(ស្ទឹងត្រែង)៖ បន្ទាប់ពីប្រទេសឡាវ ដកទ័ពចេញពីព្រំដែនក្នុងទឹកដីកម្ពុជា ក្រោមកិច្ចចរចារវាងនាយករដ្ឋមន្រ្តីប្រទេសទាំងពីរនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជំរុញឱ្យថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋខេត្តស្ទឹងត្រែងទាំងអស់ បន្តបង្កើនកិច្ចសហប្រតិបត្តិការ ឲ្យកាន់តែជិតស្និទ្ធជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋនៃប្រទេសឡាវ។
ការអំពាវនាវនេះ បានធ្វើឡើងនាគ្រាដែល សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយមន្រ្តីរាជការនៅក្នុងខេត្តស្ទឹងត្រែង នាល្ងាចថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ អំឡុងពេលដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជិះឧទ្ធម្ភាគចក្រ ទៅជួបសួរសុខទុក្ខកងទ័ព នៅយោធភូមិភាគទី១ ដែលមានទីបញ្ជាការដ្ឋាន នៅខេត្តស្ទឹងត្រែង។
សម្តេចតេជោ ហ៊ុន សែន បានពន្យល់ដល់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងពលរដ្ឋទាំងអស់ អំពីតម្លៃនៃសន្តិភាព ហើយសម្តេចបានអំពាវនាវ ដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមថែរក្សាការពារឲ្យខានតែបាន នូវសុខសន្តិភាព ស្ថិរភាពនយោបាយ ដែលយើងទាំងអស់គ្នាបានខិតខំរកបានដោយកម្រ ក្នុងរយៈពេលជាង៣៨ឆ្នាំកន្លងមក។
សម្តេចសង្កត់ធ្ងន់ថា កន្លងមកបើទោះបីជា មានបញ្ហាកើតឡើងបន្តិចបន្តួច នៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរកម្ពុជា ឡាវ ក៏ពិតមែន ប៉ុន្តែសម្តេច បានធ្វើការដោះស្រាយបញ្ចប់ជាមួយនឹងលោកនាយករដ្ឋមន្រ្តីឡាវ ថោងលួន ស៊ីសូលីត ដោយមិនទុកឲ្យមានការពង្រីកជម្លោះ ពោលគឺ យើងខិតខំដោះស្រាយ បញ្ចប់ជម្លោះ ដើម្បីឈានទៅបង្កើនកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍសម្រាប់ប្រទេសទាំងពីរ ពិសេសការសន្យារួមគ្នា ក្នុងការប្រែក្លាយតំបន់ព្រំដែន នៃប្រទេសទាំងពីរ ឲ្យក្លាយជាព្រំដែនសន្តិភាព ការផ្លាស់ប្តូរ ពាណិជ្ជកម្ម សេដ្ឋកិច្ច ទេសចរណ៍ វប្បធម៌ ការតភ្ជាប់ប្រព័ន្ធគមនាគមន៍ និងការតភ្ជាប់ រវាងប្រជាជននិងប្រជាជន ក៏ ដូចជាភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ៕