(ព្រះវិហារ)៖ គ្លីនិចព្យាបាលធ្មេញមួយកន្លែង នៅតាមទីជនបទ ត្រូវបានអាជ្ញាធរ និងសមត្ថកិច្ចក្នុងស្រុកជាំក្សាន ខេត្តព្រះវិហារ ចុះបិទអាជីវកម្ម បន្ទាប់ពីរកឃើញថា ពុំមានច្បាប់អនុញ្ញាតិ ពីមន្ទីរសុខាភិបាលខេត្ត ដែលការចុះបិទអាជីវកម្មធ្វើព្យាបាលធ្មេញនេះ ធ្វើឡើងនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ នៅភូមិរុងរឿង១ ឃុំទឹកក្រហម។
មន្ត្រីនគរបាលស្រុកជាំក្សាន្ត បានឲ្យដឹងថា ការចុះបិទកន្លែងសេវាពិនិត្យដក និងដាក់ធ្មេញអត់ច្បាប់នេះ ដឹកនាំដោយលោកស្រី ព្រំ វណ្ណា អភិបាលរងស្រុកជាំក្សាន្ត សហការជាមួយកម្លាំងនគរបាលអធិការស្រុក កម្លាំងកងរាជអាវុធហត្ថស្រុក និងប្រធានមណ្ឌលសុខភាព។ ជាលទ្ធផល បានឲ្យម្ចាស់ខាងលើធ្វើកិច្ចសន្យាបញ្ឈប់ អាជីវកម្មព្យាបាលដក និងដាក់ធ្មេញឈ្មោះ ទីម៉ាដា ចាប់ពីថ្ងៃនេះតទៅ។
មន្ដ្រីដដែលបញ្ជាក់ថា ម្ចាស់ទីតាំងបានធ្វើកិច្ចសន្យាជាលាយលក្ខអក្សរនៅចំពោះមុខក្រុមការងារថា «បើធ្វើអ្វីខុសច្បាប់ទៀត និងទទួលខុសត្រូវ ហើយចាប់ពីពេលនេះតទៅខ្ញុំបាទ និងធ្វើការបិទ និងមិនបន្តការធ្វើការដកធ្មេញ ព្យាបាលធ្មេញចាប់ពីពេលនេះតទៅ ប្រសិនបើខ្ញុំបាទបើកដំណើរការបន្ត ខ្ញុំនឹងទទួលខុសត្រូវចំពោះមុខច្បាប់»។
គួរកត់សម្គាល់ថា បច្ចុប្បន្ននេះសេវាពិនិត្យសុខភាព និងព្យាបាលជំងឺមានការរីកដុះដាល តាំងពីទីប្រជុំជន រហូតដល់ជនបទដាច់ស្រយ៉ាល ដែលការរីកដុះដាលនេះ បានធ្វើឲ្យប្រជាពលរដ្ឋមានភាពងាយស្រួល ព្រោះមិនចំណាយពេលវេលាក្នុងការធ្វើដំណើរ ទៅព្យាបាលនៅទីប្រជុំជនទៀតទេ តែករណីខ្លះក៏បណ្តាលឲ្យប្រជាពលរដ្ឋ មានការលំបាក និងជួបគ្រោះថ្នាក់ដែរ ព្រោះដោយសារម្ចាស់គ្លីនិចមួយចំនួន មិនទាន់មានជំនាញច្បាស់លាស់ ហើយម្យ៉ាងការអាជីវកម្មរបស់ខ្លួន មិនមានច្បាប់អនុញ្ញាតិទទួលស្គាល់ ដោយមន្ទីរជំនាញទេ។
ករណីនេះ សូមឲ្យអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវធ្វើការត្រួតពិនិត្យនៅតាមមូលដ្ឋានរបស់ខ្លួន ដើម្បីការពារកុំឲ្យប្រជាពលរដ្ឋរងគ្រោះថ្នាក់ និងខាតបង់ថវិកា៕