(ភ្នំពេញ)៖ ក្រុមការងារចម្រុះរបស់គណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ ក្រោមការដឹកនាំដោយ លោក ចេង មុនីរ៉ា អភិបាលខណ្ឌ និងស្ថិតក្រោមការសម្របសម្រួលពី លោក ឡុង ជាប ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានបើកប្រតិបត្តិការចុះឆែកឆេរទីតាំងបញ្ចាំរថយន្ដ-ម៉ូតូ ក្នុងមូលដ្ឋានខណ្ឌ រកឃើញម៉ូតូ៩គ្រឿងគ្មានឯកសារត្រឹមត្រូវ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧។
ប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចនៃគណៈបញ្ជាការឯកភាពខណ្ឌ បានចុះត្រួតពិនិត្យទីតាំង ទទួលបញ្ចាំម៉ូតូស្ថិតនៅផ្ទះលេខ១១០ ផ្លូវ៣៦៩ ភូមិដើមចាន់១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ដែលមានម្ចាស់ទីតាំងឈ្មោះ ឡាយ សារុន ភេទស្រី អាយុ៤៣ឆ្នាំ សមត្ថកិច្ចយើងត្រួតពិនិត្យឃើញម៉ូតូសរុប៦គ្រឿង ម៉ូតូគ្មានឯកសារគ្រប់គ្រាន់៣គ្រឿង បានដកហូតមករក្សាទុកបណ្តោះអាសន្ន។ ដោយឡែកទីតាំងស្តុកម៉ូតូបញ្ចាំទុកមួយទៀត ជារបស់ឈ្មោះ ឡាយ សារុន ស្ថិតនៅផ្ទះលេខ៩៥ ផ្លូវ៦៤៤ ភូមិដើមអំពិល សង្កាត់ច្បារអំពៅ១ មានម៉ូតូចំនួនសរុបទាំងអស់៧៥គ្រឿង ម៉ូតូគ្មានឯកសារ ០៦គ្រឿង និងការដកហូតរក្សាទុកជាបណ្តោះអាសន្ន។
ជារួមម៉ូតូ៩គ្រឿង ដែលគ្មានឯកសារត្រឹមត្រូវតាមច្បាប់នោះ កម្លាំងសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅជាបណ្តោះអាសន្ន ដែលសមត្ថកិច្ចកំពុងអំពាវនាវរកម្ចាស់ ដូច្នេះហើយសម្រាប់អ្នកដែលធ្លាប់បានម៉ូតូ ដោយសារអំពើលួច កាច់ក និងប្លន់ សូមទៅពិនិត្យនៅអធិការដ្ឋាននគរបាលខណ្ឌ។
សូមជម្រាបថា ប្រតិបត្តិការចុះឆែកតាមឃ្លាំងទទួលបញ្ចាំរថយន្ដ-ម៉ូតូ ពេញមួយថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦នេះ នៅខណ្ឌសែនសុខ និងខណ្ឌទួលគោកឯណោះវិញ កម្លាំងសមត្ថកិច្ចរកឃើញរថយន្ដ និងម៉ូតូប្រមាណ១០០គ្រឿងគ្មានឯកសារត្រឹមត្រូវ ហើយក៏កំពុងអំពាវនាវរកម្ចាស់កម្មសិទ្ធិមកទទួលយកវិញ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់បាត់ម៉ូតូ និងរថយន្តនាពេលកន្លងមក ដោយសារអំពើប្លន់ លួច កាច់ក និងឆបោកជាដើម។
ប្រតិបត្តិការដ៏ក្ដៅគគុកនេះត្រូវបានធ្វើឡើង បន្ទាប់ពីបទបញ្ជារបស់អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ដែលបញ្ជាឲ្យអភិបាលខណ្ឌទាំង១២ក្នុងរាជធានីភ្នំពេញ ត្រូវចុះពិនិត្យទីតាំងបញ្ចាំទាំងអស់ក្នុងមូលដ្ឋានរបស់ខ្លួន ព្រោះក្រែងមានករណីទទួលផលចោរកម្មណាមួយកើតឡើង។
យ៉ាងណាមិញ លោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានបញ្ជាក់ថា ប្រតិបត្តិការនេះសមត្ថកិច្ចនៅតែម្ដងរហូត ដោយធ្វើឡើងដូចភ្លៀងរលឹម ដើម្បីចូលរួមក្នុងការកាត់បន្ថយបទល្មើសដែលធ្លាប់កើតមាននៅក្នុងរាជធានីភ្នំពេញ ឲ្យកាន់តែប្រសើរឡើងថែមទៀត៕