(ភ្នំពេញ)៖ កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ក្រោមការសម្របសម្រួលពីតំណាងអយ្យការ មានការចូលរូមពីនគរបាល និងអាជ្ញាធរមូលដ្ឋាន នៅល្ងាចថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧នេះ បានបើកប្រតិបត្តិការចុះបង្ក្រាប ជនជាតិចិនមួយក្រុមមានចំនួនរហូត២២៥នាក់ ក្នុងនោះប្រុស២០០នាក់ និងស្ត្រី២៥នាក់ ដែលពាក់ព័ន្ធបទល្មើសចាប់ជំរិតទារលុយ តាមប្រព័ន្ធ Internet នៅក្នុងខុនដូមួយកន្លែង សង្កាត់បឹងកក់២ ខណ្ឌទួលគោក។ នេះបើតាមការបញ្ជាក់របស់ លោកឧត្តមសេនីយ៍ឯក អ៊ី សុខឃី ប្រាប់អង្គភាពព័ត៌មាន Fresh News។
លោកឧត្តមសេនីយ៍ឯក អ៊ី សុខឃី បានបញ្ជាក់ទៀតថា គិតត្រឹមម៉ោង៧យប់ថ្ងៃទី១៦ ខែសីហានេះ ដោយសារជនសង្ស័យមានចំនួនច្រើនពេក ដូច្នេះកម្លាំងនគរបាលសម្រេចឃាត់ខ្លួន ពួកគេឲ្យនៅក្នុងទីតាំងខុនដូខាងលើនេះដដែល ក្រោមការយាមកាមយ៉ាងដិតដល់។
ទន្ទឹមនឹងការឃាត់ខ្លួនជនជាតិចិន ដែលមានស្រីមានប្រុសខាងលើនេះ កម្លាំងនគរបាលក៏បានរកឃើញ និងដកហូតសម្ភារៈជាច្រើនផងដែរ ដែលពួកគេទុកសម្រាប់ប្រើប្រាស់ ប្រព្រឹត្តបទល្មើសទាំងនេះ៕