ឈើប្រណិតប្រភេទធ្នងពេញមួយរថយន្ត បម្រុងលោតឆ័ត្រទៅប្រទេសវៀតណាម ត្រូវកម្លាំងសមត្ថកិច្ចចម្រុះបង្រ្កាប នៅស្រុកចិត្របុរី ខេត្តក្រចេះ
16-08-2017 18:41
(ក្រចេះ)៖ កម្លាំងសមត្ថកិច្ចចម្រុះ បានឃាត់រថយន្ដ Camry មួយគ្រឿងដឹកឈើប្រណិតប្រភេទធ្នង់ ដែលក្រុមឈ្មួញបម្រុងលោតឆត្រ័ យកទៅលក់នៅប្រទេសវៀតណាម តែត្រូវអស់ល័ក្ខជាប់អន្ទាក់សមត្ថកិច្ច នៅរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧នេះ នៅតាមដងផ្លូវមាត់ទន្លេ ស្ថិតក្នុងភូមិឬស្សីចារ ឃុំថ្មក្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។
មន្រ្តីយោធាខេត្ត បានថ្លែងប្រាប់ភ្នាក់ងារសារព័ត៌មាន Fresh News ប្រចាំខេត្តក្រចេះឲ្យដឹងថា កម្លាំងចម្រុះបានចុះ បង្រ្កាបរថយន្ដដឹកឈើខុសច្បាប់មួយគ្រឿងនេះរួមមាន៖ កម្លាំងយោធាខេត្ត, អាវុធហត្ថស្រុកចិត្របុរី, ផ្នែករដ្ឋបាលព្រៃឈើក្រចេះ និងសង្កាត់រដ្ឋបាលព្រៃឈើថ្មក្រែ។ ត្រូវឈ្មួញជ្រៀកជាសន្លឹកតូចៗ ដាក់ចូលក្នុងរថយន្ត ដើម្បីបន្លំភ្នែកសមត្ថកិច្ចជំនាញ។
មន្រ្តីយោធាដដែល បានបន្ដទៀតថា ខណៈរថយន្ដ Camry មួយគ្រឿងកំពុងដឹកឈើចេញពីចំណុច កោះខ្ញែ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ មប្រុងយកទៅលក់នៅប្រទេសវៀតណាម ដោយដឹកឆ្លងកាត់ ស្រុកស្នួល តែមិនទាន់ដល់គោលដៅ ត្រូវកម្លាំងចម្រុះបង្រ្កាបបានតែម្តង តែម្ចាស់រថយន្តបានបើកទ្វាររត់គេចបាត់ស្រមោល។
បច្ចុប្បន្នឈើប្រណិត និងរថយន្ត ត្រូវកម្លាំងចម្រុះយកមករក្សាទុកនៅស្ថានីយ៍បណ្ដុះកូនឈើខ្សា ដើម្បីធ្វើការវាស់វែងកសាងសំណុំរឿងដើម្បីចាត់ការ តាមនីតិវិធីរបស់រដ្ឋបាលព្រៃឈើ៕