(ភ្នំពេញ)៖ នៅក្នុងវេបសាយផ្លូវការរបស់ក្រុមហ៊ុន Samsung ទើបបង្ហោះចេញនូវវីដេអូ Teaser ថ្មីមួយ ដែលទំនងជាចង់បង្ហើបពីទូរស័ព្ទដៃស្មាតហ្វូនជំនាន់ថ្មីរបស់ត្រកូល Galaxy ស៊េរីទំនើប ដែលមិនទាន់បានដាក់បង្ហាញពីរូបរាងច្បាស់នៅឡើយទេ តែក៏នឹងមានគម្រោងនឹងដាក់បង្ហាញជាផ្លូវការ នាពេលឆាប់ៗនេះ គឺនៅថ្ងៃពុធ ទី២៣ ខែសីហា សប្តាហ៍ក្រោយនេះ។
នៅក្នុងវីដេអូ teaser ខ្លីដែលមានរយៈពេលត្រឹមតែ៣៧វិនាទីនេះ បានបង្ហាញអក្សរមានចលនា ដោយមានរូបប៊ិកហោះកាត់ចំពីលើអក្សរដូចជាបន្ទាត់គូសអក្សរចោល។ ក្នុងនោះក្រុមហ៊ុនសាមសុងបាន ជ្រើសរើសពាក្យ Act (មានសកម្មភាព) ជំនួសឲ្យពាក្យ Talk (និយាយ), ពាក្យ Leap (លោតផ្លោះ) ជំនួសឲ្យពាក្យ Step (បោះជំហាន), ពាក្យ Innovate (បង្កើតថ្មី) ជំនួសឲ្យពាក្យ Update (ភាពទាន់សម័យ), ពាក្យ Open (បើក) ជំនួសឲ្យពាក្យ Closed (បិទ), ពាក្យ Lead (ដឹកនាំ) ជំនួសឲ្យពាក្យ Follow (ធ្វើតាម), ពាក្យ Possible (អាចទៅរួច) ជំនួសឲ្យពាក្យ Impossible (មិនអាចទៅរួច) ។ល។
អ្នកលេងអ៊ីនធឺណែតភាគច្រើន បាននាំគ្នាទស្សន៍ទាយថា ជាទូរស័ព្ទដៃស្មាតហ្វូនស៊េរី Galaxy ថ្មីមួយទៀតដែលគ្រោងនឹង បង្ហាញរូបរាងនាសប្តាហ៍ក្រោយនេះ ជាមួយនឹងគំនិតរចនា ព្រមទាំងលក្ខណៈពិសេសឈានមុខគេ ជាមួយអេក្រង់ស្ទើរគ្មានគែមដែលមានភាពប្រហាក់ប្រហែលគ្នាទៅនឹងទូរស័ព្ទដៃស្មាតហ្វូន Galaxy S8 ដែរ តែលើសត្រង់សមត្ថភាពគ្មានគូប្រជែងរបស់ប៊ិក S Pen ។ ចុះចំណែកអ្នកវិញ អ្នកយល់យ៉ាងណាដែរ ចំពោះរូបរាងទូរស័ព្ទ ដែលកំពុងបង្ហាញនៅក្នុងវីដេអូនេះ?
ប្រសិនបើលោកអ្នកចង់ដឹងច្បាស់ សូមកុំភ្លេចរង់ចាំទស្សនាការផ្សាយផ្ទាល់ នូវការបង្ហាញរូបរាងរបស់ទូរស័ព្ទស៊េរីថ្មីនេះ នៅថ្ងៃពុធ ទី២៣ ខែសីហា សប្តាហ៌ក្រោយនេះ ពីម៉ោង 10 យប់ ម៉ោងនៅកម្ពុជា តាមរយៈ www.Samsung.com៕