(ភ្នំពេញ)៖ ជុំវិញករណីក្រសួងសេដ្ឋកិច្ច ស្នើឱ្យក្រសួងព័ត៌មាន ចាត់វិធានការចំពោះវិទ្យុអាស៊ីសេរី និង វិទ្យុ VOA ដែលធ្វើសកម្មភាពនៅកម្ពុជា ដោយគ្មានអាជ្ញាប័ណ្ណ និងមិនបានមកចុះបញ្ជីពន្ធដារតាមផ្លូវច្បាប់, នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧នេះលោក អ៊ុក គឹមសេង អ្នកនាំពាក្យក្រសួងព័ត៌មានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា ស្ថានីយ៍វិទ្យុណាមួយនៅកម្ពុជា ដែលជួលម៉ោងផ្សាយឲ្យវិទ្យុអាស៊ីសេរី និង VOA នោះ, គឺម្ចាស់ស្ថានីយ៍វិទ្យុនោះជាអ្នកទទួល ខុសត្រូវចំពោះការបង់ពន្ធ មិនមែនអ្នកជួលនោះទេ។
ទោះបីយ៉ាងណាអ្នកនំាពាក្យក្រសួងព័ត៌មានដដែលរូបនោះ បានអះអាងថា ស្ថានីយ៍វិទ្យុណាដែលជួលម៉ោងឲ្យវិទ្យុ RFA និងវិទ្យុ VOA ដោយមិនបានជូនដំណឹងដល់ ក្រសួងព័ត៌មាន ចាត់ទុកជាការខុសច្បាប់ ហើយចំពោះការបើកការិយាល័យអង្គភាពព័ត៌មានបរទេសនៅកម្ពុជា ត្រូវតែជូនដំណឹងដល់ក្រសួងព័ត៌មាន ចំពោះកិច្ច ដំណើរការរួមមាន ឈ្មោះប្រធានការិយាល័យ, ចំនួនបុគ្គលិក និងទីតាំងជាដើម។
លោក អ៊ុក គឹមសេង បានបញ្ជាក់ទៀតថា ចំពោះការបង់ពន្ធលើការជួលបើកការិយាល័យតំណាងអង្គភាពព័ត៌មាននៅកម្ពុជានោះ មិនមែនជាការទទួលខុសត្រូវរបស់ក្រសួងព័ត៌មាន ជាភារកិច្ចរបស់ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ។
បច្ចុប្បន្នក្រសួងព័ត៌មាន បាននឹងកំពុងឲ្យគ្រប់អង្គភាពព័ត៌មានរបស់បរទេសមានវត្តមាននៅកម្ពុជា ធ្វើបច្ចុប្បន្នភាពអំពីការរចនាសម្ព័ន្ធឡើងវិញ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោក អ៊ុក គឹម សេង។
សូមជំរាបថា ចំពោះករណីវិទ្យុអាស៊ីសេរី និងវិទ្យុ VOA ទាំងពីរនេះ, កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ នៅទីស្តីការក្រសួង លោក ខៀវ កាញារីទ្ធិ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានលើកឡើងថា យកពន្ធចំពោះតែម្ចាស់ស្ថានីយ៍ណាដែលជួលម៉ោងឲ្យតែប៉ុណ្ណោះ អ្នកជួលមិនទទួលខុសត្រូវលើពន្ធទេ ប៉ុន្តែចំពោះការបើកការិយាល័យ នៅកម្ពុជា ត្រូវតែបង់ពន្ធតាមច្បាប់។
លោក ខៀវ កាញារីទ្ធិ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះថា «គេមិនដែលយកពន្ធលើ Radio អញ្ចឹងទេ…យើងប្រើ Radio រាល់ដងយើងយកពន្ធលើការប្រើប្រាស់រលកសញ្ញា…រលកសញ្ញា បានន័យថា បើកាលណាអ្នកឯងយកប្រេកង់ ក្នុងស្រុកហ្នឹង អ្នកឯងត្រូវបង់ពន្ធហើយ…គេយកពន្ធតែស្ថានីយណា ដែលជួលម៉ោងឲ្យអាហ្នឹងគេយកពន្ធ…ហើយទី២ ប្រសិនបើគេមានការិយាល័យនៅទីនេះ អាហ្នឹងគេបង់ពន្ធយើង (ក្រសួងព័ត៌មាន) ប៉ុន្តែបើមានស្ថានីយ៍ណាមួយជួលម៉ោង អត់សុំច្បាប់គឺខុស ព្រោះនៅក្នុងកិច្ចសន្យាយើងបាននិយាយហើយហាមជួលម៉ោង តែបើជួលម៉ោងត្រូវសុំច្បាប់»។
សូមជំរាបថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ បានស្នើឱ្យក្រសួងព័ត៌មានចាត់វិធានការចំពោះការិយាល័យវិទ្យុអាស៊ីសេរី និងវិទ្យុ VOA ដែលបានធ្វើសកម្មភាពយកព័ត៌មាននៅកម្ពុជា ដោយគ្មានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មាន និងមិនបានមកចុះបញ្ជីពន្ធដារតាមច្បាប់ស្តីពីសារពើពន្ធ ដែលបានកំណត់។
តាមលិខិតរបស់ក្រសួងសេដ្ឋកិច្ច បានបញ្ជាក់ថា ស្របតាមយុទ្ធសាស្រ្ត កៀរគរចំណូល រយៈពេលមធ្យម ២០១៤-២០១៨ អគ្គនាយកពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានធ្វើការផ្សព្វផ្សាយជូនដំណឹងជាសាធារណៈស្តីពីកាតព្វកិច្ចចុះបញ្ជីពន្ធដារ និងកាតព្វកិច្ចសារពើពន្ធនានា ជារឿយៗដូចជាតាមរយៈសេចក្តីជូន ដំណឹងលេខ ៧៤៨៧ អពដ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៥ របស់អគ្គនាយកដ្ឋានពន្ធដារ និងការផ្សព្វផ្សាយតាមបណ្តាញព័ត៌មាននានា ក្នុងគោលបំណង ពង្រឹងការគ្រប់គ្រងការចុះបញ្ជីពន្ធដារ ឱ្យមានប្រសិទ្ធភាព តម្លាភាព និងមានទិន្នន័យឱ្យបានច្បាស់លាស់នៅក្នុងប្រព័ន្ធចុះបញ្ជីពន្ធដារថ្មី។
ក្រសួងសេដ្ឋកិច្ច បានបញ្ជាក់ទៀតថា អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យ ដែលបានទទួលពីក្រសួងព័ត៌មាន ជាមួយទិន្នន័យក្នុងប្រព័ន្ធចុះបញ្ជីរបស់អគ្គនាយកដ្ឋានពន្ធដារឃើញថា ស្ថានីយ៍វិទ្យុ និងស្ថានទូរទស្សន៍មួយចំនួន បានបំពេញកាតព្វកិច្ចចុះបញ្ជីពន្ធដារ ឬធ្វើបច្ចុប្បន្នភាពព័ត៌មានបានរួចរាល់។ ប៉ុន្តែការិយាល័យរបស់វិទ្យុអាស៊ីសេរី (RFA) មានអាសយដ្ឋាននៅអគារ Premier Office Center លេខ១៨៤ ជាន់ទី៤A ផ្លូវមុនីរ៉េត (២១៧) សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ និងការិយាល័យរបស់វិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) មានអាសយដ្ឋាន នៅអគារ លេខ៣២០ ជាន់ទី៤ ផ្លូវព្រះមុនីវង្ស កែងផ្លូវលេខ២៥២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បាននិងកំពុងធ្វើសកម្មភាពយកព័ត៌មាន និងផ្សព្វផ្សាយ តាមរយៈការជួលម៉ោង នៅស្ថានីយ៍វិទ្យុឯកជនក្នុងស្រុកមួយចំនួន ក្នុងការចាក់ផ្សាយបន្តដោយមិនបានបំពេញកាត្វកិច្ចចុះបញ្ជីពន្ធដារឡើយ បើទោះបីជាមាន ការអញ្ជើញ និងជូនដំណឹងពីអគ្គនាយកដ្ឋានពន្ធដាររួចរាល់ហើយក្តី។
ក្រសួងសេដ្ឋកិច្ច បានបញ្ជាក់ទៀតថា ដោយអនុលោកតាមមាត្រា១០១ នៃច្បាប់ស្តីពីសារពើរពន្ធ និងប្រកាសលេខ៤៩៦ ចុះថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៦ ស្តីពីការចុះបញ្ជីពន្ធដារ អ្នកជាប់ពន្ធទាំងអស់ រួមទាំងនីតិបុគ្គល និងរូបវ័ន្តបុគ្គល ត្រូវទៅចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធក្នុងកំឡុង ១៥ថ្ងៃ ក្រោយពីអ្នកជាប់ពន្ធនោះ ចាប់ធ្វើសកម្មភាព សេដ្ឋកិច្ចនៅកម្ពុជា ដោយត្រូវផ្តល់ព័ត៌មានភ្ជាប់ជាមួយអំពីការអនុញ្ញាតរបស់ក្រសួង ស្ថាប័នមានសមត្ថកិច្ច ដែលនៅក្នុងករណីនេះ មានជាអាទិ៍ អាជ្ញាបណ្ណរបស់ក្រសួងព័ត៌មាន ។
ក្រសួងសេដ្ឋកិច្ច បានបន្តទៀតថា ដោយសារកិច្ចប្រតិបត្តិការរបស់វិទ្យុអាស៊ីសេរី និងវិទ្យុ VOA នេះត្រូវស្ថិតនៅក្រោមសមត្ថកិច្ច នៃការចុះបញ្ជី ឬផ្តល់អាជ្ញាប័ណ្ណ និងការគ្រប់គ្រងត្រួតពិនិត្យរបស់ក្រសួងព័ត៌មាន ដូច្នេះសូមលោករដ្ឋមន្រ្តី ក្រសួងព័ត៌មានជំរុញវិទ្យុទាំងពីរនេះ ផ្តល់កិច្ចសហការ ឬបើពុំនោះសោត សូមក្រសួងព័ត៌មានចាត់វិធានការតឹងរឹងចាំបាច់ ស្របតាមបទប្បញត្តិច្បាប់ជាធរមានចំពោះវិទ្យុទាំងពីរនេះ៕