(តាកែវ)៖ បន្លែ៣ប្រភេទរួមមាន៖ ស្លឹកខ្ទឹម ម្ទេស និងស្លឹកកាឆាយ ដែលមន្រ្តីជំនាញកាំកុងត្រូល បានធ្វើការហាមឃាត់មិនឲ្យនាំចូលពី ប្រទេសវៀតណាម តាមច្រកទ្វារ អន្តរជាតិភ្នំឌិន ខេត្តតាកែវ មកកាន់ទីផ្សារប្រទេសកម្ពុជា ក្នុងរយៈពេលកន្លងមកនោះត្រូវបានអនុញ្ញាត ឲ្យនាំចូលជាធម្មតាវិញ ហើយបន្ទាប់ពីរថយន្តពិសោធន៍ ចល័តរបស់អគ្គនាយកដ្ឋានកាំកុងត្រូល បានធ្វើការត្រួតពិនិត្យធ្វើតេស្តនៅទី១៦ ខែ សីហា ឆ្នាំ២០១៧នេះ ដោយរកពុំឃើញមាននូវសំណល់ថ្នាំកសិកម្ម នៅលើបន្លែទាំងអស់នោះ។
លោក ប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រូលខេត្តតាកែវ បានថ្លែងថា បន្លែ ផ្លែឈើ៣០មុខរួម និងប្រេងឆា ដែលនាំចូលពីប្រទេសវៀតណាម តាមច្រកទ្វាភ្នំដិន ត្រូវបានក្រុមមន្រ្តីជំនាញរបស់រថយន្តពិសោធន៍ចល័ត របស់អគ្គនាយកដ្ឋានកាំកុងត្រូលកាំកុងត្រូល ត្រួតពិនិត្យរកពុំឃើញនូវសារ ធាតុគីមីហាមឃាត់ ឬសំណល់ថ្នាំកសិកម្មនៅលើបន្លែ ផ្លែឈើទាំងអស់នោះទេ។ រយៈពេលកន្លងមករថយន្តពិសោធន៍ចល័ត របស់អគ្គនាយកដ្ឋាន កាំកុងត្រូល បានចុះមកត្រួតពិនិត្យនូវទំនិញជាប្រភេទបន្លែ និងផ្លែឈើ ម្តងរួចមកហើយ ដោយក្នុងចំណោមមុខទំនិញ២៨មុខ គឺរកឃើញទំនិញ៣មុខ ជាប្រភេទបន្លែស្លឹកខ្ទឹម ម្ទេស និងស្លឹកកាឆាយ ហើយអ្វីដែលជាវិធានការណ៍កន្លងមកនោះ គឺមន្រ្តីកាំកុងត្រូលហាមឃាត់ពុំឲ្យមានការនាំចូលនូវ ប្រភេទបន្លែទាំង៣មុខ នេះឡើយព្រោះវា មានផ្ទុកនូវសារធាតុថ្នាំកសិកម្ម ដែលនឹងធ្វើឲ្យប៉ះពាល់សុខភាពរបស់ប្រជាពលរដ្ឋខ្មែរយើង។
លោក ប៉ោ លាងគង់ បានបន្តថា បើទោះបីជាយើងអនុញ្ញាតឲ្យបន្លែទាំង៣ប្រភេទខាងលើ នាំចូលមកវិញជាធម្មតា ក៏ប៉ុន្តែរថយន្តពិសោធន៍ចល័ត យើងនៅតែបន្តធ្វើការ ត្រួតពិនិត្យនូវទំនិញ ដែលនាំចូលតាមច្រកទ្វារអន្តរជាតិភ្នំឌិន នេះបន្តទៀតហើយយើងក៏ និងបន្តចុះទៅធ្វើតេស្តបន្លែ ផ្លែឈើ នៅតាមផ្សារមួយចំនួននៅក្នុងខេត្តតាកែវបន្តទៀត។
នេះជាលទ្ធផលដែលមន្រ្តីជំនាញកាំកុងត្រូល ក៏ដូចជាប្រជាពលរដ្ឋតែងតែចង់បាននូវទំនិញ ដែលមានគុណភាព ត្រឹមត្រូវមានអនាម័យ និងមានប្រភពច្បាស់លាស់៕