(ភ្នំពេញ)៖ បន្ទាប់ពីរបូត ៣ពិន្ទុថ្ងៃបើកឆាកក្រោយចាញ់ក្រុម U-22ហ្វីលីពីន ដោយលទ្ធផល ២-០ ក្រុមបាល់ទាត់ជម្រើសជាតិក្រោមអាយុ ២២ឆ្នាំកម្ពុជា នឹងត្រូវប្រឈមមុខជាមួយក្រុមកាន់តែខ្លាំង U-22វៀតណាម នាវេលាម៉ោង ៣រសៀលថ្ងៃទី១៧ ខែសីហានេះ សម្រាប់ប្រកួតទី២ ក្នុងពូលB នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី២៩ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។
បច្ចុប្បន្នក្រុម U-22វៀតណាម បាននឹងកំពុងឈរកំពូលតារាងបណ្ដោះអាសន្ន បន្ទាប់ពីពួកគេលត់ក្រុម U-22ទីម័រខាងកើត ដោយលទ្ធផល ៤-០ កាលពីថ្ងៃអង្គារកន្លងទៅ។ មិនតែប៉ុណ្ណោះ វៀតណាមក៏ជាក្ដីបារម្ភធំ សម្រាប់ក្រុមគោព្រៃកម្ពុជាផងដែរ។ ប៉ុន្ដែគ្រូបង្វឹកលោក Leonardo Vitorino បានជំរុញកូនក្រុមរបស់ខ្លួនឲ្យប្រយុទ្ធដល់ទីបញ្ចប់ និងមិនត្រូវភ័យខ្លាចឡើយ។
គ្រូកម្ពុជាលោក Leonardo បាននិយាយមុនទៅប្រកួតស៊ីហ្គេមថា ទោះបីវៀតណាម គឺជាក្រុមខ្លាំង ប៉ុន្ដែក្រុមខ្លាំងមិនប្រាកដធ្វើបានល្អ ពេលជួបក្រុមខ្សោយ ហើយក្រុមខ្សោយមិនប្រាកដរកមិនបាន ៣ពិន្ទុនោះទេ សំខាន់គឺអាស្រ័យលើការប្រុងប្រយ័ត្ន និងការព្យាយាមលេងឲ្យអស់ពីសមត្ថភាព ដើម្បីធ្វើឲ្យការប្រកួតមានទម្រង់ល្អ ឆ្ពោះទៅរកភាពជោគជ័យ។ យ៉ាងណាមិញលោកបានប្រាប់កូនក្រុមឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះវៀតណាមផងដែរ។
សម្រាប់ការប្រកួតពូលB ថ្ងៃនេះដែរ ក្រៅពីជំនួបកម្ពុជា-វៀតណាមខាងលើ ក៏មាន ២គូផ្សេងទៀត ត្រូវជួបតតាំងគ្នាលើទីលាននាទីក្រុងកូឡាឡាំពួរ នាវេលាម៉ោង ៧៖៤៥នាទីដូចគ្នាផងដែរ គឺក្រុម U-22ឥណ្ឌូនេស៊ី ត្រូវជួបក្រុមឈរលេខរៀងទី២ ហ្វីលីពីន និងក្រុមការពារមេដាយមាសថៃ ត្រូវជួបក្រុមបាត់តារាង U-22ទីម័រខាងកើត៕