(កណ្ដាល)៖ ថ្ងៃទី១៦ នៃយុទ្ធនាការរយៈពេល៣០ថ្ងៃ ដើម្បីរៃអង្គាសថវិកាចូលរួមសាងសង់ចេតិយជូន លោកបណ្ឌិត កែម ឡី ដែលបង្កើតឡើងដោយ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា មានបងប្អូនប្រជាពលរដ្ឋជាង១០០នាក់ ចូលរួមបរិច្ចាគនៅផ្សារព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
លោក ពេជ្រ ស្រស់ អះអាងប្រាប់អង្គភាព Fresh News នៅព្រឹកនេះថា «បើគណបក្សសង្រ្គោះជាតិមានកំណើត ម្លោះចេតិយលោកបណ្ឌិត កែម ឡី នឹងសាងសង់រួចរាល់ហើយ។ ក្នុងន័យនេះយើងអាចសម្គាល់បានថា បក្សសង្រ្គោះជាតិនេះ គឺពូកែនិយាយ និងពូកែយកមុខមាត់ ប៉ុន្តែមិនពូកែធ្វើ»។
លោកបន្ថែមថា បើយើងមើលទៅក្រោយបន្តិចវិញ គឺបក្សសង្រ្គោះជាតិនេះឯង ជាបក្សកាងសពលោកបណ្ឌិត កែម ឡី ហើយបានវាតទីយកប្រជាប្រិយភាព ចូលបក្សខ្លួនតែម្តង ប៉ុន្តែដល់ពេលសពលោកបណ្ឌិត កែម ឡី ត្រូវការចេតិយមួយ គឺមិនឃើញក្រុមបក្សសង្រ្គោះជាតិណាមួយ ចេញមុខអះអាងជួយនោះឡើយ ប៉ុន្តែបើសិនជាបក្សសង្រ្គោះជាតិ របស់គេត្រូវការអ្វីមួយនោះ គឺថាមេដឹកនាំបក្សមួយនេះ ចេញមុខប្រកូកប្រកាសរៃអង្គាសភ្លាម។
លោក ពេជ្រ ស្រស់ បានលើកជាឧទាហរណ៍ដូចជា ការបង្កើតទូរទស្សន៍សង្រ្គោះជាតិ ក្រុមមេដឹកនាំបក្សនេះចេញមុខរៃលុយ ពីប្រជាពលរដ្ឋបានលុយរាប់សែនដុល្លារ ហើយមកដល់ពេលនេះ ទូរទស្សន៍សង្រ្គោះជាតិមិនដឹងនៅទីណាទេ មួយទៀតក្រោយពេលច្បាប់គណបក្សនយោបាយថ្មី ចូលជាធរមានភ្លាម ក្រុមមេដឹកនាំបក្សសង្រ្គោះជាតិ ចេញមុខប្រកាសរៃលុយភ្លាមដែរ គឺរៃលុយដើម្បីធ្វើស្លាកបក្សថ្មី ពីព្រោះស្លាកចាស់មានជាប់រូបទណ្ឌិត ដូច្នេះយើងអាចសន្និដ្ឋានបានថា បក្សសង្រ្គោះជាតិ គិតតែពីប្រយោជន៍ក្រុមបក្សខ្លួន និងប្រយោជន៍ផ្ទាល់ខ្លួនឯងនោះទេ ដល់ប្រយោជន៍អ្នកដទៃ និងប្រយោជន៍រួម គឺក្រុមបក្សនេះស្ងាត់ឈឹង។
ប្រធានគណបក្សវ័យក្មេងរូបនេះ បញ្ជាក់ថា «ដោយមើលឃើញចេតនា របស់ក្រុមបក្សសង្រ្គោះជាតិយ៉ាងដូច្នេះហើយ ទើបខ្ញុំ ពេជ្រ ស្រស់ ផ្តួចផ្តើមគំនិត្យបង្កើតនូវយុទ្ធនាការ៣០ថ្ងៃ រៃអង្គាសថវិកា ដើម្បីចូលរួមសាងសង់ចេតិយលោកបណ្ឌិត កែម ឡី នេះឡើង»។
យុទ្ធនាការរៃអង្គាសថវិកានេះ គឺចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ ដោយចាប់ផ្តើមចេញពីខេត្តត្បូងឃ្មុំ និងបន្តតាមបណ្តាខេត្តនានា ដើម្បីឆ្ពោះមកកាន់រាជធានីភ្នំពេញ៕