(កំពង់ធំ)៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧នេះ អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសីលា សាងសង់អគាររដ្ឋបាល ឃុំពពក ស្រុកស្ទោង ដែលមានការចូលរួមពីលោក គង់ វិមាន អភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីរាជការ កងកម្លំាងប្រដាប់អាវុធ ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ប្រមាណជិត៦០០នាក់។
លោក កែវ នន មេឃុំពពក បានអានរបាយការណ៍សង្ខេប អំពីស្ថានភាពភូមិសាស្ត្រ ឃុំពពក និងការសាងសង់អគាររដ្ឋបាលសាលាឃុំ ដែលត្រូវបញ្ចុះបឋមសិលា នៅពេលនេះ មានទំហំ ១៦.៥០ម៉ែត្រ គុណ៩ម៉ែត្រ។
ជាមួយគ្នានោះ លោក សុខ លូ បានលើកឡើងថា រាជរដ្ឋាភិបាល ដែលបានដឹកនាំប្រទេសជាតិតំាងពីបាតដៃទទេរ រហូតដល់ប្រទេសជាតិ មានការរីកចម្រើនគ្រប់វិស័យ ហើយទទួលបានសុខសន្តិភាពមកដល់ថ្ងៃនេះ គឺឆ្លងកាត់ពលកម្មច្រើនណាស់ ដូច្នេះត្រូវតែប្តេជ្ញារួមគ្នា ថែរក្សាសន្តិភាពនេះឲ្យបានយូរអង្វែងតទៅទៀត សម្រាប់អនាគតកូនចៅ។
កន្លងមកនេះថវិកាឃុំ មិនត្រូវបានអនុញ្ញាតឲ្យសាងសង់សាលាឃុំទេ គឺសម្រាប់តែចំណាយទៅទៅលើការបម្រើសេវាសាធារណៈ ដូចជា សាងសង់សាលារៀន ផ្លូវថ្នល់ មន្ទីរពេទ្យ អណ្តូងទឹកជាដើម ប៉ុន្តែរាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំខេត្ត មិនទុកចោលរហូតនោះទេ គឺបានគិតគូរថា តើសាលាសង្កាត់គួរសាងសង់នៅពេលណា? ជាឱកាសដ៏ល្អក្នុងពេលមួយបច្ចុប្បន្ននេះ ដោយសេដ្ឋកិច្ចជាតិមានកំណើន ៧ភាគរយ ទើបធ្វើឲ្យកម្រិតថវិកាជាតិ សម្រាប់ការអភិវឌ្ឍខេត្ត ក្រុង ស្រុក ត្រូវបានកើនឡើង ជាបន្តបន្ទាប់ ហេតុដូចនេះ ទើបខេត្តមានលទ្ធសាងសង់សំណង់ទាំងនេះបាន។
បើតាមអភិបាលខេត្ត សម្រាប់ឃុំពពក រដ្ឋបាលខេត្ត បានរៀបចំសាងសង់អគាររដ្ឋបាលឃុំ និងជួយសាងសង់អគារប៉ុស្តិ៍រដ្ឋបាលឃុំមួយទៀត ដើម្បីបម្រើសេវាធារណៈនៅតាមឃុំ ឲ្យមានលក្ខណៈល្អប្រសើរ និងមានភាពងាយស្រួល ដល់បងប្អូនប្រជាពលរដ្ឋក្នុងការទទួលយកនូវសេវា ហើយឥឡូវនេះនៅតាមភូមិនីមួយៗ គឺមានការអភិវឌ្ឍន៍ផ្លូវលំខ្វាត់ខ្វែង ចំពោះស្រុកផ្សេងទៀត ដែលមិនទាន់មានសាលាឃុំ រដ្ឋបាលខេត្ត នឹងរៀបចំធ្វើជាបន្តបន្ទាប់។
ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានចែកអំណោយជានិមិត្តរូបដល់លោកគ្រូ អ្នកគ្រូ ចំនួន២១នាក់ ក្នុងម្នាក់ទទួលបាន សារ៉ុង១ និងថវិកា១០,០០០រៀល តាជី យាជី ចំនួន៥០នាក់ ក្នុងម្នាក់ទទួលបាន ក្រណាត់ស១ដុំ និងថវិកា៥,០០០រៀល ប្រជាពលរដ្ឋ៣០០នាក់ ក្នុងម្នាក់ទទួលបានសារ៉ុង១ និងសិស្សានុសិស្ស ១០០នាក់ក្នុងម្នាក់ទទួល សៀវភៅ ប៊ិច ខ្មៅដៃ៕