(កំពង់ធំ)៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ បានជួបពិភាក្សាជួយបងប្អូន ដែលជាម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់ទូទាំងខេត្តកំពង់ធំ ដើម្បីជួយសម្រួល ក្នុងការស្នាក់នៅរបស់សិស្ស ដែលត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ខាងមុខនេះ ពោលមិនឲ្យតម្លើងលើសេវាស្នាក់នៅ និងការហូបចុកនោះឡើយ។
លោក សុខ លូ បានថ្លែងប្រាប់ទៅ សូមឲ្យម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់ទាំងអស់នៅក្នុងខេត្ត ក្នុងពេលសិស្សប្រឡងបាក់ឌុប នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ ខាងមុខនេះ សូមកុំតម្លើងថ្លៃលើសេវាស្នាក់នៅ ការហូបចុក ម្យ៉ាងវិញទៀត សូមឲ្យអាជ្ញាក្រុង-ស្រុក ជួយសម្រួលដល់ការស្នាក់នៅ សិស្សក្រីក្រដែលមកឆ្ងាយមិនមានលទ្ធភាព ជួលផ្ទះសំណាក់បានស្នាក់នៅ តាមទីវត្តអារ៉ាមនានា ដែលមានទីកន្លែងជិតមណ្ឌលប្រឡងហើយក្នុង នោះសម្រាប់ការផ្ញើរកង់ម៉ូតូ គឺជាការទទួលខុសត្រូវ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ធំ ដោយមិនមានការយកប្រាក់កម្រៃឡើយ។
លោក សុខ លូ បានបន្តថា អាជ្ញាធរក្រុងត្រូវខិតខំរៀបចំទីប្រជុំជន ក្នុងខេត្តឱ្យមានសណ្ដាប់ធ្នាប់ របៀបរៀបរយពិសេសត្រូវគិតគូរ ជាចម្បងដល់បញ្ហាអនាម័យ ការប្រមូលសំរាម ការគ្រប់គ្រងកាកសំណល់រឹង នៅក្នុងទីក្រុងត្រូវមានធុងដាក់សំរាម រថយន្តដឹកសំរាមឱ្យបានគ្រប់គ្រាន់ ត្រូវមានមធ្យោបាយសម្ភារសម្អាតទីក្រុងឲ្យបានគ្រប់គ្រាន់ និងត្រូវបំផុសចលនាប្រជាជន ចូលរួមក្នុងចលនាប្រឡងប្រណាំងទីក្រុងស្អាត ឲ្យបានផុលផុស។
អភិបាលខេត្តកំពង់ធំ បានបញ្ជក់ថា ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ទាំងអស់ ត្រូវខិតខំពង្រឹងគុណភាពសេវាកម្មទេសចរណ៍ និងបដិសណ្ឋារកិច្ច ទាំងផ្នែកស្នាក់នៅ ម្ហូបអាហារ ដឹកជញ្ជូន។ល។ ត្រូវសិក្សាក្នុងការរៀបចំអនាម័យសណ្ដាប់ធ្នាប់ នៅតាមមាត់ស្ទឹងឲ្យបានល្អ ដើម្បីបម្រើឲ្យការសម្រាក និងលំហែកាយរបស់ទេសចរ ត្រូវខិតខំពង្រឹងសកម្មភាពមណ្ឌលព័ត៌មានទេសចរណ៍ និងផ្នែកសន្តិសុខឲ្យបានល្អប្រសើរផងដែរ ក្រសួងទេចរណ៍ នឹងបញ្ជូនមន្រ្តីមកជួយធ្វើការបណ្ដុះបណ្ដាល ផ្នែកជំនាញវិជ្ជាជីវៈទេសចរណ៍ និងបដិសណ្ឋារកិច្ច ត្រូវរៀបចំអនាម័យ សណ្ដាប់ធ្នាប់សាធារណៈ ពង្រឹងគុណភាពសេវាកម្មទេសចរណ៍ និងបដិសណ្ឋារកិច្ច ដើម្បីឲ្យសក្តិសមជាទឹកដីបេតិកភណ្ឌពិភពលោក និងដើម្បីទាក់ទាញទេសចរជាតិ-អន្តរជាតិ ចូលមកទស្សនាគោលដៅទេសចរណ៍នានាក្នុងខេត្ត ពិសេសតំបន់ប្រាសាទសំបូរព្រៃគុក ឱ្យបានច្រើនកោះករបានមួយកម្រិតទៀត៕