវបានគេអះអាងថាបន្ទាប់ពីឃ្លិបវីដេអូមួយត្រូវបានគេបង្ហោះនៅតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ស្ដីពីសកម្មភាពមន្ត្រីមេព្រៃខាងលើបើករថយន្តទៅជំរិតទារលុយពីប្រជាពលរដ្ឋរកសុីដឹកជន្លង់ម្រេចនាពេលថ្មីៗនេះ។
មន្ត្រីមេព្រៃដែលត្រូវបានប្រធានមន្ទីរសម្រេចផ្លាស់ចេញនេះ ត្រូវបានគេស្គាល់ឈ្មោះឃួន ជីវិន។ ក្នុងនោះយោងតាមព័ត៌មានបានអោយដឹងថា កាលពីប៉ុន្មានថ្ងៃមុននេះ បន្ទាប់ពីបានទៅបំរើការងារនៅផ្នែករដ្ឋបាលព្រៃឈើឆ្លូងថ្មីៗ លោកឃួន ជីវិន បានបានបើករថយន្តម៉ាកហាយឡេនឌ័រទៅស្ទាក់ចាប់រថយន្តតួរីសដឹកជន្លង់ម្រេចនៅចំណុចភូមិព្រិច ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ ដើម្បីជំរិតយកប្រាក់ក្នុងមួយរថយន្ត១០ដុល្លារ ដោយលោកសំអាងថាអ្នករកស៊ីដឹកជន្លង់ម្រេចទាំងអស់នោះ មិនប្រាប់លោកអោយដឹងមុនបើទោះបីជាអ្នករកសុីបានឆ្លើយថាខ្លួនមិនបានដឹងលោកមកកាន់ការងារថ្មី និងសុំបង់ត្រឹម១មុឺនរៀលដូចគេដូចឯងក៏លោកឃួន ជីវិនមិនព្រមនោះដែរ ដោយលើកហេតុផលថាមុនដំបូងត្រូវបង់១០ដុល្លារ ព្រោះលោកត្រូវការចំណាយច្រើន ចាំលើកក្រោយចាំបង់ដូចគេដូចឯង។
ការបែកធ្លាយឃ្លិបវីដេអូខាងលើដែលទំនងថតដោយអ្នកបើករថយន្តដឹកជន្លង់ម្រេចនេះ បានធ្វើអោយសាធារណជននាំគ្នារិះគន់យ៉ាងខ្លាំង ព្រោះឈ្មួញធំៗ និងឧកញ៉ាមួយចំនួនរកស៊ីដឹកឈើហូហែ កម្រឃើញមេព្រៃចាប់បានណាស់ បែរជាទៅចាប់ប្រជាពលរដ្ឋក្រីក្រ រកស៊ីដឹកឈើជន្លង់ម្រេចមួយថ្ងៃគ្រាន់រស់មួយថ្ងៃទារលុយទៅវិញ។
ខាងក្រោមនេះ ជាឃ្លិបវីដេអូបង្ហាញពីសកម្មភាពរបស់មន្ត្រីមេព្រៃឈ្មោះឃួន ជីវិន ជំរិតទារលុយពីរថយន្តដឹកជន្លង់ម្រេច៖