(ភ្នំពេញ)៖ តារាកំប្លែងមានឈ្មោះបោះសំឡេង ប្រចាំស្ថានីយទូរទស្សន៍ CTN នាយ ពែកមី ក្រៅពីការងារសិល្បៈកំពុងតែមមាញឹក តារារូបនេះបានចូលរួមជួយសង្គមជាច្រើន ដូចជាការស្វែងរកថវិកា ជួយដល់ជនក្រីក្រ និងកាយវិកាសប្បុរសធម៌ជាច្រើនទៀត។ ជាក់ស្ដែង ការងារជួយសង្គមទាំងនេះ លោកបានប្រើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន របស់លោកដើម្បីស្វែងរកសប្បុរសជន ក៏ដូចជាចែករំលែករឿងរ៉ាវ សប្បុរសធម៌នានា ប៉ុន្ដែជាអកុលស កាលពីប៉ុន្មានម៉ោងនេះ មានដំណឹងថា គណនីដ៏មានតម្លៃរបស់លោក ត្រូវបានចោរលួចហើយ។ ព័ត៌មានទាំងនេះ គឺទម្លាយតាមរយៈការ Live វីដេអូ របស់លោក ហេង ឡុង។
បើយោងតាមការ Live វីដេអូនេះ លោក ហេង ឡុង បាននិយាយថា «គណនីហ្វេសប៊ុករបស់ នាយ ពែកមី ត្រូវបានចោរលួចបាត់ទៅហើយ ពេលនេះនាយ ពែកមី កំពុងមានទុក្ខជាទម្ងន់។ គាត់នៅមិនសុខទេ ព្រោះពេលនេះគាត់កំពុងនៅថតកម្មវិធី «ពេញចិត្តឬអត់» ហើយគាត់និយាយទាំងកំប្លែងប្រាប់ខ្ញុំថា បើប្រពន្ធលែងចោល ក៏មិនស្មើនឹងហ្វេសប៊ុក ត្រូវបានចោរលួចនោះដែរ»។
លោក ហេង ឡុង បាននិយាយបន្ដថា «គាត់និយាយនេះ គឺក្នុងន័យប្រៀបធៀបទេ គឺបានន័យថា ហ្វេសប៊ុកនេះ គឺមានសារៈសំខាន់សម្រាប់គាត់ណាស់ សព្វថ្ងៃគាត់ ធ្វើសកម្មភាពមនុស្សធម៌ គាត់ជួយសង្គម គឺផ្អែកទៅលើ គណនីហ្វេសប៊ុករបស់គាត់ ហើយបានអាចផ្សព្វផ្សាយព័ត៌មាន ជូនសប្បុរសជនបាន។ ជាក់ស្ដែងដូចជា រឿងរបស់លោក អ៊ិត សេដ្ឋា គឺនាយពែកមី និងខ្ញុំអត់បាយអត់ទឹក ក្នុងការស្វែងរកសប្បុរសជន តាមរយៈហ្វេសប៊ុករបស់គាត់ជាដើម....»។
គួរបញ្ជាក់ថា ពេលនេះ នាយ ពែកមី កំពុងតែសោកស្ដាយ ទន់ដៃទន់ជើងយ៉ាងខ្លាំង ហើយលោក និងក្រុមបច្ចេកទេសមួយចំនួន កំពុងតែស្វែងរកវិធីសាស្រ្ដ ដើម្បីទាយយកគណនីហ្វេសប៊ុក របស់គាត់មកវិញផងដែរ។
សូមទស្សនាវីដេអូ ប្រមាណ៥ នាទី ដែលលោក ហេង ឡុង បានធ្វើការបញ្ជាក់ឲ្យមហាជនបានដឹង រឿងគណនីហ្វេសប៊ុកត្រូវបានគេលួច៖