(ភ្នំពេញ)៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា បច្ចុប្បន្ននេះ អតីតយុទ្ធជនមានចំនួន៨៦,៩៣២នាក់ និងអ្នកនៅក្នុងបន្ទុកចំនួន១៣៥,០៥៨នាក់ កំពុងទទួលរបបគោលនយោបាយពីរាជរដ្ឋាភិបាលកម្ពុជា។
រដ្ឋមន្រ្តី វង សូត បានបន្តថា ប្រាក់របបគោលនយោបាយនេះ ត្រូវបានកែសម្រូលជាបន្តបន្ទាប់ ស្របតាមការដំឡើងប្រាក់បៀវត្សមន្រ្តី រាជការ និងកងកម្លាំងប្រដាប់អាវុធ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ក៏មិនទាន់បានឆ្លើយតប ទៅតាមកម្រិតជីវភាពរបស់នៅប្រចាំថ្ងៃ និងតម្រូវការជាក់ស្តែងរបស់អតីតយុទ្ធជន និងគ្រួសារនៅឡើយទេ។
លោក វង សូត បានលើកឡើងបែបនេះ ខណៈលោកអញ្ជើញជាអធិបតីភាពនៅក្នុងសិក្ខាសាលា «ផ្សព្វផ្សាយសៀវភៅ ណែនាំស្តីពីនីតិវិធីប្រមូលទិន្នន័យ ពីស្ថានភាពជីវភាព និងតម្រូវការរបស់អតីតយុទ្ធជន និងគ្រួសារ» រៀបចំធ្វើនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧នេះ នៅទីស្តីការក្រសួង។
ថ្លែងនៅក្នុងសិក្ខាសាលានោះ រដ្ឋមន្រ្តី វង សូត បានបន្ថែមទៀតថា សៀវភៅណែនាំស្តីពីនីតិវិធីប្រមូលទិន្នន័យពីស្ថានភាពជីវភាព និងតម្រូវការរបស់អតីតយុទ្ធជន និងគ្រួសារ និងដើរតួនាទីសំខាន់ ក្នុងការជួយបង្ហាញផ្លូវដល់អ្នកអនុវត្តការងារស្រាវជ្រាវ ពីស្ថានភាពជីវភាព និងតម្រូវការរបស់អតីតយុទ្ធជន និងគ្រួសារ ឲ្យបានត្រឹមត្រូវ ប្របកដោយប្រសិទ្ធភាព និងទទួលបានទិន្នន័យជាក់លាក់ សម្រាប់ឆ្លើយតប និងការអភិវឌ្ឍអតីតយុទ្ធជន និងគ្រួសារ ឲ្យបានចំគោលដៅជាអាទិភាព។
ការងារស្រាវជ្រាវពីស្ថានភាពជីវភាព និងតម្រូវការរបស់អតីតយុទ្ធជន និងគ្រួសារ គឺអនុវត្តឡើងដោយមានកិច្ចសហការគ្នា រវាងក្រសួងសង្គមកិច្ច និងសមាគមអតីតយុទ្ធជនកម្ពុជា ដោយប្រើប្រាស់យន្តការដែលមានស្រាប់ គឺគណៈកម្មការអភិវឌ្ឍន៍សហគមន៍អតីតយុទ្ធជន ឃុំ សង្កាត់ តាមរាជធានី ខេត្ត។ ជាក់ស្តែង បច្ចុប្បន្ននេះ ក្រសួងបានចេញសេចក្តីសម្រេចបង្កើតគណៈកម្មការអភិវឌ្ឍន៍សហគមន៍អតីតយុទ្ធជន ឃុំ សង្កាត់ បានចំនួន៦៦ ឃុំ សង្កាត់ នៃរាជធានីខេត្តទាំង២៥។
រដ្ឋមន្រ្តី វង សូត បានឲ្យដឹងថា រាជរដ្ឋាភិបាល បានផ្តោតលើការយកចិត្តទុកដាក់ យ៉ាងខ្លាំងដល់អតីតយុទ្ធជន ពិសេសការអនុវត្តគោលនយោបាយជាតិ ចំពោះអតីតយុទ្ធជន ដែលបានសម្តែងការគោរពដឹងគុណចំពោះ គុណូបការៈ របស់បងប្អូន ចំពោះជាតិមាតុភូមិ និងប្រជាពលរដ្ឋ។
លោកបន្តថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងជំរុញការអនុវត្ត យ៉ាងសកម្មនូវគោលនយោបាយជាតិ គាំពារ សង្គម ឆ្នាំ២០១៦-២០២៥ ដើម្បីជំរុញ និងធានាឲ្យបាននូវសុខសន្តិភាព ប្រាក់ចំណូល និងកាត់បន្ថយភាព ងាយរងគ្រោះផ្នែកសេដ្ឋកិច្ច ហិរញ្ញាវត្ថុរបស់ប្រជាពលរដ្ឋ សំដៅលើការលើកកម្ពស់ សុខុមាលភាព និងសាមគ្គីភាព សង្គម ព្រមទាំងកាត់បន្ថយភាពក្រីក្រជាអតិបរមា។
បច្ចុប្បន្ននេះ ក្រសួងសង្គមកិច្ច មានទិន្នន័យសម្រាប់តែគោលដៅរបបសន្តិសុខសង្គម ដែលផ្តល់នូវ តាវកាលិកផ្សេងៗ ដល់អតីតយុទ្ធជន និងគ្រួសារតែប៉ុណ្ណោះ ហើយក៏មិនទាន់មានទិន្នន័យ ពាក់ព័ន្ធ និងស្ថានភាពជីវភាព និងតម្រូវការរបស់អតីតយុទ្ធជន និងគ្រួសារ ដែលជាធាតុចូលរួមយ៉ាងសកម្ម ក្នុងការឆ្លើយតប និងរៀបចំគម្រោងអភិវឌ្ឍន៍នានា ដើម្បីលើកកម្ពស់ស្ថានភាពជីវភាពរបស់អតីតយុទ្ធជន និងគ្រួសារ ឲ្យមានជីវភាពកាន់តែប្រសើរ ស្របតាមស្ថានភាពអភិវឌ្ឍន៍នៃសេដ្ឋកិច្ចជាតិ៕