Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បក្ខពួក​ម្នាក់ទៀត របស់មេក្លោងជួញដូរថ្នាំ​ញៀនដ៏ធំជាង៥០គីឡូក្រាម ដែលសមត្ថកិច្ចបង្ក្រាបនៅ​ភ្នំពេញ ​និង​ខេត្ត​រតនគីរី ត្រូវបានចាប់ខ្លួនតាមដីកាបង្គាប់របស់តុលាការ

16-08-2017 21:36

(ស្ទឹងត្រែង)៖ បក្ខពួកម្នាក់ទៀត របស់មេក្លោងជួញដូរគ្រឿងញៀន ដែលត្រូវសមត្ថកិច្ចបង្ក្រាបបានជាមួយថ្នាំញៀនជាង៥០គីឡូក្រាម នៅរាជធានីភ្នំពេញ និងខេត្តរតនគិរី កាលពីថ្ងៃទ១៨ ខែឧសភា ឆ្នាំ២០១៧កន្លងទៅ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន តាមដីកាបង្គាប់ឲ្យនាំខ្លួន របស់សាលាដំបូងរាជធានីភ្នំពេញ។

ឧត្តមសេនីយ៍​ឯក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ បានបញ្ជាក់ប្រាប់អង្គភាព Fresh News នៅយប់ថ្ងៃទី១៦ ខែសីហានេះថា បក្ខពួកមេក្លោងជួញដូរគ្រឿងញៀនដ៏ធំនេះ មានឈ្មោះ ថង វ៉ាង មុខរបរបើកបររថយន្តឈ្នួល ត្រូវបានមន្ត្រីជំនាញមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ឃាត់ខ្លួនតាមដីកាបង្គាប់ របស់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ ពាក់ព័ន្ធការដឹកជញ្ជូនគ្រឿងញៀនពីខេត្តស្ទឹងត្រែង មកឲ្យមេក្លោងជួញដូរគ្រឿននៅភ្នំពេញ។

ជាមួយគ្នានេះ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧នេះ ជនសង្ស័យ ឈ្មោះ ថង វ៉ាង នេះ ត្រូវបានចៅក្រមស៉ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ធាម ច័ន្ទពិសិដ្ឋ ដីកាបង្គាប់ឲ្យឃុំខ្លួន ដាក់ពន្ធនាគារព្រៃសផងដែរ។

សូមជម្រាបថា គ្រឿងញៀនជាច្រើនប្រភេទដូចជាមេតំហ្វាតាមីន ហេរ៉ូអ៉ីន និងប្រភេទថ្នាំគ្រាប់ជាច្រើនម៉ឺនគ្រាប់សរុបជាង៥០គីឡូក្រាម ត្រូវបានកម្លាំងសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ ឆ្មក់ឆែកឆេររកឃើញ ក្នុងលំនៅឋានមួយកន្លែងស្ថិតទល់មុខ វត្តសំរោងអណ្តែត សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ បន្ទាប់ពីការឆែកឆេររកឃើញគ្រឿងញៀននេះហើយ កម្លាំងសមត្ថកិច្ចជំនាញក៏បានបើកការស៉ើបអង្កេតបន្តរហូតឈានដល់ ការឃាត់ខ្លួន ម្ចាស់សណ្ឋាគាររតនៈសម្បត្តិនៅក្នុងខេត្តរតនគិរី នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧ ដោយសង្ស័យជាមេខ្លោងជួញដូរគ្រឿងញៀន។

ជនជួញដូរគ្រឿងញៀនដែលត្រូវឃាត់ខ្លួនរួមមាន៖ មេក្លោងឈ្មោះ ស៊ី ឡាឡយ ហៅខាំឡយ អាយុ៤២ឆ្នាំ ជាម្ចាស់សណ្ឋាគារដ៏ធំមួយនៅខេត្តរតនគិរី និងបក្ខពួកឈ្មោះ លួន សុផា អាយុ៣០ឆ្នាំ។

កាលពីរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោកស្រី ថ្លាង ផាណែត ​បានចេញដីកាសម្រេចឃុំខ្លួន មេក្លោងជួញដូរគ្រឿងញៀន និងបក្ខពួក ដាក់ពន្ធនាគារព្រៃស ក្រោមការចោទប្រកាន់ពីបទ «រក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន»៕

</p