(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយបានឲ្យដឹងថា ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧នេះ កម្ពុជាទទួលរងនូវសម្ពាធទាប ពីសមុទ្រចិនខាងត្បូង ដូច្នេះហើយនឹងមានភ្លៀងធ្លាក់ ខ្យល់កន្ដ្រាក់ និងរន្ទះ នៅតាមបណ្ដាខេត្តមួយចំនួន។
តាមសេចក្ដីជូនដំណឹង បានបញ្ជាក់ថា នៅតំបន់ទំនាបកណ្ដាល តំបន់ខ្ពង់រាប និងតំបន់មាត់សមុទ្រ ផ្ទៃមេឃមានសភាពអាប់អួ មានពពកច្រើនដេរដាស ដែលអាចនឹងមានភ្លៀងធ្លាក់ពីមធ្យមទៅខ្លាំង លាយឡំជាមួយផ្គរ រន្ទះ និងទឹករលកសមុទ្រមានកម្ពស់ខ្ពស់ៗ។
ក្រសួងបានអំពាវនាវឲ្យ ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋត្រូវមានប្រុងប្រយ័ត្ន ចំពោះជំនន់ទឹកភ្លៀង ដែលអាចកើតមានឡើងច្រើន ជាពិសេសបងប្អូនប្រជានេសាទសមុទ្រ និងអ្នកធ្វើដំណើរតាមសមុទ្រ៕
សូមអានសេចក្ដីជូនដំណឹង ដែលមានខ្លឹមសារទាំងស្រុងនៅខាងក្រោមនេះ៖