(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧នេះ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គហ្វឹកហាត់ ជំនាញអន្តរាគមន៍ ការពារកូដកម្ម និងកុប្បកម្មខុសច្បាប់ ដល់នគរបាលខេត្ត បានប្រគល់រថយន្តមួយគ្រឿងដល់ស្នងការនគរបាលខេត្ត និងថវិកាចំនួន២លានរៀល ដែលជាអំណោយរបស់ លោកឧកញ៉ា អ៊ុន យុទ្ធី ដោយមានការចូលរួមពីមន្ត្រីនគរបាលជុំវិញខេត្តកំពង់ស្ពឺ ដែលប្រព្រឹត្តឡើងនៅស្នងការនគរបាលខេត្តកំពងស្ពឺ។
នៅក្នុងឱកាសនោះលោក វ៉ី សំណាង បានវាយតម្លៃខ្ពស់ចំពោះស្នងការនគរបាលខេត្តដែលបានរៀបចំវគ្គហ្វឹកហាត់ជំនាញអន្តរាគមន៍ និងការពារកូដកម្ម កុប្បកម្មខុសច្បាប់នេះឡើងដើម្បីការពាររដ្ឋាភិបាលស្របច្បាប់ដែលកើតឡើងពីការបោះឆ្នោតដោយភាពយុត្តិធម៌ ត្រឹមត្រូវពីសំណាក់ប្រជាពលរដ្ឋទូទាំងប្រទេស។ ដើម្បីអនុវត្តច្បាប់កម្លាំងនគរបាល ឬសិក្ខាកាមទាំងអស់ត្រូវយកចិត្តទុកដាច់ខិតខំហ្វឹកហាត់ ឲ្យទទួលបានលទ្ធផលល្អប្រសើរដើម្បីយកជំនាញដែលយើង ត្រូវអនុវត្តទៅបម្រើការពារសុខសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ ។
លោក វ៉ី សំណាង បានបន្តថា បញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ នៅតែជាកត្តាសំខាន់សម្រាប់បង្ករបរិយាកាសអនុគ្រោះឲ្យវិស័យនានា ដ៏ទៃទៀតអាចអភិវឌ្ឍន៍ទៅបានជាពិសេសបង្ករបរិយាកាសជូនបងប្អូនប្រជាពលរដ្ឋរស់នៅ និងប្រកបអាជីវកម្មចិញ្ចឹមជីវិតបានល្អប្រសើរ តាមមូលដ្ឋាន។ ក្នុងនាមលោកជាប្រធានគណបញ្ជាការឯកភាពខេត្ត ក៏បានជំរុញដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ និងប៉ុស្ដិ៍នគរបាល រដ្ឋបាលឃុំសង្កាត់ និងកម្លាំងជំនាញនានា ត្រូវបេ្តជ្ញាលុបបំបាត់នូវរាល់សកម្មភាពល្មើសទាំងអស់ដែលកើតឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន។
លោកឧត្តមសេនីយ៍ត្រី សម សាមួន បានឲ្យដឹងថា វគ្គហ្វឹកហ្វឺននេះធ្វើឡើងរយះពេល៣១ ថ្ងៃដែលមានសិក្ខាកាមចូលរួម ១៣១នាក់ មកពីបណ្តាក្រុង-ស្រុក និងប៉ុស្តិរដ្ឋបាលនៅទូទាំងខេត្តផងដែរ។
ជាចុងក្រោយលោក វ៉ី សំណាង បានឧបត្ថម្ភនូវថវិកាចំនួន១១លានរៀល ទឹកសុទ្ធចំនួន៥០កេះ និងទឹកក្រូចចំនួន១២កេះ ជូនទៅដល់ ស្នងការនគរបាលខេត្ត សម្រាប់ពិធីបើកវគ្គហ្វឹកហាត់ ជំនាញអន្តរាគមន៍ និងការពារកូដកម្ម កុប្បកម្មនេះទទួលបានផ្លែផ្កាគួរជាទីមោទនៈផងដែរ៕