Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកនាំពាក្យ គ.ជ.ប៖ អ្នកគ្មានទីជម្រក ជនអនាថា រស់នៅតាមវត្តអារាមទាំងអស់ ដែលមិនទាន់បាត់បង់សិទ្ធិជាពលរដ្ឋខ្មែរ គឺមានសិទ្ធិបោះឆ្នោត

17-08-2017 14:48

(ភ្នំពេញ)៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ថាប្រជាពលរដ្ឋ ដែលរស់នៅគ្មានទីជម្រក ជនអនាថារស់តាមវត្តអារាមទាំងអស់ ដែលមានលិខិតបញ្ជាក់ពីអាជ្ញាធរ សមត្ថកិច្ចគឺពួកគាត់មិនទាន់បាត់បង់សិទ្ធិជាពលរដ្ឋខ្មែរ ដែលមានសិទ្ធិចូលរួមបោះឆ្នោតនោះទេ។

ការបញ្ជាក់របស់ លោក ហង្ស ពុទ្ធា យ៉ាងដូច្នេះក្នុងឱកាសលោកផ្តល់បទសម្ភាសន៍​ ជាមួយក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីលោកបានចូលរួម ជួបពិភាក្សាការងារជាមួយ លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍​ពិសេសរបស់ អង្គការសហប្រជាជាតិ UN នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧នេះ នៅទីស្នាក់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត រាជធានីភ្នំពេញ។

លោក ហង្ស ពុទ្ធា បានបន្តថា ចំពោះប្រជាពលរដ្ឋដែលការចំណាកស្រុក ក៏មិនបាត់បង់សិទ្ធិចុះឈ្មោះបោះឆ្នោតផងដែរ ហើយរយៈពេល នៃការបោះឆ្នោត នឹងចាប់ផ្តើម នៅថ្ងៃទី១ ខែកញ្ញា រហូតថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ដែលមានរយៈពេល៧០ថ្ងៃ ដូច្នេះពួកគាត់អាចអញ្ជីញ មកចុះឈ្មោះបោះឆ្នោត នៅក្នុងប្រទេសព្រោះច្បាប់មិនតម្រូវឲ្យ គ.ជ.ប រៀបចំការិយាល័យចុះឈ្មោះបោះឆ្នោត នៅតាមជាយដែន ឬនៅតាម ស្ថានទូតនោះទេ។ ក្នុងរយៈពេល៧០ថ្ងៃនេះ គ.ជ.ប ក៏អញ្ជើញពលករនៅក្រៅប្រទេស ឬសិស្ស និស្សិតដែលទៅសិក្សានៅ បរទេសត្រូវត្រឡប់មកវិញ ដើម្បីចុះឈ្មោះបោះឆ្នោត នេះជាច្បាប់ដែល គ.ជ.ប មិនសមត្ថកិច្ចសម្រេចអ្វី ឲ្យផ្ទុយពីច្បាប់បាននោះទេ។

អ្នកនាំពាក្យ​ គ.ជ.ប រូបនេះ បានបញ្ជាក់ថា ពាក់ព័ន្ធនឹងពិរុទ្ធជន គឺសំដៅទៅលើជនដែលតុលាការ មិនទាន់កាត់ទោសជាស្ថាពរនៅឡើយ នេះជាចំណុចមួយដែលមានចែងនៅក្នុងច្បាប់ ប្រសិនបើមាន​បុគ្គលណាមួយ ដែលស្ថិតនៅក្នុងស្ថានភាពជាប់ពន្ធនាគារ គឺមិនមានសិទ្ធិចុះឈ្មោះបោះឆ្នោតនោះទេ៕